ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ង្វៀង ហ្វូ៊ចុង ដែលបន្តជាប់ឆ្នោតជា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

41

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្ញើសារសម្តែងការអ បអរសាទរដល់ លោក ង្វៀង ហ្វូ៊ចុង (Nguyen Phu Trong) ប្រធានរដ្ឋវៀតណាម ដែលបន្តជាប់ឆ្នោតជា អគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមឱ្យគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដី សោមនស្សរីករាយយ៉ាងខ្លាំង សូមផ្ញើជូននូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការមជ្ឈិមបក្សនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមអាណត្តិទី ១៣ នៅមហាសន្និបាតបក្ស កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១»។

សម្តេចបានបន្តថា ការជ្រើសតាំង លោក ង្វៀង ហ្វូ៊ចុង សាជាថ្មីនេះ បានឆ្លុះបញ្ចាំងនូវទំនុកចិត្ត និងការជឿជាក់របស់បក្សកុម្មុយនីស្ដ និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយសមត្ថភាពរបស់លោក ដើម្បីបន្តអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ និងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់ប្រទេសវៀតណាម។

សម្តេចមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោក ង្វៀង ហ្វូ៊ចុង, បក្សកុម្មុយនីស្ដវៀតណាម នឹងបន្តអនុវត្ត នូវគោលនយោបាយ និងសេចក្ដីសម្រេចសំខាន់ៗ ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យធំធេងថែមទៀត។

នៅក្នុងអាណត្តិថ្មីរបស់ លោក ង្វៀង ហ្វូ៊ចុង សម្តេចមានជំនឿជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និង ទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្ដវៀតណាម នឹងត្រូវបានបន្តពង្រឹង និង ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិយើងទាំងពីរ។

សូមបញ្ជាក់ថា លោកប្រធានាធិបតី ង្វៀង ហ្វូ៊ចុង ត្រូវបានគណបក្សកុម្មុយនិស្ដវៀតណាម ផ្ដល់សេចក្ដីទុកចិត្តដោយបោះឆ្នោត គាំទ្ររូបលោកឱ្យបន្តកាន់តំណែងជា «អគ្គលេខាធិការបក្ស» សម្រាប់អាណត្តិទី៣ជាប់ៗគ្នា (មួយអាណត្តិមានរយៈពេល៥ឆ្នាំ) កាលពីថ្ងៃអាទិត្យ កន្លងទៅ។

ការបោះឆ្នោតនេះ ធ្វើឡើងកំឡុងសមាជបក្សកុម្មុយនិស្ដវៀតណាម ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ក្នុងទីក្រុងហាណូយ ជាទីដែលប្រតិភូបក្ស ១,៦០០នាក់ មកពីទូទាំងប្រទេស ចូលរួម ដើម្បីបោះឆ្នោតជ្រើសថ្នាក់ដឹកនាំថ្មីនៃគណបក្ស, រដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវផែនការសេដ្ឋកិច្ច និងគោលនយោបាយនានា។

ការបោះឆ្នោតឱ្យលោក ង្វៀង ហ្វូ៊ចុង មានអាយុ ៧៦ឆ្នាំ បន្តកាន់តំណែងជាអគ្គលេខាធិការបក្ស ធ្វើឡើងក្រោមការលើកលែងពិសេសមួយ ដែលកំណត់ថា អ្នកមានអាយុ ៦៥ឆ្នាំឡើង ត្រូវតែចូលនិវត្តន៍។ លោក ង្វៀង ហ្វូ៊ចុង បានជាប់ឆ្នោតជាអគ្គលេខាធិការបក្ស ២លើករួចមកហើយ គឺកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៦៕

អត្ថបទដែលជាប់ទាក់ទង