ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បង្ហាញ​ការប្តេជ្ញាចិត្ត​ដើម្បី​អនុវត្ត​ក្របខណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​ឱ្យបាន​ឆាប់ រហ័ស ប្រើប្រាស់​មូលនិធិ​សម្រាប់​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ -១៩​

121

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ តាមរយៈ​ប្រ​ព័​ន្ឋ​វីដេអូ​។

​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស អាស៊ាន ដែល​បាន​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

​កិច្ច​ប្រជុំបាន​សម្តែង​ការគាំទ្រ​ចំពោះ​មូលបទ​របស់​ប្រទេស​ប្រ៊ុយណេ “​យើង​យកចិត្តទុកដាក់​, យើង​ត្រៀមលក្ខណៈ​, យើង​រីកចម្រើន​” និង​ចំណុច​អាទិភាព​គន្លឹះ​ទាំងបី ដែល​ផ្តោតជាសំខាន់​ទៅលើ ការកសាង​សហគមន៍​មួយ​ប្រកបដោយ​ភាពសុខដុមរមនា ការត្រៀម​លក្ខណៈ​និង​សម្រប​ខ្លួន​សម្រាប់ ពេលអនាគត​ដើម្បី​ធានា​សុខុមាលភាព​ប្រជាជន​អាស៊ាន និង​អនាគត​ដែល​ប្រកបដោយ​សន្តិភាព ចីរភាព និង​វិបុលភាព ក៏ដូចជា ជំរុញ​ការស្តារ​ឡើងវិញ​របស់​អាស៊ាន​ពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។​

​ដើម្បី​អនុវត្ត​បន្ត​នូវ​សន្ទុះ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សហគមន៍​អាស៊ាន ប្រ៊ុយណេ បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​មួយចំនួន ដើម្បី​បង្កើត​នូវ​និន្នាការ​ដែលមាន​លក្ខណៈ​យុទ្ធសាស្ត្រ ដើម្បី​ផ្សាភ្ជាប់​ការឆ្លើយតប​របស់​អាស៊ាន​ទៅនឹង​គ្រោះអាសន្ន និង​គ្រោះមហន្តរាយ​នានា ក្នុង​គោល បំណង​ដើម្បី​ធានាថា សហគមន៍​អាស៊ាន​ទាំងមូល​កាន់តែ​រឹងមាំ​ឡើង និង​ត្រៀមលក្ខណៈ​ជាស្រេច សម្រាប់​អនាគត ។ គំនិត​ផ្តួចផ្តើម​ទាំងនោះ​រួមមាន ការបង្កើត​វេទិកា​ដែល​អាចឱ្យ​ប្រជាជន​អាស៊ាន ចូលរួមចំណែក​ដល់​កិច្ចប្រឹងប្រែង​បន្ធូរបន្ថយ​គ្រោះមហន្តរាយ លើកកម្ពស់​ការប្រកាន់​ភ្ជាប់​នូវ​ពហុភាគី និយម ជំរុញ​ការ​ស្គាល់​អត្តសញ្ញាណ​អាស៊ាន​កាន់តែខ្លាំង​ក្លា​ឡើង តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល មន្ត្រី​វ័យក្មេង​របស់​អាស៊ាន ក៏ដូចជា​លើកកម្ពស់​សកម្មភាពរ​បស់​យុវជន​នៅក្នុង​របៀបវារៈ​សន្តិភាព និង​សន្តិសុខ ។​

​អំពី​ការកសាង​សហគមន៍​អាស៊ាន រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ពិភាក្សា ដាន​លើ​បញ្ហា​មួយចំនួន​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ នៅពេល​វៀតណាម ជា​ប្រធាន អាស៊ាន ដើម្បី​រក្សា​សន្ទុះ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សហគមន៍​អាស៊ាន ដូចជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុម័ត​ផែនការ​លំអិត​សហគមន៍​អាស៊ាន​ទាំងបី ព្រមទាំង ដំណើរការ​រៀបចំ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ ២០២៥ ។ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ការ ព​ន្លឿ​ន​ការធ្វើសមាហរណកម្ម​អាស៊ាន តាមរយៈ​ការអនុវត្ត​ផែនការ​ការងារ​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់ សមាហរណកម្ម​អាស៊ាន​លើក​ទី​៤ (២០២១-២០២៥) ការអនុវត្ត​នូវ​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន ឆ្នាំ​២០២៥ ឲ្យ​បាន​ពេញលេញ និង​គាំទ្រ​ការស្តារ​ឡើងវិញ​ក្នុង​តំបន់​ក្រោយពី​ជំងឺ​រាតត្បាត​សកល​។​

​ចំពោះ​ការឆ្លើយតប​ជា​លក្ខណៈ​តំបន់​ទៅនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ កិច្ច​ប្រជុំបាន បង្ហាញ​ការប្តេជ្ញាចិត្ត​ដើម្បី​អនុវត្ត​ក្របខណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​ឱ្យបាន​ឆាប់ រហ័ស ប្រើប្រាស់​មូលនិធិ​សម្រាប់​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ -១៩ របស់​អាស៊ាន និង​ធ្វើ​ការងារ​ឆ្ពោះ ទៅរក​ការបង្កើត​ក្របខណ្ឌ​ក្នុងការ​រៀបចំ​ច្រក​ធ្វើដំណើរ​ក្នុង​អាស៊ាន​។​

​ចំពោះ​ទំនាក់ទំនង​ជាមួយ​ភាគី​ខាងក្រៅ កិច្ច​ប្រជុំបាន​សង្កត់ធ្ងន់​ម្តងទៀត​ពី​សារៈសំខាន់​នៃ ការពង្រឹង​ម​ជ្ឈ​ភាព​និង​ឯកភាព​អាស៊ាន ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន តាមរយៈ យន្តការ​ដឹកនាំ​ដោយ​អាស៊ាន​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​អបអរ​សារ​ទ​ការចូល​កាន់តំណែង របស់​រដ្ឋបាល​សហរ​ដ្ឋ​អាមេរិក​ថ្មី និង​រំពឹង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក និង ជំរុញ​កិច្ចសហប្រតិបត្តិការ​កំរិត​ខ្ពស់ ដើម្បី​លើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅ ក្នុង​តំបន់​។ កិច្ចប្រជុំ​ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ខួប​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​ចិន ដោយ​ភាគី​ទាំងពីរ​ធ្វើការ​រួមគ្នា​លើ​គំនិត​ផ្តួចផ្តើម​ដើម្បី​ជំរុញ​បន្ថែម​នូវ​ទំនាក់ទំនង​គ្រប់ កំរិត ដើម្បី​សុខុមាលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព​នៅក្នុង​តំបន់ ។​

​សម្រាប់​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ រដ្ឋមន្ត្រី​បាន​ចែករំលែក​ទស្សនៈ និង​ការយល់ឃើញ លើ​បញ្ហា​មួយចំនួន រួមមាន ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ ការវិវឌ្ឍ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ សេដ្ឋកិច្ច ពណ៌​ខៀវ បញ្ហា​រដ្ឋ​រ៉ា​ខា​ញ និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ។​

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​នូវ​ចំណុច​មួយចំនួន ដូច​ខាង​៖

​ចំពោះ​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​របស់​អាស៊ាន​ក្នុងការ​ឆ្លើយតប​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ស្នើថា អាស៊ាន​គួរតែ​បង្កើន​ចំនួន​ទឹកប្រាក់​មូលនិធិ​អាស៊ាន​ក្នុង ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការធ្វើទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន ដើម្បី​ចូលរួម​ការបរិច្ចាគ​។​

​សម្រាប់​ម​ជ្ឈ​ភាព​អាស៊ាន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា “​មាគ៌ា​អាស៊ាន​ដែល​ឈរលើ​គោលការណ៍​ពិគ្រោះ​យោបល់​និង​កុងសង់ស៊ីស ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​សិទ្ធិ​អធិបតេយ្យភាព​ស្មើភាព​គ្នា គឺ​រឹតតែ​សមស្រប​សម្រាប់ អាស៊ាន​នៅពេល​ជួប​ជាមួយ​ភាពបត់បែន​នៅក្នុង​ការតម្រង់ទិស​ប្រឈម​នឹង​ការប្រកួតប្រជែង​របស់ ប្រទេស​មហាអំណាច ។​

​ចំពោះ​ទំនាក់ទំនង​ជាមួយ​ភាគី​ខាងក្រៅ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី​អំពី​ការស្វាគមន៍​របស់​កម្ពុ​ជា ចំពោះ​ការទទួលយក​ចក្រភព​អង់គ្លេស​ជា​ដៃគូ​សន្ទនា របស់​អាស៊ាន និង​លើកទឹកចិត្ត​អាស៊ាន​ឱ្យ​ដោះស្រាយ​នូវ​រាល់​បញ្ហា​នីតិវិធី​នានា ។​

​ចំពោះ​បញ្ហា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP ) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ទំនុកចិត្ត​លើ​RCEP ថា​ជា​ចលករ ដ៏​សំខាន់​នៃ​ការស្តារ និង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ហើយ​បាន​លើកទឹកចិត្ត​ដល់​ប្រទេស​ដែល ចូលរួម​ក្នុង RCEP ទាំងអស់​ព​នឿន​ដំណើរ​ការផ្តល់​សច្ចាប័ន​។​

​អំពី​ការវិវត្ត​នៅ​ឧបទ្វីប​កូរ៉េ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​កំរិត​ខ្ពស់ ជាមួយនឹង​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ តាមរយៈ​វេទិកា​តំបន់​អាស៊ាន (ARF ) ដើម្បី​បង្កើត​ការយោគយល់​កាន់តែ​ប្រសើរឡើង និង​អាចធ្វើឱ្យ​មានការ​អភិវឌ្ឍ ជា​វិជ្ជមាន​។​

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​ចែករំលែក​ក្តី​ប្រាថ្នា​រួម​ចង់ឃើញ​សមុទ្រ​ចិន​ខាងត្បូង ជា​សមុទ្រ​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​វិបុលភាព​។ កម្ពុជា​តែងតែ លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​ភាពខុសគ្នា ប្រកបដោយ​ការ យោគយល់​គ្នា តាមរយៈ​កិច្ចពិភាក្សា​ដោយ​សន្តិវិធី ផ្អែកលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សាកល រួមទាំង អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី ច្បាប់​សមុទ្រ (UNCLos ) ឆ្នាំ ១៩៨២ ផងដែរ ។ ឯកឧត្តម​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ឱ្យ បន្ត​កិច្ចចរចា​លើ​ក្រម​ប្រតិបត្តិ (coc) តាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បី​បញ្ចប់ coc ឱ្យបាន​ឆាប់ ដែលមាន​ប្រសិទ្ធិភាព ប្រកបដោយ​ខ្លឹមសារ និង​ស្របតាម​ច្បាប់​អន្តរជាតិ ។ ចំពោះ​បញ្ហា​រដ្ឋ​រ៉ា​ខា​ញ _ កម្ពុ​ជាមាន​សេចក្តី​រីករាយ​ចំពោះ​វឌ្ឍនភាព​ដែល​សម្រេចបាន កន្លងមក លើ​ការអនុវត្ត​អនុសាសន៍​ដែល​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការវាយតម្លៃ​តម្រូវ ការ​បឋម និង​គាំទ្រ​ដល់​ក្រុមការងារ​លេខាធិការដ្ឋាន​អាស៊ាន​ឱ្យ​បន្ត​ចាត់វិធានការ និង តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​មនុស្សធម៌​ក្នុង​តំបន់​នេះ​៕

អត្ថបទដែលជាប់ទាក់ទង