ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជំរុញ​ឲ្យ​ធុរជន​ បន្ត​ចូលរួម​ជួយ​ជ្រោមជ្រែង​ដល់​សហគ្រិន​វ័យក្មេង​កម្ពុជា

36

 

​ភ្នំពេញ ៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​ធុរជន​ទាំងអស់ សូម​បន្ត​ចូលរួម​ជួយ​ជ្រោមជ្រែង​ដល់​សហគ្រិន​វ័យក្មេង​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងការ​លើកកម្ពស់ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ពិតៗ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែ​ចាត់ទុកថា វិស័យ​ឯកជន ជា​ដៃគូ​អភិវឌ្ឍន៍​មិនអាច​ខ្វះ​បាន​។​

ក្នុង​កម្មវិធី​ផ្ទេរតំណែង​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា នៅ​រសៀល​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០២១ នា​សណ្ឋាគារ​កាំបូឌីយ៉ាណា ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ បាន​មាន​ប្រសា​ស​ថា តាម​ការសង្កេត ក្រោម​ការដឹកនាំ​របស់​លោក​ឧកញ៉ា គួច ផេង ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​អណ​ត្តិ​ចាស់ ក្នុង​រយៈពេល​៣​ឆ្នាំ កន្លងមកនេះ ឃើញថា សមាគម​បាន​អនុវត្តន៍​សកម្មភាព​យ៉ាងខ្លាំង​ក្លា ក្នុង​ការជួយ​ជំរុញ​លើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ SMEs តាមរយៈ​កម្មវិធី​បណ្ដុះ​បណ្ដាល​ម្ចាស់​អាជីវកម្ម ការផ្សារភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ជាពិសេស គឺ​ការចូល​រួមសហការ​កា​រងារ​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើត​គោលនយោបាយ​លើកទឹកចិត្ត​ដល់ SMEs​។​

​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​កោតសរសើរ​នូវ​ស្នាដៃ និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​នូវ​រាល់​ការចូលរួម​អនុវត្តន៍​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល សំដៅ​ជំរុញ​អភិវឌ្ឍន៍ សហគ្រាស​ធុន​តូច​និង​មធ្យម តាម​ផែនការ​សកម្មភាព និង​វិធីសាស្ត្រ​របស់ខ្លួន ពិសេស​ក្នុងដំណាក់កាល​ជម្ងឺ​រាតត្បាត កូ​វីដ​-១៩ ដ៏​គ្រោះថ្នាក់​បំផុត ហើយ​បាន​នឹង​កំពុង​បន្ត​រីក​រាលដាល​ជាស​កល ដែល​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​ប្រតិបត្តិការ​ផលិតកម្ម អាជីវកម្ម​ប្រចាំថ្ងៃ​។​

​ឯកឧត្តម បាន​ថ្លែងថា ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​ជីវិត​មនុស្ស​ដែល​នាំ​ឲ្យ​យើងទាំងអស់គ្នា ត្រូវធ្វើ​ការផ្លាស់ប្តូ​រកា​រ​រស់នៅ ការប្រាស្រ័យ​ទាក់ទង​គ្នា ការគិត របៀបរបប​ធ្វើការ វិធីសាស្ត្រ និង​ប្រើប្រាស់​បច្ចេកវិទ្យា​តាមបែប​ទម្រង់​ថ្មីៗ ដើម្បី​សម្រេច​គោលដៅ បំណងប្រាថ្នា​តាម​ម​ហិ​ច្ឆិ​តា​ក្នុងការ​រស់នៅ ប្រតិបត្តិការ​ផលិតក​ម្ម អាជីវកម្ម និង​ការធ្វើ​សេវាកម្ម​។​

​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​វិធានការ​ដ៏​មុត​ស្រួច​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កំពុង​ធ្វើឱ្យ​បណ្តា​ប្រទេស​នៅលើ​សកលលោក​ចាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ជោគជ័យ​នៃ​ការគ្រប់គ្រង​ស្ថានការណ៍​ប្រទេសជាតិ ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​។ សម្តេច​តេ​ជោ ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដឹកនាំ​យ៉ាង​ហ្មត់ចត់ ប្រកបដោយ​បញ្ញាញាណ​ឈ្លាសវៃ ដើម្បី​គ្រប់គ្រង​ឲ្យ​បានល្អ​នូវ​សភាពការណ៍​ទាំងនេះ រហូតដល់​ក្លាយជា​ប្រទេស​ឈរ​នៅ​លំដាប់​ខ្ពស់​ក្នុង​ពិភពលោក ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ នេះ​បានល្អ​ឥតខ្ចោះ ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ និង​ការចាត់ចែង​អនុវត្តន៍ វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​
​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សង្គម រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​កែទម្រង់ មុត​ស្រួច​ជា​បន្តបន្ទាប់ ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ​នៅ​កម្ពុជា​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជា​បាន​នឹង​កំពុង​លើកកម្ពស់​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម ទាំង​ក្នុង​វិស័យ​ផលិតកម្ម​, ឧស្សាហកម្ម​, សេវាកម្ម ពាណិជ្ជកម្ម និង​រដ្ឋាភិបាល​ឌីជីថល (Digital Government)​។ បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​នឹងដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល នាពេល​ឆាប់ៗ​ខាងមុខនេះ ដែល​ជាមាន​វិធានការ​មុត​ស្រួច ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ រួមមាន​៖ (១) ការដាក់ឱ្យ​អនុវត្តន៍​នូវ​ថ្នាល​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ចំណាយពេល​ខ្លី ក្នុង​ការបើក​ក្រុមហ៊ុន​អាជីវកម្ម (២) បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន ដែល​បាន​ចូល​ជា​ធរមាន​ចាប់​ថ្ងៃទី​១ ខែមករា ឆ្នាំ ២០២១​នេះ និង​(៣)​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង ជាដើម​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សម្ដែង​នូវ​អំណរ​សាទរ ចំពោះ​លោក ស៊ា​ង សុ​បញ្ញា ដែល​ត្រូវបាន​បោះឆ្នោត​គាំទ្រ ជា​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា សម្រាប់​អាណត្តិ ឆ្នាំ​២០២១-២០២៣ ហើយក៏​សូម​កោតសរសើរ​ដល់​ក្រុមប្រឹក្សាភិបាល​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បាន​យ៉ាង​ល្អ ប្រកបដោយ​ឆន្ទៈ​មោះមុត ដោយមាន​ការគាំទ្រ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ពី​សមាជិក សមាជិកា​របស់​សមាគម​គ្រប់ៗ​រូប នាពេល​កន្លងមក​។ ទន្ទឹមនេះ​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា នៅក្នុង​អាណត្តិ​ថ្មី​ក្រោម​ការដឹកនាំ​របស់ ស៊ា​ង សុ​បញ្ញា សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​នឹង​បន្ត​អភិវឌ្ឍន៍​កាន់តែ​រឹងមាំ​មួយកម្រិត​ទៀត ដោយមាន​កិច្ចសហការ​ដ៏​ល្អ​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ធុរកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ជឿនលឿន​ថែមទៀត​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​ធុរជន​ទាំងអស់ សូម​បន្ត​ចូលរួម​ជួយ​ជ្រោមជ្រែង​ដល់​សហគ្រិន​វ័យក្មេង​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងការ​លើកកម្ពស់ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ពិតៗ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែ​ចាត់ទុកថា វិស័យ​ឯកជន ជា​ដៃគូ​អភិវឌ្ឍន៍​មិនអាច​ខ្វះ​បាន​៕

អត្ថបទដែលជាប់ទាក់ទង