ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប៊ុត បុប្ផា ត្រូវបានតែងតាំងជា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ជំនួសលោក ដេត ណូ ដែលបានចូលនិវត្តន៍

48

ព្រះសីហនុ៖ ព្រឹកថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត ប្រតិភូក្រសួង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

តាមសេចក្តីប្រកាសលេខ ១៩២ប្រក សម្រេចតែងតាំងលោក ប៊ុត បុប្ផា ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ជំនួសលោក ដេត ណូ ដែលបានចូលនិវត្តន៍ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំបុគ្គលិកមន្ទីរវប្បធម៌ជា ពិសេសលោក ដេត ណូ ចូលនិវត្តន៍ បានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការដឹកនាំមន្ទីរទទួលបានលទ្ធផលល្អមានការគោរពពីមន្ត្រីក្រោមឱវាទ ព្រមទាំងបានផ្ដាំផ្ញើលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ថ្មី ដែលបានផ្ដល់សេចក្តីទុកចិត្តពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតាំងជាប្រធានមន្ទីរវប្បធម៌ថ្មី ត្រូវបំពេញការងារឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់លិខិតបទដ្ឋានគតិយុត្ត មានការរីកចម្រើន ប្រតិបត្តិការទន់ភ្លន់ម៉ត់ចត់ជាមួយមន្ទីរ អង្គភាពអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ប្រកបដោយមនសិការវិជ្ជាជីវៈទទួលការខុសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវវចនាពីរគឺ “កែទម្រង់ខាងក្នុង” និង “បង្កើនមិត្តខាងក្រៅ” ព្រមទាំងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក “កែទម្រង់ គឺរស់ បើមិនកែទម្រង់គឺស្លាប់ ” ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើលោកប្រធានមន្ទីរថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចបែងចែកការងារដល់មន្ត្រីក្រោមឱវាទ សហការសាមគ្គីភាពផ្ទៃក្នុង ពិសេសសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តស្រាវជ្រាវសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរឱ្យក្លាយជាចលករប្រកបដោយប្រសិទ្ធភាពក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ស្រី សួន រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការផ្តាំផ្ញើប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចាត់ចែកការងារឱ្យមានតម្លាភាព និងគណនេយ្យភាព ស្មោះត្រង់តម្កល់ផលប្រយោជន៍រួមជាធំ មិនត្រូវមើលបំណាំគ្នា បើមានបញ្ហាប្រឈមត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ។ ត្រូវយកចិត្តទុកដាក់លើសេចក្តីណែនាំលេខ ០២ស.ណ.ន ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១ និងខ្លឹម សារប្រកាសលេខ ១៧២ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០២ ស្តីពីការតាំងផ្ទាំងយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងផ្ទាំងសញ្ញា ។ ខិតខំបង្កើតក្រុមសិល្បៈ សហការជាមួយអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ មន្ទីរអប់រំ អង្គការ សមាគមន៍សិល្បៈ និងវិស័យឯកជន រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈនៅតាមទីធ្លាសាធារណៈ ដើម្បីផ្សព្វផ្សាយបង្ហាញសិល្បៈ ប្រពៃណីវប្បធម៌ ឱ្យអ្នកទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ បង្កើនភាពរស់រវើកនៃវប្បធម៍ជាតិខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង