ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩

58

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បានធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​អង្គពិធី​ថា កាលពី​ឆ្នាំ​២០១៩​កន្លងទៅ កម្ពុជា​បាន​អនុវត្ត​ការធ្វើជំរឿន​ប្រជាជន​ទូទាំងប្រទេស ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្ដង បន្ទាប់ពី​កម្ពុជា​បានធ្វើ​ជំរឿន​ប្រជាជន​លើកដំបូង​កាលពី​ឆ្នាំ​១៩៦២ និង​ខកខាន​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍ ដោយសារ​វិបត្តិ​ផ្ទៃក្នុង រហូតដល់​ឆ្នាំ​១៩៩៨ ទើប​ជំរឿន​លើក​ទី​២​ត្រូវបាន​ធ្វើឡើង​ជាថ្មីទៀត ។​

​ឯកឧត្តម​បាន​រំលឹកថា​នៅ​ឆ្នាំ​២០០៨ កម្ពុ​ជាមាន​ផែន​ការធ្វើជំរឿន​លើក​ទី​៣ ប៉ុន្តែ​ការងារ​នេះ​ត្រូវបាន​ខកខាន​ទៅវិញ ដោយសារ​ពេលនោះ​កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោតជាតិ ទើប​មានការ​សម្រេច​លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ​២០១៩​វិញ ដោយ​ប្រើប្រាស់​ថវិកាជាតិ ចំណាយ​អស់​ថវិកា​ប្រមាណ​៩​លាន ៩​សែន​ដុល្លារ​អាមេរិក ។ ឯកឧត្តម​ក៏បាន​ថ្លែង​អំ​រណរ​គុណ​ដៃគូ​ជាតិ និង​អន្តរជាតិ​ដែល​តែងតែបាន​ចូលរួម​សហការ និង​គាំទ្រ​ក្នុង​ការងារ​ធ្វើ​ជំរឿន​នេះដែរ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ជំរឿន​ឆ្នាំ​២០១៩ មាន​វិសាលភាព​គ្របដណ្ដប់​លើ​គ្រួសារ​ប្រជាជន​សរុប​ចំនួន ៣,៥​លាន​គ្រួសារ ស្ថិតក្នុង​តំបន់​ផ្សេងៗ​គ្នា​ទូទាំងប្រទេស ទាំង​អ្នក​រស់ក្នុង​លំនៅដ្ឋាន ស្ថាប័ន ផ្ទះសំណាក់ វត្ត​អារាម មន្ទីរពេទ្យ ពន្ធនាគារ ជាដើម លើកលែងតែ​ប្រជាជន​ធ្វើការ រៀនសូត្រ ឬ​រស់នៅ​ក្រៅប្រទេស គ្រួសារ​អង្គទូត​ក្រៅប្រទេស​ប៉ុណ្ណោះ​។​

​អញ្ជើញ​ថ្លែង​សុន្ទរកថា​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានចាត់ទុក​ពិធី​ប្រកាស​ផ្សព្វផ្សាយ របាយការណ៍​ជាតិ​នៃ​លទ្ធផល​ចុងក្រោយ ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩​នេះ ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ ដែល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ និង​ស្របតាម​ច្បាប់​ជា​ធរមាន និង​បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​គណៈកម្មការ​ជំរឿន ក្រសួងផែនការ វិទ្យាស្ថាន​ជាតិ​ស្ថិតិ ព្រមទាំង​មន្ត្រី​ជំរឿន​រាប់ ម៉ឺន​នាក់ និង​ប្រជាជន​កម្ពុជា​ដែល​បាន​បំពេញ​កិច្ចការ​នេះ​ប្រកបដោយ​ជោគជ័យ ។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​អង្គការ​មូលនិធិ​សហប្រជាជាតិ សម្រាប់ ប្រជាជន (UNFPA) និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ អាល្លឺម៉ង់ (GIZ) ព្រមទាំង​អង្គការ Sida ដែល​បាន ផ្តល់ជំនួយ​ថវិកា និង​បច្ចេកទេស​គាំទ្រ និង​រដ្ឋាភិបាល​ចិន ដែល​បានផ្តល់​ឧបករណ៍​សម្រាប់​ការងារ​ជំរឿន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដូចជា រថយន្ត ម៉ូតូ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដូចជា ម៉ាស៊ីន​សឺ​វ៉ើ កុំ​ព្យួ​ទ័​រ ព្រី​ន​ធ័​រ និង Tablets និង​ម៉ាស៊ីន បញ្ចាំង​ស្លាយ (LCD Projector) ជាដើម ។​

​សម្ដេច​បាន​បន្ថែមថា​ជំរឿន​ប្រជាជន គឺជា​ប្រភពព័ត៌មាន​តែមួយគត់​ស្តីអំពី​ចំនួន និង​ចរិត លក្ខណៈ​ប្រជាជន ។ ជំរឿន​ប្រជាជនមាន វិសាលភាព​រឹងមាំ ល្អិតល្អន់ និង​អាច​ផ្តល់អោយ​នូវ​ចំនួន​ប្រជាជន​ក្នុង តំបន់​រហូតដល់​ថ្នាក់​តូចៗ​ថែមទៀត ដែល​ប្រភព​ទិន្នន័យ​ផ្សេងៗ​ទៀត​មិនមាន​ឡើយ ។ ជំរឿន​ក៏​ផ្តល់ជូន​ផងដែរ នូវ​ក្របខ័ណ្ឌ​ជ្រើសរើស​គំរូ ក៏ដូចជា​មូលដ្ឋាន នៃ​ការធ្វើ​ចំណោល ឬ​ព្យាករណ៍​ប្រជាជន ដែលជា​កត្តា​សំខាន់​សម្រាប់ ការងារ​ផែនការ​រយៈពេល​វែង ។

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ក៏បាន​ចែករំលែក​ជាមួយ​អង្គពិធី​នូវ​មតិយោបល់​មួយចំនួន អំពី​តួនាទី និង​អត្ថប្រយោជន៍​ក្នុងការ​រៀបចំ​គោលនយោបាយ​របស់​ទិន្នន័យ​ស្ថិតិ ពិសេស​ជំរឿន​ប្រជាជន ក្នុង ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាយ​ល់​ឃើញថា ជា​កិច្ច​ការសំខាន់​មាន​អាទិភាព ខ្ពស់​សម្រាប់​ទទួល​នូវ​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ ។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​បានផ្ដល់​អនុសា​សន៍​ឱ្យប្រើ​ប្រាស់​ទិន្នន័យ​ជំរឿន​នេះ ជា​ទិន្នន័យ​មានគុណ​ភាពល្អ គួរ​ជឿទុកចិត្ត​បានឱ្យ​បាន​ទូលំទូលាយ​ក្នុងការ​រៀបចំ​គោលនយោបាយ និង​គាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ និង​កម្មវិធី​ផ្សេងទៀត ដោយ​ត្រូវខិតខំ​វិភាគ​ទិន្នន័យ​ជំរឿន​នេះ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​ការប្រើប្រាស់ និង​តម្រូវការ​ទិន្នន័យ​ទាំង​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ព្រមទាំង​ខិតខំ​កៀគរ​ដៃគូ​សហ​ការធ្វើជំរឿន​សេដ្ឋកិច្ច និង​ជំរឿន​កសិកម្ម ។​
​សម្ដេច​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល និង​កសាង​ធនធានមនុស្ស​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការងារ​ធ្វើ​ជំរឿន និង​អង្កេត ពីព្រោះ​កិច្ចការ​នេះ​គឺជា​កិច្ចការ​ស្មុគស្មាញ និង​ជា​ពហុ​វិស័យ ។

​សម្ដេច​ក៏បាន​ណែនាំ​ឱ្យមាន​ការផ្សព្វផ្សាយ​ទិន្នន័យ​ជំរឿន​នេះ​ឱ្យបាន​ទូលំទូលាយ ដើម្បី​បង្កើន​ការយល់ដឹង និង​ប្រើប្រាស់​ស្ថិតិ​បាន​ត្រឹមត្រូវ ។ សម្ដេច​បាន​ណែនាំ​ឱ្យ​ខិតខំ​ពង្រឹង​ប្រព័ន្ធ​ស្ថិតិ​ជាតិ តាមរយៈ​ការពង្រឹង​បទបញ្ញត្តិ និង​យន្តការ​នានា​ឱ្យស្រប​តាមច្បាប់ និង​យុទ្ធសាស្ត្រ​ជាតិ ចៀសវាង​ភាព​ជាន់គ្នា​ក្នុងការ​អង្កេត និង​ភាព​ប្រទាំង​ប្រ​ទិស​ក្នុងការ​ផ្សព្វផ្សាយ​លទ្ធផល ។​

​មុននឹង​បញ្ចប់​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយ​ស​ជូន​ថ្នាក់ដឹកនាំ មន្ត្រី និង​ដៃគូ​សហប្រតិបត្តិការ​នា​នា ដែលមាន​ស្នាដៃ​ក្នុងការ​ចូលរួម​អនុវត្ត និង​គាំទ្រ ធ្វើឱ្យ​សម្រេចបាន​ជោគជ័យ​ការធ្វើជំរឿន​ទូទៅ​ប្រជាជន​ឆ្នាំ​២០១៩ រហូត​មានការ​ប្រកាស​ជា​ផ្លូវការ​នៅថ្ងៃនេះ ៕​

អត្ថបទដែលជាប់ទាក់ទង