ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋាន​ពន្ធដា​រ កម្រិត​អត្រា​ការប្រាក់​ទីផ្សារ សម្រាប់​ប្រាក់​ខ្ចី ឆ្នាំ​២០២០

289

 

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ នេះ បានចេញ សេចក្តីជូនដំណឹង ស្តីពី កម្រិត​អត្រា​ការប្រាក់​ទីផ្សារ​សម្រាប់​ប្រាក់​ខ្ចី ឆ្នាំ​២០២០​។​

​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជានា​យក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ជំពូក​ទី​៣ ផ្នែក​ទី​៣.១ នៃ​ប្រកា​សលេខ ១១៧៣ សហវ​.​ពដ​.​ប្រក ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៣ ស្ដីពី​ពន្ធលើប្រាក់បៀវត្ស និង​សេចក្តីណែនាំ​លេខ​៧០១៥ អ​ពដ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ ស្ថិ​ត៌​ការអនុវត្ត​កាតព្វកិច្ច​កាត់​ទុក​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម លើ​ការផ្តល់ប្រាក់​ឱ្យ​និយោជិត​ខ្ចី ព្រមទាំង​សេចក្តីណែនាំ លេខ ១៥១ អ​ពដ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ ស្តីពី​ការកំណត់​ចំណាយ​ការប្រាក់​របស់​សហគ្រាស អគ្គនាយកដ្ឋាន ពន្ធដារ​សូម​ធ្វើការ​កំណត់​អត្រា​ការប្រាក់​ទីផ្សារ​សម្រាប់​ប្រាក់​ខ្ចី ឆ្នាំ​២០២០ ដោយ​ផ្អែកលើ​ការ​គណនា​មធ្យមភាគ​នៃ មធ្យមភាគ​អត្រា​ការប្រាក់​ឱ្យ​ខ្ចី​ប្រចាំឆ្នាំ របស់​ធនាគារពាណិជ្ជ​ធំៗ​ក្នុងស្រុក​ចំនួន ៨ (​ប្រាំបី​) ដូចខាងក្រោម​៖

១) ៨,៩២% ក្នុង​មួយឆ្នាំ ចំពោះ​ប្រាក់រៀល​
២) ៨,៤៨% ក្នុង​មួយឆ្នាំ ចំពោះ​ប្រាក់​ដុល្លារ​អាមេរិក​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ សូមបញ្ជាក់​បន្ថែមថា អត្រា​ការប្រាក់​ខាងលើនេះ ប្រើប្រាស់​ក្នុង​គោលដៅ​អនុវត្ត កាតព្វកិច្ច​កាត់​ទុក​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម លើ​ការផ្តល់ប្រាក់​ឱ្យ​និយោជិត​ខ្ចី​តែប៉ុណ្ណោះ​។ ចំពោះ​ប្រតិបត្តិ​ការខ្ចីប្រាក់ ក្នុងចំណោម​បុគ្គល​ទាក់ទិន អត្រា​ការប្រាក់​ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​លេខ ១១៩៤៦ អ​ពដ ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​វិធានការ​ប្រាក់​ចំពោះ​បុគ្គល​ទាក់ទិន ជា​ធរមាន​។ ដោយឡែក ចំពោះ​ប្រតិបត្តិ​ការខ្ចីប្រាក់​ក្នុងចំណោម បុគ្គល​មិន​ទាក់ទិន អត្រា​ការប្រាក់​ត្រូវ​អនុវត្តតាម​ប្រតិបត្តិការ​កម្ចី​ជាក់ស្តែង ដែល​មានចែង​ក្នុង​កិច្ចសន្យា​និង​ឯកសារ គាំទ្រ​ច្បាស់លាស់ ដោយ​មិន​អនុវត្តតាម​កថាខណ្ឌ​៣ ចំណុច ក នៃ​សេចក្តីណែនាំ​លេខ ១៥១ អ​ពដ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ ស្តីពី​ការកំណត់​ចំណាយ​ការប្រាក់​របស់​សហគ្រាស ទៀតឡើយ​។​

​លោក​គង់ វិបុល បាន​បញ្ជាក់ថា អាស្រ័យហេតុនេះ គ្រប់​អង្គភាព​ពន្ធដារ និង​គ្រប់​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ទាំងអស់ ត្រូវ​អនុវត្តតាម​ខ្លឹមសារ នៃ​សេចក្តីជូនដំណឹង​នេះ ឱ្យមាន​ប្រសិទ្ធភាព ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕

អត្ថបទដែលជាប់ទាក់ទង