ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធានការ​អភិរក្ស​បន្ទាន់​ចាំបាច់​ ដើម្បី​ការពារ​ប្រភេទ​សត្វ ​ក្រចកជើង​ចំ​ពាម ​ដែលមាន​ចំនួន​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ​ក្នុងអំឡុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​

61

 

​មណ្ឌលគិរី ៖ ថ្វីបើ​ក្រសួងបរិស្ថាន អង្គការ WWF ព្រមទាំង​ដៃគូ​ទាំងអស់ បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​កា​អនុវត្ត​ច្បាប់​យ៉ាង​ខ្លាំងក្លា​យ៉ាងណាក៏ដោយ របាយការណ៍​មួយ​ដែល​ចេញផ្សាយ​រួមគ្នា​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF ស្តីពី​ស្ថានភាព​នៃ​ប្រភេទ​សត្វ​ក្រចកជើង​ចំ​ពាម បាន​បង្ហាញថា ចំនួន​សត្វ​ក្រចកជើង​ចំ​ពាម ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​បានបង្ហាញ​នូវ​ភាព​ចាំ​ចាច់​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ថ្មី​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាង​មុន​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ស្ថានភាព​ធ្លាក់ចុះ​នេះ​។​
​លទ្ធផល​នៃ​ការតាមដាន​សត្វ​ក្រចកជើង​ចំ​ពាម​ក្នុង​ចន្លោះ​ឆ្នាំ ២០១០-២០២០ នៅក្នុង​ដែន​ជម្រក​ទាំងពីរ​បានបង្ហាញ​ថា ចំនួន​សត្វ​ទន្សោង​បាន​ធ្លាក់ចុះ​ប្រមាណ ៧២% សត្វ​ឈ្លូស​ប្រមាណ ៥២% និង​សត្វ​ជ្រូកព្រៃ​ប្រមាណ ១៨% បើ​ប្រៀបធៀប​នឹង​លទ្ធផល​នៃ​ការស្រាវជ្រាវ​នៅ​ឆ្នាំ ២០១០-២០១១​។​
​របាយការណ៍​ដដែល​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា​ចំនួន​សត្វ​រមាំង ខ្ទីង និង​ប្រើស មាន​កម្រិត​តិចតួច​ហើយ​នៅ​រាយប៉ាយ​ដាច់ដោយឡែក​ពីគ្នា​នៅក្នុង​តំបន់​ទាំងពីរ​នេះ​។​
​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មានប្រសាសន៍ថា​៖ “​ការធ្លាក់ចុះ​នេះ​ជាការ​ក្រើនរំលឹក​ដល់​យើងទាំងអស់គ្នា ប៉ុន្តែ​វា​ក៏​ផ្តល់​ជា​ឱកាស​ឱ្យ​យើងទាំងអស់គ្នា​ក្នុងការ​ខិតខំ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​និន្នាការ​នៃ​ការធ្លាក់ចុះ​នេះ​។ ឯកឧត្តម​បាន​បន្តទៀតថា​ស្ថានភាព​នស​ការធ្លាក់ចុះ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើ​គ្មាន​ការពង្រឹង​ការអនុវត្ត​ច្បាប់​និង​ការគ្រប់គ្រង​តំបន់​ការពារ​យ៉ាង​មឺ​ង​ម៉ាត់​នោះ​ទេពី​ការខិតខំ​ដោយ​មិន​ខ្លាច​នឿយ​ហាត់​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រសួងបរិស្ថាន ក្រុម​ល្បាត​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​បុគ្គលិក​អង្គការ WWF ក្នុងការ​ដើរល្បាត និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ទាំង​ក្នុង​និង​ក្រៅ​តំបន់​ការពារ​ទាំងពីរ​។​
​ឯកឧត្ដម នេត្រ ភក្ត្រា បាន​ពិ​ពណ៍​នា​បន្តទៀតថា បើជា​មានការ​ធ្លាក់ចុះ​នូវ​ពពួកសត្វ​ក្រចកជើង​ចំ​ពាម​នៅក្នុង​ដែន​ជម្រក​ស្រែ​ពក និង​ភ្នំ​ព្រេច ចំនួន​ប្រភេទ​សត្វ​ក្រចកជើង​ចំ​ពាម​មួយចំនួន​បាន​កើនឡើង ឬ​ស្ថិតក្នុង​កម្រិត​ថេរ​នៅក្នុង​ដែនជម្រកសត្វព្រៃ​មួយចំនួន​ផ្សេងទៀត​។​
​ស្ថានភាព​ដ៏​អាក្រក់​នេះ​មិនបាន​កើតឡើង​តែ​ក្នុងប្រទេស​កម្ពុជា​នោះទេ ដោយសារ​រ​តែ​ចំនួន​សត្វព្រៃ​នៅលើ​សកលលោក​
​ទាំង​សត្វ​រស់នៅ​លើដី​និង​ក្នុង​ទឹក ក៏បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត ដល់ ៦៨% ជា​មធ្យម ក្នុង​រយៈពេល ៥០ ឆ្នាំ​ចុង​ក្រោយនេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧០ មក​។​
​ការ​បរបាញ់​ខុសច្បាប់​ចាប់តាំងពី​អតីតកាល​មកដល់​ពល​បច្ចុប្បន្ន បូកផ្សំ​និង​វិបត្តិ​អន្ទាក់ ដែល​ជម្រុញ​ដោយ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ សុទ្ធសឹង​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​សត្វ​ក្រចកជើង​ចំ​ពាម​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​។​
​កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ WWF បាន​និយាយថា​អន្ទាក់​គឺជា​កត្តា​គម្រាមកំហែង​ដ៏​ចម្បង​មួយ​ចំពោះ​សត្វ​ក្រចកជើង​ចំ​ពាម​នៅក្នុង​ដែន​ជម្រក​ទាំងពីរ ហើយក៏​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​ចំនួន​សត្វ​ខ្លារខិន​ដែលជា​ប្រភេទ​ស៊ី​សាច់សត្វ​ក្រចកជើង​ចំ​ពាម​ទាំងនេះ​ជា​អាហារ ធ្លាក់ចុះ​ដែរ​។​”
​បើទោះជា​របាយការណ៍​បានបង្ហាញ​ពី​ស្ថានភាព​ធ្លាក់ចុះ​ដ៏​គួរឱ្យ​បារម្ភ​នេះ​ក៏ដោយ ក្នី​សង្ឃឹម​នៅតែមាន​នៅឡើយ​ក្នុងការ​ជួយសង្គ្រោះ​សត្វព្រៃ​ទាំងនេះ​ពី​ការ​ផុត​ពូជ​។ ប៉ុន្ដែ​ប្រសិនបើ​គ្មាន​វិធានការ​អភិរក្ស​បន្ទាន់​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ទេ ដើម្បី​ទប់ស្កាត់​កត្ដា​គម្រាមកំហែង​ចម្បងៗ​ទាំងនេះ​ទេ ជីវៈចម្រុះ​នឹង​នៅតែ​បន្ដ​ធ្លាក់ចុះ​បន្ដិច​ម្ដងៗ រហូតដល់​អាច​បាត់បង់​ទាំងស្រុង​តែម្តង​។​
​លោក សេង ទៀក នាយក​អង្គការ WWF មានប្រសាសន៍ថា វា​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ​ក្នុងការ​កែប្រែ​ស្ថានភាព​នេះ ប៉ុន្តែ​វា​តម្រូវឱ្យ​ពួកយើង​ធ្វើ​សកម្មភាព​អភិរក្ស​រួមគ្នា​ជាបន្ទាន់​ឥឡូវនេះ​ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​
​លោក​មានប្រសាសន៍ថា​៖ “​គំហើញ​របស់​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​របាយការណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​តម្រូវការ​នៃ​ដំណោះស្រាយ​បន្ទាន់ និង​ថ្មីៗ ដើម្បី​កែប្រែ​នូវ​អត្រា​នៃ​ការធ្លាក់ចុះ​នេះ ខណៈពេលដែល​កំពុង​ស្វែងរក​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការបែងចែក​ធនធានធម្មជាតិ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​”​។​
​ក្រសួងបរិស្ថាន និង​អង្គការ WWF បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន និង​ដៃគូ​នានា ដើម្បី​រៀបចំឡើង​នូវ​វិធានការ​អភិរក្ស​ខ្លាំងក្លា​ជាង​មុន ដើម្បី​កាត់បន្ថយ​ការ​បរបាញ់​ខុសច្បាប់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​។ ក្រសួងបរិស្ថាន និង​អង្គការ WWF កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​អនុវត្ត​កម្មវិធី​ស្ដារ​សត្វ​ក្រចកជើង​ចំ​ពាម​ឡើងវិញ ដែលជា​តម្រូវការ​បន្ទា​ន់​ក្នុងការ​បញ្ឈប់​និន្នាការ​ធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ទាំងនេះ និង​ចាត់វិធានការ​ឆ្លើយតប​ទៅដល់​ឬ​សគល់​នៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​
​ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិការ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) សហភាព​អឺរ៉ុប (EU) រដ្ឋាភិបាល​អាល្លឺម៉ង់ (BMZ) រដ្ឋាភិបាល​ប៊ែ​ល​ហ្សិ​ក (DGD) កម្មវិធី​បរិស្ថាន​រប​ស់​អង្គការសហប្រជាជាតិ (UN Environement) GEF រដ្ឋាភិបាល​ស៊ុយ​អ៊ែត (Sida) IKEA Welthungerhilfe (WHH) Humanscale និង​បណ្តាញ​អង្គការ WWF (WWF-​អាមេរិក WWF-​ប៊ែ​ល​ហ្សិ​ក WWF-​អាល្លឺម៉ង WWF-​ស៊ុយ​អ៊ែត និង WWF-​ស្វី​ស​) ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ផ្ដោតទៅលើ​ការស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ ការកសាង​សមត្ថភាព​សម្រាប់​ការអនុវត្ត​ច្បាប់ ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​បរបាញ់​ខុសច្បាប់ ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការកាប់​ឈើ​ខុសច្បាប់ ការទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ ខណៈ​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​របរ​ចិញ្ចឹមជីវិត​របស់​សហគម​ន៍​មូលដ្ឋាន និង​ការអនុវត្ត​កម្មវិធី​ផ្សេងៗ​ទៀត​ដើម្បី​លើកទឹកចិត្ត និង​កៀរគរ​ការចូលរួមរ​បស់​ប្រជាជន​មូលដ្ឋាន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍន៍​ជីវភាព​ប្រកបដោយ​និរន្តរភាព​។​
​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) បាន​គាំទ្រ​ការតាមដាន​សត្វ​ក្រចកជើង​ជំ​ពាម​ដោយ​ប្រើ​វិធីសាស្ត្រ​ដើរ​បន្ទ​ត់​ត្រង់ (line-transect) ពី​ឆ្នាំ​២០១៨-២០២០​។ យើង​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់​សមាជិក​ក្រុម​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ​ទាំងអស់ ក៏ដូចជា​ក្រុម​សហ​និ​ព​នុ្ធ​នៃ​របាយការណ៍​ស្តីពី​ស្ថានភាព​សត្វ​ក្រចកជើង​ចំ​ពាម ក៏ដូចជា​អ្នក​រួមចំណែក​ទាំងអស់​ក្នុង​សកម្មភាព​ស្រាវជ្រាវ​ទាំងអស់នេះ​។​
​ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​សាធារណជន​ទូទៅ សូម​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ​និង​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​សត្វព្រៃ​គ្រប់​ប្រភេទ​។ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​មាន​បន្ថែមថា “​យើងខ្ញុំ​សូម​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​ប្រជាជន​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា សូម​និយាយថា “​ទេ​” ចំពោះ​សាច់​សត្វព្រៃ ហើយ​សូម​ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​របស់​កម្ពុជា​ឱ្យ​ស្ថិតនៅ​គង់វង្ស​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។​”៕

អត្ថបទដែលជាប់ទាក់ទង