ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរជាតិ អន្ដរជាតិ បានចាត់ទុក ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ និងជាដំណាំមួយប្រកបដោយសក្តានុពលរបស់ខេត្តកំពត

94

 

កំពត ៖ ទុរេនកំពត ត្រូវបាន អតិថិជន និងមជ្ឈដ្ឋាន ទូទាំងប្រទេស បានចាត់ទុកជាទុរេនជាប់លំដាប់ថ្នាក់លេខ១ មានភាព ល្បីល្បាញ ប្រកបដោយសក្តានុពល ថែមទាំងបានចាត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតទៀតផង ។

ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់ និមួយៗ ពិសេសក្នុងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា៖ ការដាំទុរេនពិតជាត្រូវមានការថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុងរយៈពេល៤ទៅ៥ឆ្នាំទើបចាប់ផ្តើមទាញយកផលបណ្តើរៗ។កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត ចាប់ផ្តើមពីខែមេសា បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏មានកន្លែងខ្លះប្រមូលផលនៅខែឧសភាផងដែរ។

ដោយសារទុរេនកំពតមានរសជាតិផ្អែម ឆ្ងុយឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំណាំប្រកបដោយសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រភេទដែលកសិករដាំដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី២មុឺនរៀលឡើងទៅ ក្នុង១គីឡូក្រាម ដោយឈ្មួញតែងតែមកម៉ៅបេះដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង។

ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយ សក្តានុពលរបស់ខេត្តកំពតនេះ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ភូមិ សាស្ត្រជាច្រើននៅក្នុងខេត្តកំពត តែងចូលចិត្តប្រកបការងារដាំដំណាំទុរេន ពិសេសក្នុងភូមិសាស្ត្រស្រុកទឹកឈូ ព្រោះទុរេនកំពត មានហាងឆេងខ្ពស់ខុសពីទុរេននៅតាមបណ្តាខេត្តនានា ហើយផ្ទៃដីដែលកសិករដាំទុរេនក្នុងខេត្ត មានសរុប ១២៣១ហិកតា។
លោកបានបន្ថែមទៀតថា ក្រៅពីការដាំដុះទុរេន កសិកររមែងនាំគ្នាដាំដំណាំរួមផ្សំជា ច្រើនប្រភេទទៀតដែលធ្វើឲ្យពួកគាត់កាន់តែមានជីវភាពកសន់តែធូរធា ដោយពុំបានទុកដីឲ្យនៅទំនេរឥតប្រយោជន៍នោះឡើយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង