ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ស្រាវជ្រាវ​អង្គការ WWF បាន​រកឃើញ​មាន​វត្តមាន​សត្វ​ក្រពើ​ភ្នំ​ក្នុង​ទន្លេស្រែពក​

73

​ភ្នំពេញ​៖ វត្ថុ​សំណាក​ដូចជា​ដានជើង និង​លាមក​សត្វ​ក្រពើ​ភ្នំ​ជាង​២០​សំណាក ត្រូវបាន​ប្រទះឃើញ​ក្នុង​តំបន់​ទន្លេស្រែពក ស្ថិតក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​ការ​ឱ្យដឹងពី​កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​តាមដាន និង​ស្រាវជ្រាវ​ជីវៈចម្រុះ​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់ WWF ប្រចាំ​នៅ​កម្ពុជា ។

អ្នកស្រាវជ្រាវ​រូបនេះ បានបញ្ជាក់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា តាមរយៈ​វត្ថុ​សំណាក​នេះ នឹង​ឈានដល់​ការរៀបចំ​ផែនការ​ឱ្យបាន​ស៊ីជម្រៅ ខណៈ វត្តមាន​ពួកវា​ត្រូវបាន​កត់ត្រា​ថា​មាន​ចំនួន​ច្រើនជាងគេ​នៅលើ​ពិភពលោក​។
កញ្ញា Milou បាន​បន្តថា សត្វ​ក្រពើ​ភ្នំ​នៅ​កម្ពុជា ត្រូវបាន​ប៉ាន់ប្រមាណ​នៅ​សេសសល់​ចន្លោះ​ពី​២០០ ទៅ​៣០០​ក្បាល ដែល​វត្តមាន​របស់​ពួកវា ប្រទះឃើញ​មាននៅ​តំបន់ ជួរ​ភ្នំក្រវាញ តំបន់​អា​រ៉ែ​ង និង​នៅ​ទន្លេស្រែពក ខេត្តមណ្ឌលគិរី​។
កញ្ញា Milou បាន​បន្តថា សត្វ​ក្រពើ​ភ្នំ ជា​ប្រភេទ​សត្វ​ដែល អៀន​ច្រើន ហេតុនេះ​គេ​កម្រ​ឃើញ​វា​ដោយផ្ទាល់​ភ្នែក​ណាស់​។​

តាម​ការ​ឱ្យដឹង​បន្ថែម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​បញ្ជាក់ថា នៅ​រដូវប្រាំង ធ្លាប់​ប្រទះឃើញ​សត្វ​ក្រពើ​ភ្នំ ព្រមទាំង​ក្រពើ​ត្រី​ម្តងម្កាល​ដែរ ហែល​ចេញពី​ល្អាង​ថ្មី​ក្រោម​បាត​ទន្លេស្រែពក ដើម្បី​រក​ចំណី​។ ការ​ប្រទះ ឃើញ​នេះ ដោយសារ​នៅ​ចន្លោះ​ខែមីនា និង​មេសា ទឹក​ស្រក​ខ្លាំង និង​មាន​សភាព​ថ្លា​។​
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ចាត់ទុក​ការរកឃើញ​នូវ​សំណាក​នេះ​ថា ជាការ​ជំរុញ ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​បន្ថែមទៀត ដើម្បី​ឈានដល់​ការការពារ និង​អភិរក្ស​ដល់​សត្វ​ដែល​កំពុង​រង​ការ គំរាម កំហែង​ជិត​ផុត​ពូជ​បំផុត​លើ​ពិភពលោក​នេះ​។​

​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​ស្រាវជ្រាវ​អង្គការ WWF បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៩ គេ​បានធ្វើ​ការសិក្សា​
​ស្រាវជ្រាវ​ទៅលើ សត្វ​ក្រពើ​ភ្នំ​នេះ​ម្តង​រួចមកហើយ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២១​នេះ គេ​នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ដើម្បី ប្រយោជន៍​ដល់​ការអភិរក្ស ក៏ដូចជា​ស្តារ​នូវ​ពូជ​សត្វ​ប្រភេទ​នេះ​ឱ្យ​កាន់​តែមាន​ច្រើន​នៅ​កម្ពុជា ខណៈ​សត្វ​ប្រភេទ​នេះ​បាន​និង កំពុង​រង​ការគំរាមកំហែង​ដោយ​ការនេសាទ​ខុសច្បាប់ ដើម្បី​យក​ស្បែក និង​សាច់​ទៅធ្វើ​អាជីវកម្ម​អាហារ ព្រមទាំង​ការបាត់បង់ ទីជម្រក​។​

ក្រពើ​ភ្នំ ត្រូវបាន​ចាត់ថ្នាក់​ជា​សត្វ​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​ឆ្នាំ​១៩៩៤ ហើយ​បន្ទាប់មក​ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ​១៩៩៦ ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ ហៅ​កាត់ IUCN ខណៈ​របាយ​នៃ​ការរស់នៅ និង​ចំនួន​តិចតួច​បំផុត​របស់​ពួកវា ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ថៃ និង​វៀតណាម​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង