ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចែក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ជូន​សហគមន៍​កសិកម្ម ដើម្បី​រួមចំណែក​ព​ន្លឿ​ន​ការងារ​ដាំ​ដុះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ កាត់បន្ថយ​ពលកម្ម​មនុស្ស ចំណេញ​ពេល 

90

 

​កំពង់ឆ្នាំង ៖ នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​កសិក​ម្ម សហការ​ជាមួយ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ហៅ​កាត់​ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានរៀបចំ​ពិធី​ចែក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ (Eli Seeder) ចំនួន ១០​គ្រឿង​ជូន​ដល់​សហគមន៍​កសិកម្ម ដែលជា​អំណោយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។
​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ប៉ន សុ​ភី អភិបាលរង​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ភ្ញៀវ​ជាតិ អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

លោកជំទាវ​អភិបាលរង​ខេត្ត មាន​ចំណាប់អារម្មណ៍​ចំពោះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម នៅ​ទូទាំង​ខេត្ត និង​ជាពិសេស​ដំណាំ​ស្រូវ និង​គ្រោះធម្មជាតិ​ទឹកជំនន់​កន្លងមក​។
​ទទួលបាន​ការជួយឧបត្ថម្ភ​ជា​គ្រាប់ពូជ​ស្រូវ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយ​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង បងប្អូន​ប្រជាកសិករ​បាន យក​គ្រាប់​ពូជស្រូវ​ទៅ​ស្តារ​ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​សម្រេចបាន​ចំនួន​១ ៧៩២​ហិកតា ស្នើ​នឹង ១០០%​។
​តាមរយៈ​ជំនួយ​នេះ លោកជំទាវ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ចាប់អារម្មណ៍​អំពី​ជំនួយ​នាពេលនេះ ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​ស្តារឡើងវិញ​ផលិតកម្ម​ស្រូវ​ទាំង ១៩​ខេត្ត​ទូទាំងប្រទេស​ដែល​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ដើម្បី​ចូលរួម​លើកកម្ពស់​សន្តិ សុខ​ស្បៀង​ក្នុងខណៈដែល​ពិភពលោក ក៏ដូចជា​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺឆ្លង​កូ​វីដ​-១៩​។
​ឯកឧត្តម​ឯកអគ្គរាជទូត​ក៏បាន​រំលេច​ជូន​អង្គពិធី​ឲ្យ​បានឃើញ​អំពី​កម្មវិធី CAVAC ដែល​បាននិងកំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់ និង​ជា​ដៃគូ​ចាំបាច់​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​ចូលរួមចំណែក​ជំរុញ​ផលិតភាព​ផលិតកម្ម​ស្បៀង​តាមរយៈ​ការលើកកម្ពស់​គុណភាព​គ្រាប់ពូជ​ដំណាំ ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការកែលម្អ​ខ្សែ​ច្រវាក់​តម្លៃ ការផ្តល់​ធាតុ​ចូល​កសិកម្ម និង​ទីផ្សារ​កសិផល និង​ការកែលម្អ​ប្រព័ន្ធ​ស្រោចស្រព ក្នុង​គោល បំណង​បង្កើន​ផលិតភាព និង​ប្រាក់ចំណូល​របស់​គ្រួសារ​កសិករ​ខ្នាតតូច និង​ពាណិជ្ជកម្ម​ស្រូវ​-​អង្ករ ដំណាំ​ផ្សេងៗ និង​ពង្រឹង​ប្រព័ន្ធ​ទីផ្សារ ហើយ​ថ្ងៃនេះ​ជួយឧបត្ថម្ភ​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ផងដែរ​។
​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ជូន​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​នៅតែ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជា មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស និង​ជាពិសេស​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ​ក្នុងខណ​:​ដែល​កម្ពុជា ក៏​ដូច​ពិភពលោក​កំពុង​ប្រ​ឈប​បញ្ហា​កូ​វិដ​-១៩​។

​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ម្ចាស់​ស្រែ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិបូរណ៍ និង​ជាពិសេស​ម្ចាស់​ស្រែ​ដែលមាន​វត្តមាន​នាពេលនេះ និង​ជូនពរ​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។
​ភ្ជាប់​ទៅនឹង​ជំនួយ​ដ៏​ថ្លៃថ្លា​នេះ តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម តាមរយ​:​គម្រោង​កម្មវិធី ការស្រាវជ្រាវ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។
​ជាក់ស្តែង​ថ្ងៃនេះ ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ចំនួន ១០​គ្រឿង​បន្ថែមទៀត (២០​គ្រឿង​បាន​ចែកជូន​សហគមន៍​កសិក​ម្ម​នៅ​ខេត្តកំពង់ធំ​រួចហើយ​) ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​នាំយកមក​ចែកជូន​សហ​គម​ន៍​កសិកម្ម ដើម្បី​រួមចំណែក​ព​ន្លឿ​ន​ការងារ​ដាំ​ដុះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ កាត់បន្ថយ​ពលកម្ម​មនុស្ស ចំណេញ​ពេល និង​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។ ឆ្លៀត​យក​ឱកាស​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ជូន​ថា ដោយ​ស្វែងយល់​អំពី​តម្រូវ​ការចាំបាច់​ឧបករណ៍​ព្រោះ​គ្រាប់ស្រូវ ដើម្បី​ជំរុញ​ល្បឿន​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​ក្រោយពេល​ជំនន់​ទឹកភ្លៀង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជួយឧបត្ថម្ភ​ឧបករណ៍​ព្រោះ​គ្រាប់ស្រូវ​នេះ​ចំនួន ២៨០​គ្រឿង​ដើម្បី​យកទៅ​ចែកជូន​សហគមន៍​កសិក​ម្ម​សម្រាប់​បម្រើ​ឲ្យ​សកម្មភាព​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​៕

អត្ថបទដែលជាប់ទាក់ទង