ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Europol បានបិទគេហទំព័រទីផ្សារងងឹត DarkMarket ដ៏ធំមួយនៅប្រទេសអាល្លឺម៉ង់

48

Europol បានបញ្ជាក់នៅក្នុងការផ្សព្វផ្សាយកាលពីម្សិលមិញនេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Twitter ថាពួកគេបានបិទទីផ្សារងងឹតមួយ ដែលគេចាត់ទុកថាគឺជាទីផ្សារងងឹតដ៏ធំមួយនៅក្នុងពិភពលោក បន្ទាប់ពីអាជ្ញាធរអាល្លឺម៉ង់បានចាប់ខ្លួនជនជាតិអូស្ត្រាលីម្នាក់ ដែលគេជឿជាក់ថាជាអ្នកនៅពីក្រោយបណ្ដាញសង្គមងងឹតនេះ។ ទីផ្សារងងឹត DarkMarket នេះមានអ្នកប្រើប្រាស់ចំនួនប្រមាណ ៥០ម៉ឺននាក់ និងមានអ្នកលក់ចំនួន ២៤០០នាក់។

បើតាមការស្រាវជ្រាវរបស់ Europol គេហទំព័រនេះបានធ្វើការលក់ដូរប្រមាណ ៣២ម៉ឺនដង ដែលគិតជាទឹកប្រាក់មានចំនួនដល់ទៅ ១៧១លានដុល្លារសហរដ្ឋអាមេរិក ហើយវាគឺជាកន្លែងសម្រាប់លក់របស់ខុសច្បាប់មានដូចជា គ្រឿងញៀន ឬថ្នាំដែលមានសារធាតុគ្រឿងញៀន រូបិយប័ណ្ណក្លែងក្លាយ ព័ត៌មានរបស់ប័ណ្ណឥណទាន កម្មវិធីមេរោគ និងស៊ីមកាត (SIM cards) ដែលពុំមានអត្តសញ្ញាណច្បាស់លាស់។

អង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យាអាល្លឺម៉ង់ក៏បានបញ្ជាក់ផងដែរថា ការបិទទីផ្សារងងឹតដ៏ធំមួយនេះដែលមានប្រើកុំព្យូទ័រ Server ចំនួន២០ នោះអាចធ្វើទៅបានក៏ដោយសារតែមានការសហការជាមួយនឹងកងកម្លាំងមកពីប្រទេសជាច្រើនទៀតមានដូចជា អូស្ត្រាលី ដាណឺម៉ាក់ អ៊ុយក្រែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង