ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មានស្ដីពី៖ លទ្ធផលនៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធវីដេអូ

93

ភ្នំពេញ៖ កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី ត្រូវបានរៀបចំឡើងរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ហើយបានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដែលជាសមាជិកនៃគណៈកម្មការចម្រុះនេះ។

កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ភីទើ ហ្ស៊ីយ៉ាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាអំឡុងពេលទស្សនកិច្ចជាផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារនៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-ហុងគ្រី បានកត់សម្គាល់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបានពិភាក្សាពិគ្រោះយោបល់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យចំនួន 0៩ រួមមាន៖ (១) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ (២) គម្រោងឥណទាន (Tied Aid Credit Cooperation) (៣) កសិកម្ម សេដ្ឋកិច្ចស្បៀង សុវត្ថិភាពម្ហូបអាហារ រុក្ខាប្រមាញ់ និងនេសាទ (៤) ការគ្រប់គ្រងធនធានទឹក (៥) វិស័យអប់រំ យុវជន និងកីឡា (៦) វប្បធម៌ (៧) ទេសចរណ៍ (៨) ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង(៩) អាកាសចរស៊ីវិល។ ភាគីទាំងពីរ បានបេ្តជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ បន្ថែមទៀត តាមរយៈការរៀបចំនូវផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្ត។

សម្រាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើនទំហំ
ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ខណៈពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី នៅមានកម្រិតទាបនៅឡើយ ទន្ទឹមនឹងនោះ ជំរុញលើកទឹកចិត្តឲ្យធុរជន និងវិនិយោគិនហុងគ្រី មកស្វែងយល់បន្ថែមពីសក្តានុពល ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ភាគីកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់កិច្ចសហការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍តេជោភូមិ ១០០ និងបានលើកទឹកចិត្តឲ្យមានការពិភាក្សា និងសិក្សាបន្ថែមលើគម្រោង Tied Aid Credit Cooperation រវាងក្រសួងជំនាញនៃប្រទេសទំាងពីរ។

សម្រាប់វិស័យកសិកម្ម សេដ្ឋកិច្ចស្បៀង សុវត្ថិភាពម្ហូបអាហារ រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរបានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការស្តីពីការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងការចិញ្ចឹមសត្វ ពូជដំណាំដែលផ្តល់ទិន្នផលខ្ពស់ វារីវប្បកម្ម សត្តឃាត និងផលិតផលទឹកដោះ។

សម្រាប់វិស័យគ្រប់គ្រងធនធានទឹក ភាគីទាំងពីរបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងអាងទន្លេ (River Basin) និងការគ្រប់គ្រងធនធានទឹក និងកាកសំណល់។

សម្រាប់វិស័យអប់រំ យុវជន និងកីឡា ភាគីទាំងពីរ ក៏បានឯកភាពក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្តល់អាហារូបករណ៍ និងចែករំលែកបទពិសោធន៍ស្តីពីកីឡា សកម្មភាពយុវជន បណ្តុះបណ្តាលជំនាញ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចប្រតិភូយុវជន។ ភាគីទាំងពីរបានឯកភាពក្នុងការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ព្រមទាំងស្វែងរកលទ្ធភាពក្នុងការបង្កើតទំនាក់ទំនងរវាងវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។

ក្រៅពីវិស័យសំខាន់ៗខាងលើ ភាគីទាំងពីរបានបង្ហាញពីបំណង និងបេ្តជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌ ទេសចរណ៍ និងអាកាសចរស៊ីវិលផងដែរ។ បន្ថែមពីនេះ ក្រុមការងារនៃគណៈកម្មការចម្រុះ នឹងជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានាពេលកន្លងមក។

ជាកិច្ចបញ្ចប់ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នៅក្នុងបរិយាកាសដ៏ស្និទស្នាលប្រកបដោយមិត្តភាព និងបានព្រមព្រៀងថានឹងគ្រោងរៀបចំកិច្ចប្រជុំលើកទី២ គណៈកម្មការចម្រុះនេះ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី តាមកាលបរិច្ឆេទសមស្របនាពេលឆ្នាំខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង