ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធ​ បើក​វគ្គ​គ្រូ​បច្ចេកទេស និង ចៅក្រម​មុនពេល​ប្រកួត​

160

ភ្នំពេញ​៖​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​បើក​វគ្គ​បំប៉ន​គ្រូបង្វឹក ចៅក្រម​របស់ខ្លួន​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១៤ និង​១៥​មករា​​មុនពេល​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០២០​និង​ប្រកួត​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត​ថោង ខុន​លើក​ទី​៤​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤​ដល់​១៩​មករា​២០២១ ។​លោក​ទុយ ប៊ុន​ហឿន​អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង កីឡា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​នេះ ។​

លោក​ណ​យ ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា​វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣០​រូប​ដែលជា​គ្រូបង្វឹក​មកពី​បណ្ដា​រាជធានី ខេត្ត​ទាំង​៤​ដែល​បាន​ចូលរួម ។​រាជធានី​ខេត្ត​ដែល​បាន​ចូល​រួមមាន​ក្រសួងមហាផ្ទៃ ខេត្តតាកែវ ខេត្ត​​ក្រចេះ និង​ខេត្តកមពង់ឆ្នាំង ។​កីឡាករ កីឡាការិនី​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន​៦៤​នាក់​គឺ​ដូចគ្នា​នឹង​ឆ្នាំ​កន្លងទៅ​ដែរ ។​

លោក​អគ្គលេខាធិការ​បា​ន​បញ្ជាក់​ឲ្យ​ដឹងថា​តាមពិត​អ្វីៗ​ទាំង​គ្រូបង្វឹក ទាំង​មន្ត្រី​បច្ចេកទេស​សុទ្ធតែ​ចេះដឹង​អស់ហើយ​តែ​វគ្គ​នេះ​គឺ​ចង់​ឲ្យ​ពួកគាត់​ដឹង​ពី​ការប្រែប្រួល​ថ្មីៗ​លើ​បទបញ្ជា និង​បញ្ហា​ផ្សេងៗ​ទៀត​របស់​សហព័ន្ធ​អន្តរជាតិ ។​សូមបញ្ជាក់ថា​គ្រូឧទ្ទេស​មាន​លោក​អគ្គលេខាធិការ​ណ​យ ផា​ណា និង លោក​សោ សុ​ផេង ។​
​នេះ​ជាការ​ប្រកួត​ជ្រើសរើស​កីឡាករ កីឡាការិនី​ប្រចាំឆ្នាំ​២០២០​និង​ជ្រើសរើស​កីឡាករ​កីឡាការិនី​ឆ្នើម​សម្រាប់​ការប្រមូលផ្ដុំ​ក្នុង​​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០២១​ជាមួយនឹង​ការត្រៀម​លក្ខណៈ​សម្រាប់​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ ។​ការប្រកួត​នេះ​គឺ​​ប្រើប្រាស់​ថវិកា​សរ​បស់​ក្រសួង​អប់រំ​យុវជន និង កីឡា ។​

ការប្រកួត​នេះ​គឺ​មិនមាន​ការកម្រិត​អាយុ​ឡើយ​តែ​កីឡាករ​កីឡាការិនី​ត្រូវតែ​មកពី​បណ្ដា​ក្លិប​ឬ​សមាគម​ដែលជា​សមាជិក​របស់​ព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០២១​។​សូមបញ្ជាក់ថា​កាយសម្ព័ន្ធ​ចែកចេញជា​២​ប្រភេទ​គឺ​​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​(Aerobic) និង កាយសម្ព័ន្ធ​អាក​ទី​ស្ទីក (Artistic) ។​

ចំពោះ​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​មាន​៖​សម្រាប់​ប្រភេទ​កាយសម្ព័ន្ធ​អាក​ទី​ស្ទីក (Artistic)​វិញ្ញាសា​ប្រកួត​ជា​ក្រុម​៦​នាក់​បុរស ការប្រកួត​សរុប​ឧបករណ៍​ទាំ​៦(​ឧបករណ៍​កម្រាល សេះ​លោត សេះ​កង របា​ស្រប កង និង របា​ហ្នឹង ) ។​ឧបករណ៍​ជំនាញ​បុរស​សេះ​លោត​​ជំនាញ​សេះ​កង ជំនាញ​កម្រាល ជំនាញ​កង ជំនាញ​របា​ស្រប និង ជំនាញ​របា​ហ្នឹង ។​
ចំពោះ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​(Aerobic) វិញ​មាន​វិញ្ញាសា​ឯកត្តជន​បុរស វិញ្ញាសា​ឯកត្តជន​នារី វិញ្ញាសា​គូ​ចម្រុះ​(​បុរស នារី )​អា​អេ​រ៉ូ​​ប៊ិក​ទ្រី​យ៉ូ​(TRIO)​បុរស នារី និង​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ក្រុមចម្រុះ​៥​នាក់ ៕​

អត្ថបទដែលជាប់ទាក់ទង