ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខា​ កក្រក​ រាជធានីភ្នំពេញនាំ អង្ករចំនួន៦តោន ជាអំណោយរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ

105

ភ្នំពេញ៖ សាខា​ កក្រក​ រាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ៥កេីត ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០២១នេះ អង្ករចំនួន៦តោន ជាអំណោយរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ត្រូវបានលោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា នាំយកមកប្រគល់ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ​ ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ចំនួន​៤តោន​ និងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ​ (ព្រៃស្ពឺ)​ ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ ចំនួន​២តោន​ ។

នាឱកាសនោះ ក្នុងនាម​ ឯកឧត្តម ឃួង ស្រេង​ ប្រធានគណៈកម្មាធិការសាខា​ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិក​ និងបងប្អូនដែលស្នាក់នៅមជ្ឈមណ្ឌលទាំងពីរប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលេីកឡេីងថា៖​ ដោយមានការគិតគូរយកចិត្តទុកខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខរបស់បងប្អូន​ជាជនរងគ្រោះដោយសារគ្រឿងញៀន​ ជនគ្មានទីពឹង ជនពិការ ជនអនាថា​ ជនវិបល្លាសស្មារតី​ ស្ត្រីរកស៊ីផ្លូវភេទ​ ស្ត្រីរងគ្រោះដោយអំពើជួញដូរ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​នេះ តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​​ បានចាត់ឲ្យក្រុមការងារនាំយកអំណោយមនុស្សធម៌ជាអង្ករនេះមកប្រគល់ជូនដេីម្បីចូលរួមជួយរំលែកនូវការលំបាករបស់បងប្អូន​ ពោល​ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​” ជាក់ស្តែងដូចនាពេលនេះ​ គឺការជួយរបស់កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ ជាមួយគ្នានេះ​ លោកនាយកប្រតិបត្តិសាខា​ ក៏សូមបងប្អូនទាំងអស់បន្តយកចិត្តទុកដាក់ការពារ​ និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។

ជាមួយគ្នានេះ​ លោកស្រី​ មុំ​ ចាន់ដានី​ ប្រធានមន្ទីរសង្គមកិច្ច​ និងអតីតយុទ្ធជន​ រាជធានីភ្នំពេញ ជំនួសមុខឲ្យថ្នាក់ដឹកនាំ​ មន្ត្រីបុគ្គលិក​ បងប្អូនដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឃួង ស្រេង​ ប្រធានគណៈកម្មាធិការសាខា​ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលតែងតែគិតគូរ និងបានជួយឧបត្ថម្ភជានិច្ចដល់បងប្អូនដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលទាំងពីរ​ ប្រកបដោយទឹកចិត្តមនុស្សធម៌​ មេត្តា​ ករុណា​ សណ្តោសប្រណី​ ហេីយបងប្អូនទាំងអស់សូមលេីកម្រាមដៃដបគោរពជូនពរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា​ និងសម្តេចតេជោនាយករដ្ឋមន្ត្រី​ សូមជួបប្រទះតែនឹងពុទ្ធពរ​ និងពរទាំង៥ប្រការ​គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង