ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 យុវជន​ត្រូវ​មានគំនិត​ច្នៃប្រឌិត និង​មាន​ឆន្ទៈ​ការលះបង់​ខ្ពស់ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម និង​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ទៅមុខ

80

 

​ភ្នំពេញ ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា យុវជន​ត្រូវ​មានគំនិត​ច្នៃប្រឌិត និង​មាន​ឆន្ទៈ​ការលះបង់​ខ្ពស់ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម និង​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ទៅមុខ ។ នេះ​ជា​ប្រសាសន៍​លើកឡើង​ក្នុងពេល​ឯកឧត្តម អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមយុវជន​គម្រោង ផ្តើមចេញពី​យើង និង​ក្រុម​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ។​

ឯកឧត្តម​សាយ សំ​អាល់ បន្ថែមថា «​បរិស្ថាន​ជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា ហើយ​ទាមទារ​ចាំបាច់​នូវ​ការចូលរួម​របស់​យើងទាំងអស់គ្នា ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន​ជុំវិញខ្លួន​យើង​ឱ្យ​បានល្អ​ស្អាត បង្កើត​បរិយាកាស​ល្អ និង​មាន​ផាសុកភាព សម្រាប់​ការរស់នៅ​រស់​យើង​។ សង្គម​កម្ពុ​ជាមាន បរិស្ថាន​ស្អាត និង​មាន​ភព​បៃតង​គឺ​កើតចេញពី​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​ចូលរួម​ក្នុង​សកម្ម​ភព​បរិស្ថាន មាន​មេត្រីភាព​បរិស្ថាន​ប្រកបដោយ ការទទួលខុសត្រូវ និង​ដោយ​ស្មារតី​ស្រឡាញ់​បរិស្ថាន​ខ្ពស់​»​។​

ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែមថា ដោយ​ឈរលើ​មូលដ្ឋាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញលេញ កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​បន្តបន្ទាប់ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ ក៏ដូចជា​មូលដ្ឋានគ្រឹះ​នៃ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា និង​មតិ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានកំណត់​យក​ការកែទម្រង់​ស៊ីជម្រៅ ការកសាង​សមត្ថភាព​ស្ថាប័ន​និង​ធនធានមនុស្ស និង​ការពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ជា​អាទិភាព​ខ្ពស់ ស្របទៅតាម​ទស្សនាទាន​នៃ «​រដ្ឋបាល​ទំនើប​» សំដៅលើ​ប្រព័ន្ធ​ការងារ​មួយ ដែល​ដំណើរ​ការងារ​ដោយ​បែបបទ​នីតិវិធី​ប្រកប ដោយ​ប្រសិទ្ធភាព និង​ធនធាន មនុស្ស​ប្រកបដោយ​គុណភាព ដែល​ក្នុងនោះ​ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​យល់ច្បាស់​អំពី​បេសកកម្ម ចក្ខុវិស័យ គោលបំណង​របស់​ស្ថាប័ន អង្គភាព​គ្រប់​ជាន់ថ្នាក់ ហើយ​បំពេញ​តួនាទី ភារកិច្ច កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ម្នាក់ៗ ប្រកបដោយ​ការ​ភ្ញាក់រលឹក មនសិការ​វិជ្ជាជីវៈ ការច្នៃប្រឌិត ដោយ​តម្កល់​ខ្ពស់​នូវ​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​និង​ឧ​ត្ត​ម​ប្រយោជន៍​នៃ​ប្រជាជន និង​ជាតិ​មាតុភូមិ ពោលគឺ​ធានាបាន​នូវ​កិច្ច គាំពារ​បរិស្ថាន ការអភិរក្ស ជីវចម្រុះ និង​ការរស់នៅ ប្រកបដោយ​ចីរភាព ។

​ឯកឧត្តម​បាន​ថ្លែងថា ក្រសួងបរិស្ថាន​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអភិវឌ្ឍ​មនុស្ស ជាពិសេស យុវជន និង​កុមារ តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ ការចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​របកគំហើញ​ថ្មីៗ ជាពិសេស​បច្ចេកវិទ្យា​ប្រកបដោយ​នវានុវត្តន៍​ក្នុង​វិស័យ​បរិស្ថាន ដែលជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ លើកកម្ពស់​ការយល់ដឹង សំដៅ​ប្រែក្លាយ​ចំណេះដឹង ទៅជា​ការប្រតិបត្តិ​បរិស្ថាន​ល្អ ដូចដែល​បាន​គូស​បង្ហាញ​នៅក្នុង​គោលបំណង​ជា​យុទ្ធសាស្ត្រ​ទី​៤ នៃ​យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​២០១៦ – ២០២៣ ដែលជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ជួយ​ដល់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​អប់រំ វិស័យ​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការធ្វើសមាហរណកម្ម​បញ្ហា​បរិស្ថាន​ទៅក្នុង​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ផែនការ​វិនិយោគ​ទៅតាម​សមត្ថកិច្ច​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ទំនើបកម្ម​ការគ្រប់គ្រង និង​អភិបាលកិច្ច​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ៕

អត្ថបទដែលជាប់ទាក់ទង