ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ស្ដីពី​ការតភ្ជាប់ មុខតំណ​លូ​ញី​-​ឈ្មោល បញ្ចូល​គ្នា នៅក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ​នៅ​ក្រុង សៀមរាប ខេត្តសៀមរាប​

74

 

​សៀមរាប​៖ ថ្ងៃ​អង្គារ ទី​២៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស​ស្ដីពី​ការតភ្ជាប់​មុខតំណ​លូ និង​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថា្នក់​ដឹកនាំ​ទទួលបន្ទុក តំណាង​អង្គភាព​សាងសង់ និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​គោលបំណង​ស្ដាប់​មន្ត្រី​ជំនាញ​ធ្វើ​បទ​បង្ហាញ​ពី​បច្ចេកទេស​ត​ភ្ជាប់​មុខតំណ​លូ​ញី​-​ឈ្មោល​បញ្ចូល​គ្នា បញ្ហា​ប្រឈម​នានា និង​ក៏​ជា​វេទិកា​សួរដេញដោល ឬ​ចូលរួម​ជា​មតិយោបល់​ទាក់ទង នឹង​បច្ចេកទេស​ត​ភ្ជាប់​មុខតំណ​លូ​ញី​-​ឈ្មោល​បញ្ចូល​គ្នា សំដៅ​ឱ្យ​ការតភ្ជាប់​មុខ​តំណង​លូ​ធ្វើឡើង​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ប្រកបដោយ​គុណភាព​ខ្ពស់ និង​ជាប់​រឹងមាំ​បានល្អ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការតភ្ជាប់​មុខតំណ​លូ​ញី​-​ឈ្មោល​ត្រឹមត្រូវ​តាម បទដ្ឋាន​បច្ចេកទេស និង​ការប្រើប្រាស់​សម្ភារ​ប្រកបដោយ​គុណភាព​ខ្ពស់​ស្របតាម​សៀវភៅ​បន្ទុក និង​កិច្ចសន្យា​សាងសង់​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកប ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​របស់​អង្គភាព​សាងសង់​នីមួយៗ និង​បាន​ផ្ដាំ​ផ្ញើឱ្យ​ក្រុមការងារ​ទទួលបន្ទុក និង​មន្ត្រី​បច្ចេកទេស​ទាំងអស់​បន្ត​សហការគ្នា​ឱ្យបាន​ស្អិតរ​មួ​ត ពិភាក្សា​រក​ចំណុចខ្លាំង និង​ចំណុចខ្សោយ ជាពិសេស​រួមគ្នា​ពិភាក្សា​ស្វែងរក​បច្ចេកទេស​ថ្មីៗ ដើម្បីឱ្យ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​មាន​គុណភាព​កាន់តែ​ខ្ពស់​។​

​សូម​ជម្រាបជូន​ថា​៖ នា​ថ្ងៃស្អែក​ទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នឹង​ដឹកនាំ​ក្រុមការងារ ដើម្បី​អមដំណើរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​៕

អត្ថបទដែលជាប់ទាក់ទង