ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គំនិត​បញ្ញវ័ន្ដ ៖ កុំ​មើលងាយ​អ្នកតូចតាច​

168

​ភ្នំពេញ​៖​ខ្មែរ​យើង​មាន​ពាក្យ​តំណាល​មួយ​ថា​សូមកុំ​មើលងាយ​អ្នកទន់ខ្សោយ​ព្រោះ​មហាសេដ្ឋី​ក៏​គង់តែ​ខ្វះ​អម្បែង ។​វិស្វករ​ចេះ​​គូរ​ប្លង់​ផ្ទះ ឯ វេជ្ជបណ្ឌិត​ចេះ​វះកាត់ និង​ព្យាបាល​ជម្ងឺ​មែន​តែបើ​ឲ្យ​ទៅ​រត់​ម៉ូតូឌុប ឬ រត់​រ៉ឺម៉ក​សាកមើល​បើ​រក​ម៉ូយ​បាន ។​
សូម្បីតែ​ធម្មបាល​កុមារ​ដែលជា​អ្នកប្រាជ្ញ​ហើយ​បើ​បកស្រាយ​តាម​បាលី​នោះ​ធ​ម្មៈ​មានន័យថា​ធម្ម ចំពោះ​បាល​វិញ​មានន័យថា​អ្នក​​រក្សា ដូច្នេះ​ធម្មបាល​កុមារ​មានន័យថា​អ្នករក្សា​ធម៌ ។​ធម្មបាល​កុមារ​ចេះ​ស្ដាប់​ភាសាសត្វ​គឺ​ពិតជា​ខ្លាំង​មែន ។​ធម្មបាល​កុមារ និង​កបិល​មហាព្រហ្ម​ដែល​តំណាង​ឲ្យ​ព្រហ្ម​វិហារធម៌​ទាំង​៤​គឺ​មេត្តា ករុណា ឧបេក្ខា និង មុ​តិ​ត្តា និង​ដោយ​កបិល​មហាព្រហ្ម​សួរថា​តើ​សិរី​ទាំង​៣​ពេលព្រឹក​នៅ​កន្លែង ពេល​ថ្ងៃ​កន្លែង​ណា និង​ពេល​ល្ងាច​នៅ​កន្លែង​ណា ?

​ការ​ភ្នាល់​នេះ​បើ​នរណា​ចាញ់​នឹងត្រូវ​កាត់​ក្បាល ។ កបិល​មហាព្រហ្ម​ជា​អ្នក​ដាក់​បញ្ហា​រីឯ​ធម្មបាល​កុមារ​ជា​អ្នក​ត្រូវ​ផ្ដល់​ចម្លើយ ។​​ធម្មបាល​កុមារ​មិនដឹងថា​ចម្លើយ​នោះ​យ៉ាងម៉េច​ឡើយ​ក៏​អស់សង្ឃឹម​ហើយ​ទៅ​សម្រាក​នៅក្រោម​ដើមឈើ​មួយ ។​ពេលនោះ​ធម្មបាល​បាន​ស្ដាប់​សត្វ​ឥន្ទ្រី​យ៍​មួយគូ​ដែល​កំពុងតែ​ជជែក​គ្នា​នៅលើ​ដើមឈើ​ដែល​ធម្មបាល​កុមារ​សម្រាក ។​

​ឥន្ទ្រី​យ៍​ឈ្មោល​បាន​សួរ​ទៅ​ឥន្ទ្រី​យ៍​ថា​តើ​ថ្ងៃស្អែក​យើង​បាន​អ្វី​ស៊ី ? ឥន្ទ្រី​យ៍​ញី​បាន​ប្រាប់​ទៅ​អា​ឈ្មោល​ថា​បង​កុំ​បារម្ភ​ស្អែក​នេះ​​ចាំ​ស៊ី​ក្បាល​ធម្មបាល​កុមារ​ព្រោះ​ដឹង​តែ​ភ្នាល់​ចាញ់​កបិល​មហាព្រហ្ម​ហើយ ។​គេ​ភ្នាល់​គ្នា​រឿង​អ្វី​ហេតុអ្វី​ក៏​បង​មិនដឹង ។​កបិល​មហាព្រហ្ម​បាន​សួរ​ទៅ​ធម្មបាល​កុមា​រថា​តើ​សិរី​សួស្ដី​ពេលព្រឹក​នៅ​កន្លែង​ណា ពេល​ថ្ងៃ​នៅ​កន្លែង​ណា និង​ល្ងាច​នៅ​កន្លែង​ណា ?
ចុះ​ចម្លើយ​នោះ​យ៉ាងម៉េច​ទៅវិញ​(​ឥន្ទ្រី​យ៍​ឈ្មោល​សួរ​)​ឥន្ទ្រី​យ៍​ញី​តប​ថា​សេរី​សួស្ដី​ពេលព្រឹក​នៅលើ​មុខ ពេល​ថ្ងៃ​នៅលើ​ដើមទ្រូង​​និង ពេល​ល្ងាច​នៅលើ​ជើង ។​

​ធម្មបាល​កុមារ​ស្ដាប់​បាន​ហើយក៏​យក​ចម្លើយ​នេះ​ទៅ​ដោះសារ​ជាមួយ​កបិល​មហាព្រហ្ម​ទីបំផុត​កបិល​មហាព្រហ្ម​ជា​អ្នកចាញ់​ក៏​​សុខចិត្ត​កាត់​ក្បាល​ខ្លួនឯង​តែ​មុននឹង​កាត់​គាត់​បាន​ប្រាប់​ទៅ​កូនស្រី​ទាំង​៧​របស់គាត់​ថា​ក្បាល​នេះ​បើ​បោះ​ទៅ​លើដី​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​​កល្ប​នៅ​ទីនោះ​ហើយ​បើ​បោះ​ទៅក្នុង​សមុទ្រ ឬ​ទន្លេ នឹងធ្វើ​ឲ្យ​ទន្លេ និង សមុទ្រ​ត្រូវ​រីង​ហួត​ហេតុនេះ​ក្បាល​នេះ​ត្រូវតែ​យកទៅដាក់​នៅឯ​ភ្នំ​​នា​ស្ថាន​កៃល្លាស់ ។​

ភ្នាល់​គ្នា​រឿង​ចាញ់ ឈ្នះ​វា​ជា​រឿង​ធម្មតា​តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ធម្មបាល​កុមារ​ពិតជា​អ្នកប្រាជ្ញ​ដែល​ចេះដឹង​ខាង​ធម៌​អា​ថ៍​មែន​តែ​បែរជា​ដឹង​ចាញ់​សត្វ​ឥន្ទ្រី​យ៍​ដែល​ស៊ី​តែ​គម្រង់​សាកសព ។​អញ្ចឹង​បានជា​គេ​ថា​អ្នកចេះដឹង​ខ្ពង់ខ្ពស់​ពិតជា​មិនមែន​ចេះដឹង​រឿង​​រ៉ាវ​ទាំងអស់​នោះឡើយ ។ សូមកុំ​មើលងាយ​អ្នកតូចតាច​ជាង​ខ្លួន ។​ដំរី​ធ្លាប់ជួយ​ស្រមោច​ឲ្យ​រួច​ផុតពី​ទឹកជំនន់​តែ​ស្រមោច​ក៏​ធ្លាប់ជួយ​ដំរី​វិញ​​ឲ្យ​រួច​ផុតពី​ការបាញ់ប្រហារ​របស់​ព្រានព្រៃ​ដែរ ។​ធំ និង តូច​ពិតជា​ត្រូវការ​គ្នា​ទៅវិញទៅមក ៕​

អត្ថបទដែលជាប់ទាក់ទង