ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី គ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត

62

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ស្រួលធ្វើដំណើរ និងមានទីធ្លារធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណផងដែរ ខណៈសួនច្បារ១នេះនៅជាប់ផ្លូវសហព័ន្ធរុស្សី ដែលជាផ្លូវ ភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរឆ្លងកាត់ច្រើន។

  គម្រោងផែនការកែលម្អសួនច្បារមុខក្រសួងការពារជាតិតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២១នេះ ក្នុងគោលបំណង ធ្វើឱ្យសួនច្បារនេះកាន់តែសម្រស់ស្រស់ស្អាតហើយមានភាពបន្ស៊ីគ្នាជាមួយនឹងផ្លូវច្រកចូលក្រសួងការពារជាតិ។

  លោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រទំាងស្រុងចំពោះគម្រោងកែលម្អសួនច្បារនេះ ព្រោះវាបានជួយលើកសម្រស់ផ្លូវនេះឱ្យកាន់តែស្រស់ស្អាត ខណៈដែរភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរឆ្លងកាត់ច្រើន។

  លោកឃួង ស្រេង បានណែនាំឱ្យមន្រ្តីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រសួងការពារជាតិ ត្រូវសិក្សា គម្រោងកែលម្អសួនច្បារនេះឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់នឹងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះបានស្រស់ស្អាតទំាងព្រម ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើរបងថ្មយ៉ាងស្រស់ស្អាតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។

   លោកឃួង ស្រេង បានបញ្ជាក់ថា គម្រោងកែលម្អសួនច្បារនេះអាចនឹងស្ថាបនារួចរាល់ព្រមៗគ្នា ជាមួយ នឹងគម្រោងស្ថាបនាអគារទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរង្វង់ខែ មិថុនា ឆ្នាំ២០២១ខាងមុខនេះ។បន្ទាប់មកតំបន់នេះនឹងមានលំហូរចរាចរណ៍ធ្វើដំណើរងាយស្រួលឡើងវិញ មិន ប្រឈមនឹងការកក់ស្ទះដូចសព្វថ្ងៃឡើយ។

    លោកបន្តទៀតថា បើមើលមួយប្លែកយើងថា ការកែសួនធម្មតា ប៉ុន្តែបើសិក្សាពិប្រវត្តិសួន ឃើញថាសួននេះស្ថាបនា យូរលុងណាស់មកហើយ ហើយវាសិ្ថតនៅទីតំាងផ្លូវអន្តរជាតិ ដែលទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើការឆ្លងកាត់ អ៊ីចឹងទេការកែលម្អសួនសូមឱ្យលោកសំា ពិសិដ្ឋ ធ្វើកិច្ចការងារនេះជាមួយក្រុមការងារបច្ចេកទេស ហើយឱ្យចេញជាប្លង់សួនចេញពីកា្តន់២ធ្វើម៉េចឱ្យមានស៊ីមេទ្រីគ្នាក្នុងរចនាបថតែមួយ លោកសូមឯកភាពទំាងស្រុង»

   លោកឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ  និងជានាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិបានមានប្រសាសន៍ថា គម្រោងកែលម្អសួនច្បារមុខទីស្តីការ ក្រសួងពារជាតិនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពទំាងក្រសួង និងសួនច្បារឱ្យមានភាពស្រស់ ស្អាតបន្ស៊ីគ្នាប៉ុណ្ណោះទេ គឺបានបើកឱ្យមានចរាចរណ៍ចេញចូលងាយស្រួលផងដែរ។

  សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ  បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន៕

 

អត្ថបទដែលជាប់ទាក់ទង