ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ម្ជុលដូសទី១ នៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិននេះ គឺសម្ដេចជាអ្នកចាក់មុនគេបង្អស់

48

 

ភ្នំពេញ៖ ទាក់ទងនឹងបញ្ហាវ៉ាក់សាំងកូវីដ១៩ វីញ សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ ដោយបង្ហាញពីមូលហេតុដែលនាំឱ្យសម្តេចសម្រេចចិត្តទទួលវ៉ាក់សាំងពីប្រទេសចិននាពេលនេះ ទោះបីអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសជាផ្លូវការ។

ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ម្ជុលដូសទី១ នៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិននេះ គឺសម្ដេចជាអ្នកចាក់មុនគេបង្អស់ ហើយសម្ដេចសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត នឹងចាក់វ៉ាក់សាំងនេះជាបន្ដបន្ទាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ១៩នេះ គឺមិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងស្ម័គ្រចិត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ។ សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «វ៉ាក់សាំងស៉ីណូហ្វាម នឹងមកដល់លើកដំបូងក្នុងខែកុម្ភៈនេះ ហើយខ្ញុំសូមប្រកាសថា នៅពេលវ៉ាក់សាំងមកដល់ព្រលានយន្ដហោះពោធិ៍ចិនតុង ខ្ញុំនឹងចេញទៅទទួលខ្លួនឯង នូវវ៉ាក់សាំងនេះ ព្រោះនេះយើងចាត់ទុកជាទំនិញយុទ្ធសាស្ដ្រ និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ នឹងចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយឥតគិតថ្លៃ ហើយគ្មានការបង្ខំនោះទេ ពោលអ្នកណាចង់ចាក់ក៏បាន អ្នកណាមិនចង់ចាក់ក៏បាន។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើជំរឿនចាប់ពីពេលនេះ ដើម្បីកំណត់អំពីចំនួនច្បាស់លាស់ អ្នកដែលត្រូវការចាក់ និងអ្នកណាដែលមិនត្រូវការចាក់។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា ពិភពលោកនឹងដើរដល់ចំណុចមួយ ដែលទាមទារនូវការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងវិញ្ញាបនត្រច្បាស់លាស់ ទើបអាចធ្វើដំណើរឆ្លងកាត់ ប្រទេសផ្សេងៗទៀតបាន។ មូលហេតុ ដែលសម្ដេចហ៊ានគិតបែបនេះ ដោយសារបទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្ដេច នៅពេលទៅអាហ្វ្រិច គឺទាមទារឲ្យចាក់វ៉ាក់សាំងការពារជំងឺគ្រុនបាញ់លឿងជាមុនសិន។

សម្ដេចបានអះអាងទៀតថា នៅថ្ងៃខាងមុខ ប្រសិនបើកម្ពុជាចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាជនបានច្រើនហើយនោះ គឺត្រូវទាមទារឲ្យអ្នកដែលចូលមកប្រទេសកម្ពុជា ត្រូវចាក់វ៉ាក់សាំងនេះជាមួយដូចគ្នាផងដែរ។ សម្ដេចថា នេះជាគោលការណ៍ស្ម័គ្រចិត្តក៏ពិតមែន ប៉ុន្ដែប្រទេសនីមួយៗអាចមានតម្រូវការ ហើយបើកម្ពុជាចាក់វ៉ាក់សាំងបានច្រើន លំហូរទាក់ទាញអ្នកវិនិយោគមកកម្ពុជា ក៏កាន់តែប្រសើរដូចគ្នាផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើកម្ពុជា មិនបានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានច្រើននោះទេ អ្នកវិនិយោគច្បាស់ជាមើលឃើញថា កម្ពុជា ជាប្រទេសមួយដែលមានហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ-១៩ ហើយធ្វើឲ្យគេនឹងមិនមកវិនិយោគ នោះឡើយ ដូច្នេះវ៉ាក់សាំង មិនត្រឹមតែការពារប្រជាពលរដ្ឋពីការឆ្លងជំងឺរាតត្បាតនោះទេ ប៉ុន្ដែវ៉ាក់សាំងក៏ជាផ្នែកមួយនៃការទាក់ទាញវិនិយោគពីបរទេសដែរ។ នេះជាការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ មូលហេតុទាំងអស់នេះហើយ ដែលទាមទារឲ្យសម្ដេចស្វះស្វែងក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មកចាក់ដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា។ ការងារមិនមែនសម្រេចតែសម្ដេចម្នាក់ឯងនោះទេ គឺមានការពិភាក្សាច្បាស់លាស់ណាស់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ការរកវ៉ាក់សាំងកូវីដ-១៩ នេះ សម្តេចប្រើច្រក៣ រួមមាន៖ ទី១៖ ច្រកកូវ៉ាក់ ដែលជាច្រកអង្គការសុខភាពពិភពលោក, ទី២៖ ជាមួយប្រទេសជាមិត្ត និងទី៣៖ ចរចាផ្ទាល់ជាមួយក្រុមហ៊ុន។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន៥០ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង