ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គយ​កម្ពុជា​និង​សមាគម​ធុរកិច្ច​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បន្ត​ពិនិត្យ​ដោះស្រាយ​នូវ​បញ្ហា និង​សំណូមពរ​មួយចំនួន​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​គយ និង​ការបំពេញ​បែបបទ​គយ​

85

 

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​គយ​កម្ពុជា (​អគរ​) និង​សមាគម​ធុរកិច្ច​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JBAC) បើក​កិច្ចសន្ទនា​លើក​ទី​៤ ក្នុង​គោលបំណង​បន្ត​ពិនិត្យ​ដោះស្រាយ​នូវ​បញ្ហា និង​សំណូមពរ​មួយចំនួន​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​គយ និង​ការបំពេញ​បែបបទ​គយ​។

​កិច្ចសន្ទនា​នេះ​នា ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ​២០២១​នៅ​បន្ទប់​ប្រជុំ​អគ្គនាយក​គយ​ដ្ឋា​ន​និង​រដ្ឋាករ​គយ​កម្ពុជា​ជាន់​ទី​១៨ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ អគរ និង​មានការ​ចូលរួម​ដោយ​តំណាង JBAC ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ស្ថាប័ន​ធុរកិច្ច​ជប៉ុន​នៅក្រៅ​ប្រទេស (JETRO) និង​មន្ត្រី​គយ​និង​រដ្ឋាករ​មួយចំនួន​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចសន្ទនា លោក KANDA Yogo ប្រធាន JBAC បាន​ថ្លែងអំណរគុណ​ដល់ អគរ ដែល​បានរៀបចំ​កិច្ចសន្ទនា​នេះ​ឡើង ដោយ​អនុវត្ត​វិធានការ​អនាម័យ និង​រក្សា​គម្លាត ស្របតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បានធ្វើការ​កត់សម្គាល់​ពី​វិធានការ​កែលម្អ​នានា​ដែល អគរ បានដាក់​ចេញ​។ ទន្ទឹមនេះ ឯកឧត្ដម​បណ្ឌិត គុណ ញឹម បាន​លើកឡើងថា​រដ្ឋបាល​គយ​កម្ពុជា ស្រដៀង​គ្នា​នឹង​រដ្ឋបាល​គយ​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ដែរ បាននិងកំពុង​អនុវត្ត​នូវ​តួនាទី​និង​ភារកិច្ច​គន្លឹះ​របស់ខ្លួន​ចំនួន ៣ រួមមាន (១)​ការងារ​ប្រមូល​ចំណូល​ពន្ធអាករ​គយ (២)​ការបង្ការ​និង​បង្ក្រាប​បទល្មើស​គយ និង (៣)​ការផ្តល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាម​ការអនុវត្ត​ល្អជា​អន្តរជាតិ និង​តាម​បទ​ប្បញ្ញត្តិ​ជាតិ​ជា​ធរមាន​។ អគរ តែង តែ​ខិតខំ​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​គ្នា​រវាង​ការអនុវត្ត​ច្បាប់ ជាមួយនឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម សំដៅ​ធ្វើយ៉ាងណា​ឱ្យ ធុរជន​អាច​ទទួលបាន​នូវ​ភាពងាយស្រួល​ក្នុង​ប្រតិបត្តិការ​ធុរកិច្ច​របស់ខ្លួន ទន្ទឹមគ្នា​ដែល​រដ្ឋបាល​គយ​អាច​គ្រប់គ្រង បាន​នូវ​អនុលោមភាព​របស់​ធុរជន​ផងដែរ​។​

​នាឱកាស​នេះ អង្គប្រជុំ​បានលើកឡើង​អំពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី​២​។ បច្ចុប្បន្ន ក្រសួង​ស្ថាប័ន​ដែល​បាន​ចូលរួម​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​រួមមាន ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​វិទ្យាស្ថាន​ជាតិ​ស្តង់ដារ​) និង​ក្រសួងសុខាភិបាល ។ ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពុំទាន់​បាន​ចូលរួម​អនុវត្ត​នៅឡើយ​។ ទន្ទឹមនេះ អង្គប្រជុំ​ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព​ថ្មីៗ​ពាក់ព័ន្ធ​វិធានការ​កំណែទម្រង់ និង​ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​សំខាន់ៗ​មួយចំនួន​ដែល អគរ បានដាក់​ចេញ ស្របតាម​កម្មវិធី​កំណែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ​រួមមាន ការសិក្សា​រយៈពេល​បញ្ចេ​ញ​ទំនិញ​ពី​គយ​, សេចក្តីណែនាំ​អនុវត្ត​វិធានការ​គ្រប់គ្រង​ការ​នាំចូល​រថយន្ត​ជាប់​សិទ្ធិផ្តាច់មុខ ជា​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​, ការកែសម្រួល​នីតិវិធី​គយ​,​ការកាត់បន្ថយ​តម្រូវការ​ឯកសារ​ភ្ជាប់​សម្រាប់​បំពេញបែបបទ​គយ​, ការលើកទឹកចិត្ត​បន្ថែមទៀត​ដល់​ក្រុមហ៊ុន​ដែលមាន​អនុលោមភាព​ខ្ពស់​, ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​កាត់បន្ថយ​ពន្ធគយ​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​សេរី FTA និង​ការផ្សព្វផ្សាយ​លិខិតបទដ្ឋាន នានា​ពាក់ព័ន្ធ​នឹង​ការងារ​គយ​លើ​គេហទំព័រ​, ការកែលម្អ​មុខងារ E-Payment ។ អគរ បាននិងកំពុង​ធ្វើការ​ជាមួយ​អ្នកជំនាញ​របស់ UNCTAD ក្រោម​គម្រោង​ជំនួយ​របស់ ARISE Plus ក្នុង​ការធ្វើ​វិសិដ្ឋ​កម្ម​ប្រព័ន្ធ​អាស៊ី​គូ​ដា ទៅ​ជំនាន់​ចុងក្រោយ ដើម្បី​អាច​ពង្រីក​មុខងារ​បន្ថែ​ម​ទៀត ក្នុងនោះ មានមុខ​ងារ​ដែល​អាច​ទទួលយក​ឯកសារ​ទ​ម្រ​ង់​អេឡិចត្រូនិក​បាន និង​ធ្វើការ​ជាមួយ អ្នកជំនាញការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​រៀបចំ​គម្រោង Business Process Reengineering ព្រមទាំង​សិក្សា​លទ្ធភាព​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តីពី​គយ​។​

​បន្ទាប់មក កិច្ចសន្ទនា​បាន​ពិនិត្យ​ពិភាក្សា​លើ​សំណូមពរ និង​បញ្ហា​ដែល​បានលើកឡើង​ដោយ JBAC ពាក់ព័ន្ធ​នឹង​ការអនុវត្ត​មុខងារ​ស្នើសុំ​លិខិតអនុញ្ញាត​គយ​តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​, លិខិតអនុញ្ញាត​ដឹកជញ្ជូន​ឆ្លងកាត់​, កាត់បន្ថយ​ឯកសារ​ភ្ជាប់​ក្នុង​ទម្រង់​ក្រដាស​, ការកាត់បន្ថយ​អត្រាពន្ធគយ និង​អាករ​ពិសេស​លើ​មុខទំនិញ​ប្រេងរំអិល​,​ការកកស្ទះ​នៅ​មាត់ច្រក​ព្រំដែន​បាវិត មាត់ច្រក​ព្រំដែន​ប៉ោយប៉ែត មាត់ច្រក​ព្រំដែន​ព្រៃ​វល្លិ​, ការអនុវត្ត​នីតិវិធី​ពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​,​ការអនុវត្ត​គោលការណ៍​មក​មុន ពិនិត្យ​មុន “First come, first serve”, និង ការរក្សា​ទុក​ឯកសារ បញ្ជី​គណនេយ្យ កំណត់ត្រា និង​ព័ត៌មាន​ផ្សេងទៀត ជាដើម​។ កិច្ចសន្ទនា​នេះ បាន​ដោះស្រាយ​បញ្ហា​និង​សំណូមពរ​ស្ទើរ​ទាំងស្រុង​។

​ជាមួយគ្នានេះ លោកស្រី KAMEI Haruko ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា (JICA) ក៏បាន​ជម្រាប​អង្គប្រជុំ​ពី​គម្រោង​ជំនួយ​សំខាន់ៗ​របស់ខ្លួន​នាពេល​បច្ចុប្បន្ន រួមមាន ១.​ការសិក្សា​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ទំនិញ​និង​អ្នកដំណើរ​នៅ​កំណាត់​ផ្លូវជាតិ​លេខ ១ តំបន់​មាត់ច្រក​បាវិត​-​ម៉ុក​បៃ ២.​ការបកប្រែ​បទ​ប្បញ្ញត្តិ​គយ​ជា​ភាសា​អង់គ្លេស ដើម្បី​ដាក់​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​គយ និង ៣. ការអនុវត្ត​សាកល្បង​ប្រព័ន្ធ​កាមេរ៉ា​ត្រួតពិនិត្យ​គយ​នៅតាម​កំពង់ផែ និង​ច្រកទ្វារព្រំដែន​សំខាន់ៗ​។​
​អគរ និង​តំណាង JICA, JBAC, JETRO ក៏បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ក្នុង​គោលដៅ​សម្រួល​ពាណិជ្ជកម្ម កែលម្អ​បរិយាកាស​ធុរកិច្ច និង​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៏ដូចជា​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​៕​

អត្ថបទដែលជាប់ទាក់ទង