ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ដណ្តើម​មេដាយមាស​៤​គ្រឿង ក្នុងចំណោម​៩​វិញ្ញាសា ការប្រកួត​កីឡា​ចំបាប់​ជើងឯក​ថ្នាក់ជាតិ​

168

 

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ចំបាប់​បុរាណ​-​សម័យ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ដែល​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​២៩​ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បាន​រកឃើញ​ជ័យលាភី​ចំនួន​៩​វិញ្ញាសា គិត​ត្រឹម​ថ្ងៃទី​២ ក្នុងចំណោម​វិញ្ញាសា​សរុប​ចំនួន​១៤​។​

​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​អ្នកតំណាង​សមាគម​បាន​អញ្ជើញ ផ្តល់​កិត្តិយស​បំពាក់​មេដាយ និង​ប្រគល់ជូន​ប្រាក់រង្វាន់​អម​ជូន​ដល់​ម្ចាស់​ជ័យលាភី​លើ​៩​វិញ្ញាសា នា​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១​នេះ​នៅ​អាគារ​ប៊ូ​យ៉ុង​ខ្មែរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បានបង្ហាញ​របាយការណ៍​ជ័យលាភី​ទាំង​៩​វិញ្ញាសា​នេះ រួមមាន​៖ វិញ្ញាសា​ចំបាប់​សេរី​នារី ទម្ងន់ ៥៥​គីឡូក្រាម មេដាយមាស សមាគម​គិរី​ដំរី​មាន​រិ​ទ្ធ​, វិញ្ញាសា​ចំបាប់​សេរី​បុរស ទម្ងន់ ៦១​គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសា​ចំបាប់​សេរី បុរស ទម្ងន់ ៥៧​គីឡូក្រាម មេដាយមាស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិញ្ញាសា​ចំបាប់​បុរាណ​បុរស ទម្ងន់ ៥៥​គីឡូក្រាម មេដាយមាស សមាគម​វិហារ​សួគ៌ វិញ្ញាសា​ចំបាប់​សេរី បុរស ទម្ងន់ ៦៥​គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសា​ចំបាប់​សេរី បុរស ទម្ងន់ ៧៤​គីឡូក្រាម មេ​ដា យ​មាស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិញ្ញាសា​ចំបាប់​ក្រិច​កូ​រ៉ូ​មាំ​ង បុរស ទម្ងន់ ៦៣​គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសា​ចំបាប់​សម័យ​នារី ទម្ងន់ ៥០​គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ និង​វិញ្ញាសា​ចំបាប់​បុរាណ បុរស ទម្ងន់ ៦០​គីឡូក្រាម មេដាយមាស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​ក្នុងចំណោម​វិញ្ញាសា​ចំនួន​៩​នេះ គឺ​ក្រសួងមហាផ្ទៃ ឈរ​លេខ​១​បណ្តោះអាសន្ន ដោយ​ឈ្នះ​មេដាយមាស​៤​វិញ្ញាសា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរ​លេខ​២ ដោយ​ឈ្នះ​មេដាយមាស​៣​។ ក្រៅពី​មេដាយមាស ក៏មាន​មេដាយប្រាក់ សំរឹទ្ធ និង​សំរឹទ្ធ​ស្ទួ​ល​លើ​គ្រប់​វិញ្ញាសា​ទាំងអស់​នេះដែរ ដោយ​ជ័យលាភី​មេដាយមាស​ទទួលបាន​ប្រាក់រង្វាន់​អម​ចំនួន ៣០​ម៉ឺន​រៀល​, មេដាយប្រាក់​ទទួលបាន​ប្រាក់រង្វាន់​អម​ចំនួន ២០​ម៉ឺន​រៀល​, មេដាយ​សំរឹទ្ធ​-​សំរឹទ្ធ​ស្ទួន​ទទួលបាន​ប្រាក់រង្វាន់​អម​ចំនួន​១៦​ម៉ឺន​ស្មើៗ​គ្នា​។ ដោយឡែក​ការប្រកួត​នៅសល់​៥​វិញ្ញាសា​ទៀត (​សរុប​ចំនួន​១៤​វិញ្ញាសា​) ដែល​ត្រូវ​ប្រកួត​បញ្ចប់​ព្រឹត្តិការណ៍ នា​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១៕

​អគ្គលេខាធិការ​រូបនេះ​បាន​បញ្ជាក់ថា ការប្រកួត​កីឡា​ចំបាប់​បុរាណ​-​សម័យ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​មាន​សមាគម​-​ក្លិប​ចំនួន​៩​បាន​ចូលរួម​ប្រកួតប្រជែង​មេដាយ ដោយមាន​គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប​ចំនួន​៨៤​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង