ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិត្តភាព​កម្ពុជា​-​ចិន បានបង្ហាញ ពិភពលោក​នូវ​មិត្តភាព​ពិត រវាង​ប្រជាជន និង​ប្រជាជន ប្រទេស សម្រាប់​មនុស្សជាតិ ដែល​នឹងត្រូវ​បន្តទៅ​រាប់រយ​ពាន់​ឆ្នាំ បន្ដទៀត

39

​កំពង់ស្ពឺ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ចំណងមិត្តភាព មិត្តភាព​កម្ពុជា​-​ចិន បានបង្ហាញ​ពិភពលោក​នូវ​មិត្តភាព​ពិត រវាង​ប្រជាជន និង​ប្រជាជន ប្រទេស និង​ប្រទេស ហើយនឹង​ប្រែក្លាយជា​កេរ្តិ​រ៍​តំណែល​មួយ​នៃ​ការកសាង​សហគមន៍​មួយ វាសនា​មួយ ទៅ​ថ្ងៃ​អនាគត សម្រាប់​មនុស្សជាតិ​ដែល​នឹងត្រូវ​បន្តទៅ​រាប់រយ​ពាន់​ឆ្នាំ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានលើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទីលាន​ហ្វឹកហាត់​ចម្រុះ និង​ការសម្តែង លំ​ហាត់​ទាំង​៧ ជំនាញ​របស់​និស្សិត​នាយទាហាន​កងទ័ពជើងគោក ជំនា​ន់ទី​៩​នៅ​វិទ្យាស្ថាន​កងទ័ពជើងគោក ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក វ៉ាង វិ​ន​ធាន អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​កោត​ស​សើរ​ចំពោះ​អនុព័ន្ធយោធា​ចិន ប្រចាំ​កម្ពុជា ទីប្រឹក្សាយោធា ក្រុមបច្ចេកទេស​ចិន ប្រចាំ​វិទ្យាស្ថាន​កងទ័ពជើងគោក ដែល​បាន​សហការ​ល្អ ជាមួយ​កងយោធពល​ខេមរភូមិន្ទ តាមរយៈ​ការជួយឧបត្ថម្ភ​គាំទ្រ​ជាច្រើន ទាំង​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី សម្ភារៈ និ​ថវិកា​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាស្ថាន​កងទ័ពជើងគោក តាំងពី​ឆ្នាំ​២០០២ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

ជាមួយគ្នានេះ សម្តេច​ពិជ័យ​សេនា បាន​បន្តថា តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​២​ទស្សវត្ស​ចុងក្រោយ​នេះ បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ មាន​ការវិវត្ត​ឥតឈប់ឈរ បានធ្វើឱ្យ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា​-​ចិន មានការ​រីកចម្រើន​គួរឱ្យគត់សម្គាល់ ក្នុងនោះ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​កងទ័ព​ទាំងពីរ ត្រូវបាន​បន្ត​ពង្រឹង ពង្រីក​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ រហូត​ឈានដល់ «​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដោយ​ឈរលើ​គោលការណ៍​ជឿជាក់​គ្នា យោគយល់​គ្នា គោរព​គ្នា និង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា «​លើ​មូលដ្ឋាន​ឈ្នះ​ឈ្នះ និង​សហ​វិជ្ជមាន​» ដែល​មិនអាច​ប​បំបែក​កាត់ផ្តាច់​បានឡើយ ដូច​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​បាន​លើកឡើងថា «​មិត្ត​ភាពជា​ប្រពៃណី និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង កម្ពុជា​-​ចិន គឺជា​សម្បត្តិ​ដ៏​មានតម្លៃ​រួម​រវាង​ប្រជាជន​យើង​ទាំងពីរ​កម្ពុជា​-​ចិន​»​។​

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា សមិទ្ធផល​ទាំងអស់នេះ បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​សកម្មភាព​មនុស្សធម៌ ក្នុង​ស្មារតី​ទទួលខុសត្រូវ ក្នុងនាម​ជា​បងប្អូន ជា​មិត្ត​ដែកថែប មិត្ត​អមតៈ ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ «​មិត្ត​រួមសុខទុក្ខ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​» និង​ជា​មិត្ត​ដៃគូ​ដ៏​ល្អ «​និ​យា​តិច ធ្វើ​ច្រើន​»​។ សកម្មភាព​ទាំងអស់នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​នយោបាយ ការប្តេជ្ញាចិត្ត​ដ៏​មោះមុត ក្នុងការ​លើកស្ទួយ​ចំណងទាក់ទង​ទ្វេរ​ភាគី​ឱ្យ​កាន់តែ​ខ្លាំ​ក្លា​ថែមទៀត​។ ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាន និង​ប្រជាជន កងទ័ព និង​កងទ័ព ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​យូរ​អ​ង្វែ​របស់​ប្រជាជាតិ​ទាំងពីរ​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង