ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល​៧​ថ្ងៃ​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង បញ្ចេញ​សំឡេង​លើស​កម្រិត​ខុសច្បាប់ ១០០ គ្រឿង​យកមក​អប់រំ​

59

 

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្នុង​រយៈពេល​៧​ថ្ងៃ​ដែល​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ទទួលបាន​ការផ្សព្វផ្សាយ​ស្តី​ការលុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​រួច​ហើ យ​នោះ នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​ចាប់​ឃាត់​ម៉ូតូ​១០០​គ្រឿង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​បញ្ចេ​ក​ទេស​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ខណៈដែល​ឯកឧត្តម​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​គរ​បាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ត​ជំរុញ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ត្រូវអនុវត្ត​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម​ថែរក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​សារ​ធារ​ណៈ ។​

​សេចក្តីរាយការណ៍​ដឹងថា ក្នុងចំណោម​ម៉ូតូ​១០០​គ្រឿង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​មាន​៦០​គ្រឿង ត្រូវបាន​នគរបាល​ចាប់​ឃាត់​កំពុងធ្វើដំណើរ​តាមផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ចំណែក​៤០​គ្រឿង​ទៀត​ត្រូវបាន​នគរបាល​មូលដ្ឋាន​កំណត់​អត្តសញ្ញាណ​ដាក់​ទុក​នៅតាម​ខ្នង​ផ្ទះ ។ នៅពេល​កម្លាំង​នគរបាល​ចាប់​ឃាត់​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង សមត្ថកិច្ច​ក៏បាន​តម្រូវឱ្យ​ដោះ​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​ខុស​បច្ចេកទេស​នោះ​ចេញ ដោយ​ឱ្យ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​ផលិត​ចេញពី​រោងចក្រ​មក​ដាក់​ប្រើប្រាស់​វិញ​ហើយ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​បន្តទៀត ។​

​សូមបញ្ជាក់ថា ជុំវិញ​នៃ​ការអនុវត្តន៍​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការលុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​គរ​បាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​នៃ​ការអនុវត្ត​វិធានការ​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​ដែលមាន​ការចូលរួម​ពី​លោក​ស្នងការរង លោកនាយ​ការិយាល័យ​ជំនាញ​និង​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ណែនាំ​ឱ្យ​លោកស្នងការ​រង​ទទួល​ដឹកនាំ​បញ្ជា​ពង្រឹង​ការងារ​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​និង​លោកនាយ​ការិយាល័យ​ចរាចរណ៍ ត្រូវ​ចុះ​អនុវត្ត​សេចក្តីណែនាំ​នេះ​ឱ្យបាន​ម៉ឺងម៉ាត់ និង​ធ្វើជា​ប្រចាំ​ហើយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ ក្រមសីលធម៌ វិជ្ជាជីវៈ ចៀសវាង​អនុវត្ត​លើសពី​គោលការណ៍​ច្បាប់ និង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ បង្កបញ្ហា​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់ និង​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ អំឡុងពេល​បំពេញភារកិច្ច ។ ការអនុវត្ត​នេះ​ផងដែរ ត្រូវយក​វិធានការ​អប់រំ​ជា​ចម្បង ។​

​ឯកឧត្តម ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានលើកឡើង​ទៀតថា ពិតណាស់​ហើយ​ការ​អន​វត្ត​នេះ គឺមាន​ប្រជាពលរដ្ឋ​ខ្លះ​លោក​មិន​សប្បាយចិត្ត​បញ្ចេញ​ទស្សនៈ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​រិះគន់​សមត្ថកិច្ច​ដោយ​កា​រិះគន់​នោះ​មិន​យល់​អំពី​ច្បាប់ និង​ការបង្ក​ផលប៉ះពាល់​រំខាន​ដល់​សិទ្ធិ​អ្នកដទៃ និង​ការប៉ះពាល់​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ និង​បរិស្ថាន ថែម​ទៀតផង ។​

​ជុំវិញ​វិធានការ​នេះ​ផងដែរ ឯកឧត្តម​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ឱ្យ​ចុះ​ត្រួតពិនិត្យ​កំណត់​គោលដៅ​ទីតាំង​ដែល​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​យានយន្ត​គ្រប់​ប្រភេទ​ខុស​បច្ចេកទេស ខុសច្បាប់​និង​ធ្វើបញ្ជី​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ដល់​ការគ្រប់គ្រង​និង​អប់រំ​ឱ្យធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​បញ្ឈប់​សកម្មភាព ៕

អត្ថបទដែលជាប់ទាក់ទង