ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចត្រូវតែមានវិធានការឲ្យបានតឹងរឹងបំផុត ចំពោះម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃឮខ្លាំង រំខានដល់អ្នកដទៃ

75

ភ្នំពេញ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តវឱ្យតឹងរឹងបំផុត ចំពោះយានយន្តដែលបំពាក់ស៊ីម៉ាំងខ្លាំងរំខានទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈដែរក្រសួងក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយជុំវិញបញ្ហានេះ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់និងមិនមានការលើកលែង។

  ការណែនាំបែបនេះ របស់លោកឃួងស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២០ខែមករា នេះនៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចផងដែរ។

  លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការងារនេះ យើងត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះយានយន្តគ្រប់ប្រភេទ មិនថាម៉ូតូឬរថយន្តនោះទេ ពោលគឺឲ្យតែមានសំឡេងរំខានខុសពីធម្មតាគឺយើងត្រូវតែឃាត់ទុក ណែនាំអប់រំនិងឲ្យពួកគាត់ដោះដូរមកជាបំពង់ស៊ីម៉ាំងធម្មតាវិញ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញបាន។ដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ អាជ្ញាធរខណ្ឌ១៤និងមានឧបករណ៍វាស់ សំឡេងក្នុង១ខណ្ឌ២ទៅ៣គ្រឿងដើម្បីឱ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌនីមួយមានលទ្ធភាពក្នុងការឃាត់ វាស់សំលេងយានយន្តទាំងនោះ។

   លោកសុង លីស្នងការរងនគរបាលរាជធានីភ្នំពេញបានលើកឡើងផងដែរថា អនុវត្តទៅតាមការណែនាំនៃវិធានការឃាត់យានយន្តពាក់ស៊ីម៉ាំងលើនេះ ក្នុងការអនុវត្តជាលើកទីមួយ កម្លាំងមានសមត្ថកិច្ចប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្ត បានចំនួន៦០គ្រឿង និងបានធ្វើបច្ចុប្បន្នភាពបានចំនួន៤០គ្រឿង ប៉ុន្តែ បើទោះបីជាមានការណែនាំថា អោយអប់រំនឹងប្ដូរស៊ីម៉ាំងមកជាធម្មតាវិញឱ្យឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញនោះ គឺយានយន្តដែលបានឃាត់ទុក មិនទាន់អនុញ្ញតអោយពួកគាត់ត្រឡប់ទៅវិញអស់នៅឡើយទេ ដោយសារតែម៉ូតូមួយចំនួនមិនទាន់មានស៊ីម៉ាំងដើម្បីធ្វើការផ្លាស់ប្ដូរ។

    ក្រៅពីការលើកឡើងខាងលើជុំវិញវិធានការចំពោះការបំពាក់ស៊ីម៉ាំងមានសំឡេងខ្លាំងខាងលើនេះ ការងាររៀបចំសណ្ដាប់ធ្នាប់ ក៏ជាការងារមួយដែលលោកឃួង ស្រេងបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ ដើម្បីជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់រៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែប្រសើរជាងមុន  ទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។

   ពាក់ព័ន្ធនឹងបញ្ហានេះ លោកឃួងស្រេងបានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញមិនមែនសម្រាប់តែអ្នកមានទេ តែទីក្រុងភ្នំពេញ ដាច់ខាតត្រូវតែមានសណ្ដាប់ធ្នាប់ មានភាពស៊ីវីល័យ ដូច្នេះទេ អាជ្ញាធរទាំងអស់ត្រូវមានវិធានការជុំវិញរម៉កដឹកសំពីងសំពោងគឺមិនអនុញ្ញាតឲ្យពួកគាត់ដឹកជញ្ជូនចូលមកកណ្ដាលរាជធានីនោះទេ ជាជំហានទី១ចំពោះរម៉កម៉ូតូដឹកសំពីងសំពោងនេះ អាជ្ញាធរត្រូវឃាត់ដើម្បីធ្វើកិច្ចសន្យាអប់រំជាលើកទីមួយ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ តែបើមានជាលើកទី២ យើងត្រូវតែធ្វើការអត់ពួកគាត់ទុក ការអនុវត្តការងារនេះគឺ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើងកាន់តែមានសោភ័ណភាពមានសណ្ដាប់ធ្នាប់សាកសមជាទីក្រុងដែលមានភាពស៊ីវិល័យ៕

 

អត្ថបទដែលជាប់ទាក់ទង