ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្តារប្រព័ន្ធលូ ២០ខ្សែនៅកណ្ដាលនិងនៅជាយរាជធានីភ្នំពេញ បានបញ្ចប់ជាស្ថាពរហើយ ដើម្បីសម្រួលប្រព័ន្ធផ្លូវទឹកហូនៅរដូវវស្សាខាងមុខនេះ

53

ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ ដែលបានបញ្ជាអោយអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្ដារប្រព័ន្ធលូចំនួន២០ខ្សែ នៅកណ្ដាលនិងនៅជាយរាជធានីភ្នំពេញ គិតមកដល់ពេលនេះបានបញ្ចប់ជាស្ថាពរហើយ ដើម្បីសម្រួលប្រព័ន្ធផ្លូវទឹកហូរ ជៀសវាងការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាខាងមុខនេះ។

  លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹង នៅព្រឹកថ្ងៃទី១៩ មករានេះថា ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២០មក ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បានធ្វើការស្ដារលូចំនួន២០ខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីបើកមុខទឹករំដោះទឹកភ្លៀងនៅរដូវវស្សាខាងនេះឲ្យបានល្អប្រសើរជៀសវាងនូវការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៨នៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានខណ្ឌចំនួន៥នៅកណ្ដាលក្រុងនិងខណ្ឌ៣ទៀតនៅជាយក្រុង គឺខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យ។

   លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារស្ដារ ប្រព័ន្ធលូទាំង២០ខ្សែនេះបានបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរហើយ ក្រៅពីនេះក្រុមការងារក៏បានធ្វើសកម្មភាពលើការជួសជុលគម្របលូ អណ្ដូងលូដែលបាក់ខូចខាតផងដែរ បើទោះបីគម្របលូខ្លះត្រូវកប់ក្នុងដីនិងធ្លាក់ចូលលូក្តី ក៏ក្រុមការងាររុករកនឹងធ្វើការជួសជុលឡើងវិញរួចរាល់ហើយដែរ។

  ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោកដួង ចាន់សារ៉ាត់ក៏បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ យើងមិនទាន់មានគម្រោងក្នុងការស្តារប្រព័ន្ធលូ បន្តទៀតនោះទេ។

   ទោះបីជាមានការស្តារប្រព័ន្ធ លូ រួចរាល់យ៉ាងណាក្តី ប៉ុន្តែលោកដួង ចាន់សារ៉ាត់ នៅតែស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ក្នុងការកាយសំរាមចេញពីមុខឬមាត់លូពេលមានភ្លៀងធ្លាក់ម្តងៗ និងជៀសវាងឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ ។នេះជាទម្លាប់មិនល្អនឹងធ្វើអោយមានការលិចលង់លំនៅដ្ឋាន

អត្ថបទដែលជាប់ទាក់ទង