ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញមានសន្តិសុខ ល្អប្រសើរ២៤ម៉ោងលើ ២៤ម៉ោង មានបរិស្ថានល្អ ជាមួយនឹងមានទន្លេ៤មុខយ៉ាងស្រស់ស្អាតទៀត

69

ភ្នំពេញ៖ រាជធានីភ្នំពេញ ជាទីក្រុងមួយពោរពេញទៅដោយសន្តិសុខល្អ ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ មានបរិស្ថានល្អនិងមានទន្លេបួនមុខ ដែលជាទីក្រុងមួយ មានភាពស្រស់ស្អាតមែនទែន។
នេះបើតាមការលើកឡើងរបស់ លោកអឺមេណេហ្សុីលដូ ” គូប៉ា ” ឡូប៉េស ( H.E. ERMENEGILDO ” KUPA ” LOPES ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈដែលលោកជួបសម្ដែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
លោកអឺមេណេហ្សុីលដូ ” គូប៉ា ” ឡូប៉េស បានមានប្រសាសន៍លើកឡើងថា មន្ត្រីការទូតរបស់ទីម័រក៏ដូចជានិស្សិតទីម័រដែលបាននិងកំពុងស្នាក់នៅធ្វើការងារនិងរៀនសូត្រនៅរាជធានីភ្នំពេញពិតជាមានការកក់ក្តៅខ្លាំងណាស់ ជាមួយនឹងសន្តិសុខយ៉ាងល្អប្រសើរ ប្រៀបបាននឹងការរស់នៅក្នុងផ្ទះរបស់ខ្លួនអញ្ចឹងដែរ។ លោកបញ្ជាក់ថា រាជធានីភ្នំពេញ បើតាមការអង្កេតមើលរបស់លោក ឃើញថា ពិតជាមានសន្តិសុខយ៉ាងល្អប្រសើរខ្លាំងមែនទែន ដោយនៅតាមដងផ្លូវនានា នៅកន្លែងក្លឹបរាត្រី កន្លែងសប្បាយសុភាពនានា ហាក់មិនមានអ្វីគួរឲ្យរំខាននោះទេគឺមានសន្តិសុខល្អ២៤ម៉ោងលើ២៤ម៉ោង បើប្រៀបធៀបទៅនឹងប្រទេសជឿនលឿនមួយចំនួន ពិសេសសហរដ្ឋអាមេរិក ក៏មិនទាន់ធ្វើបានដូចនៅរាជធានីភ្នំពេញដែរ។ ក្រៅពីមានសន្តិសុខល្អប្រសើរហើយ រាជធានីភ្នំពេញក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សមានបរិស្ថានល្អប្រសើរជាមួយនឹងមានទន្លេបួនមុខដ៏ស្រស់ស្អាតថែមទៀត។
លោកអឺមេណេហ្សុីលដូ ” គូប៉ា ” ឡូប៉េស ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលបានដឹកនាំប្រទេសនេះ ចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចម្រើនមកដល់ពេលនេះ។ លោកលើកឡើងទៀតថា សម្ដេចតេជោហ៊ុនសែន ត្រូវបានព្រះ ប្រទានឲ្យមកគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសនេះមានសន្តិភាពពេញបរិបូណ៍ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ។
លោកក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ សម្តេចតេជោហ៊ុនសែន ដែលបានផ្ដល់ជាអំណោយ ម៉ាសចំនួន១លាន៥សែនម៉ាសជាមួយ
និងឧបករណ៍មួយចំនួនទៀត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជូនប្រទេសទីម័រ ខណៈដែលប្រទេសក្បែរខាង ក៏ដូចប្រទេសជាសមាជិកអាស៊ាន មិនបានមើលឃើញទីម័រ ។ នេះជាសណ្តានចិត្តមួយដ៏ល្អបំផុតរបស់កម្ពុជាចំពោះប្រទេសទីម័រ។ បន្ថែមពីនេះទៀតប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែល បានជួយ
ជំរុញឲ្យមានការតស៊ូមតិ រហូតប្រទេសទីម័រ ទទួលបានឯករាជ្យ។
លោកអឺមេណេហ្សុីលដូ ” គូប៉ា ” ឡូប៉េស ក៏បាន ស្នើអោយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រ ដើម្បីឱ្យប្រទេសទីម័រ បានសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញបានគ្រប់គ្រងរាជធានីបានល្អទាំងសន្តិសុខទាំងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានរៀបរាប់ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសក្នុងអំឡុងរបបប៉ុលពតដែលបានកាប់សម្លាប់ប្រជាពលរដ្ឋនឹងកំភ្លេចបំផ្លាញប្រទេសជាតិដល់ចំណូល ។ ប៉ុន្តែក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន មិនត្រឹមតែធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីសង្គ្រាម ហើយនាំមកនូវសន្តិភាពពេញបរិបូរណ៍ប៉ុណ្ណោះទេ តែបានអភិវឌ្ឍប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះថែមទៀត។
លោកបន្តថា ក្រៅពីការគ្រប់គ្រងប្រទេសមានកំណើនសេដ្ឋកិច្ចកើនឡើងហើយនោះ ការគ្រប់គ្រងនូវជំងឺ -១៩ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏បានគ្រប់គ្រងជំងឺកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរផងដែរ ។ លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញពិតជារីករាយណាស់ដែលបានរាប់អាននិងបានទំនាក់ទំនងល្អជាមួយនឹងប្រទេសទីម័រ ហើយចំពោះការស្នើឱ្យប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុង នៅប្រទេសទីម័រនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំប្រតិភូដើម្បីទៅបំពេញទស្សនកិច្ច ក្រោយពេលដែលជម្ងឺកូវីដ-១៩បានសាបរលាបជាមួយនឹងការបានទទួលបាក់សាំងចាក់ការពារជំងឺនេះហើយនោះ៕

 

អត្ថបទដែលជាប់ទាក់ទង