ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ អៀច អេម ពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ក្រោមរូបភាពទិញ-លក់ដី នៅខេត្តកណ្ដាល និងកំពង់ចាម យកប្រាក់អស់គ្មានដីអោយ

60

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បានសម្រេចចោទ និងចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់នៅគុកព្រៃស ពីបទឆបោកក្រោមរូបភាពនាំជនរងគ្រោះទៅទិញដីយក ប្រាក់បានរាប់សិបម៉ឺនដុល្លារ តែទីបំផុតគ្មានដីអោយអ្នកទិញ។

ជនសង្ស័យដែលត្រូវចៅក្រម សេង រិទ្ធី សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននេះ មានឈ្មោះ អៀច អេម ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦ ផ្លូវជាតិលេខ៦A ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដំណើររឿងបានអោយដឹងថា ករណីឆបោកតាមរយៈយកលុយទិញដីអោយ តែយកលុយអស់គ្មានដីអោយអ្នកទិញនេះ គឺមានពីរករណីឯណោះ ដោយករណីទី១ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម និងករណីទី២ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។

ករណីទី១៖ កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ ២០១៨ ឈ្មោះ អៀច អេម ដែលដើមបណ្តឹងធ្លាប់ប្រាស្រ័យទាក់ទងពីមុនមក បានជួបដើមបណ្តឹងនៅរាជធានីភ្នំពេញ និងបានណែនាំឱ្យដើមបណ្តឹងទិញដីមួយកន្លែងដែលខ្លួនបានទាក់ទងម្ចាស់ រួចរាល់ហើយ ដែលមានទំហំ ២៣ ហិកតា មានទីតាំងស្ថិតនៅភូមិបាឡាំង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងមួយម៉ែត្រការ៉េ តម្លៃ២,៧ដុល្លារ ។ ដើមបណ្តឹង បានធ្វើដំណើរដល់ទីតាំងដីជាមួយឈ្មោះអៀច អេម ហើយ ឈ្មោះអៀច អេម បានបង្ហាញដើមបណ្តឹងពីទីតាំងដី ស្របតាមគំនូសបង្ហាញទីតាំងដីដែលគូសបង្ហាញ ។ ឈ្មោះ អៀច អេមបានប្រាប់ដើមបណ្តឹងថា ប្រសិនជាដើមបណ្តឹងទិញដីនេះ គាត់នឹងចូលហ៊ុនទិញដីនេះជាមួយដើមបណ្តឹងខ្លះដែរ ។

ដោយសារតែជឿជាក់លើឈ្មោះ អៀច អេម នៅផ្ទះរបស់ដើមដើមបណ្តឹងនៅផ្សារតូច រាជធានីភ្នំពេញ ដើមបណ្តឹងបានប្រគល់ប្រាក់ចំនួន ១០០.០០០ដុល្លារ ឱ្យទៅឈ្មោះអៀច អេម តាមរយៈមូលប្បទានបត្រលេខ ០៦៧៨៦០ របស់ធនាគារ Maybank ចុះថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨ ។ រហូតដល់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ ឈ្មោះ អៀច អេម បានយកលិខិតកិច្ចសន្យាកក់ប្រាក់ទិញ លក់ដីចំនួន ១៣ សន្លឹកដែលមានស្នាមមេដៃអ្នកលក់ មកប្រគល់ឱ្យដើមបណ្តឹង ដែលមានឈ្មោះដើមបណ្តឹង និងឈ្មោះអៀច អេម ជាអ្នកទិញមកឱ្យដើមបណ្តឹងនៅរាជធានីភ្នំពេញ។

ដោយសារឃើញកិច្ចសន្យាកក់ប្រាក់ទិញ លក់ដីធ្វើឱ្យដើមបណ្តឹងកាន់តែមានជំនឿចិត្តលើឈ្មោះ អៀច អេម នៅក្នុងការទិញ លក់ដីនេះ និងដើមបណ្តឹងបានប្រគល់ប្រាក់ចំនួន ៥០.០០០ ដុល្លារ តាមរយៈមូលប្បទានបត្រលេខ ០៦៧៨៧៥ របស់ធនាគារ Maybank នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ ។ នៅអំឡុងខែមីនា ឆ្នាំ២០១៩ ឈ្មោះ អៀច អេម បានស្នើសុំប្រាក់ចំនួន ៦០.០០០ ដុលា្លរ បន្ថែមទៀតដើម្បីយកទៅរត់ការផ្ទេរសិទ្ធិកាន់កាប់ដី។ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ បុគ្គលអៀច អេម បានមកយកប្រាក់ពីដើមបណ្តឹងចំនួន ៦០.០០០ ដុលា្លរ តាមរយៈមូលប្បទានបត្រលេខ ០០៤៨៥៣ របស់ធនាគារ Maybank ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ និងទឹកប្រាក់សុទ្ធចំនួន ៥.០០០ ដុល្លារ គត់ ចាប់ពីពេលនោះមក ឈ្មោះ អៀច អេម បានព្យាយាមគេចវេស ដោយសន្យាថាផ្ទេរកម្មសិទ្ធិបាននៅថ្ងៃនេះ ថ្ងៃនោះរហូត។

ករណីទី២៖ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ លោក អៀច អេម បានមកជួបដើមបណ្តឹងនៅផ្ទះ នៅរាជធានីភ្នំពេញ ហើយណែនាំដីរបស់ខ្លួនឱ្យដើមបណ្តឹងទិញដែលមានទំហំ ២៣.៣៥៧ម២ មានទីតាំងនៅចំណុច អូអាលីង ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះដើមបណ្តឹងនៅផ្សារតូច រាជធានីភ្នំពេញ ដើមបណ្តឹង បានព្រមព្រៀងទិញដីខាងលើនេះពីឈ្មោះ អៀច អេម ក្នុងតម្លៃសរុប ១៥១.៨២០ ដុល្លារ តាមរយៈកិច្ចសន្យាទិញ លក់ដីចុះកាលបរិច្ឆេទថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៨ និងបានបង់ប្រាក់ថ្លៃដីចំនួន ៥០.០០០ ដុល្លារ តាមរយៈមូលប្បទានបត្រលេខ ០៦៧៨៥៥ របស់ធនាគារ Maybank ចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ។ រហូតដល់ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៩ ឈ្មោះអៀច អេម បានមកយកប្រាក់តម្លៃដីបន្ថែមទៀតពីដើមបណ្តឹង នៅភ្នំពេញ ដើម្បីយកទៅដំណើរការផ្ទេរសិទ្ធិកាន់កាប់ចំនួន ៣០.០០០ ដុល្លារ ដែលមានទឹកប្រាក់សុទ្ធចំនួន ៥.០០០ ដុល្លារ និង តាមរយៈមូលប្បទានបត្រលេខ ០៦៧៩២២ របស់ធនាគារ Maybank ចុះកាលបរិច្ឆេទថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៩ ចំនួន ២៥.០០០ ដុល្លារ។

ចាប់តាំងពីនោះមក ដើមបណ្តឹងព្យាយាមទាក់ទងទៅឈ្មោះ អៀច អេម ដើម្បីសួរនាំរឿងការផ្ទេរកម្មសិទ្ធិមកឱ្យដើមបណ្តឹង តែ ឈ្មោះ អៀច អេម តែងតែកុហកថាថ្ងៃនេះ ថ្ងៃនោះ និងចាំទឹកស្រកបានអាចវាស់វែងបានជាដើម។ រហូតដល់កាលបរិច្ឆេទថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើមបណ្តឹងបានធ្វើលិខិតជូនដំណឹងអោយវាស់វែង និងបោះបង្គោលព្រំឱ្យដើមបណ្តឹងមុនកាលបរិច្ឆេទថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២០។

រហូតដល់កាលអំឡុងពាក់កណ្តាលខែ ឧសភា ឆ្នាំ ២០២០ ដើមបណ្តឹងទាក់ទងទៅឈ្មោះ អៀច អេម ដើម្បីសួរនាំរឿងការផ្ទេរសិទ្ធិកាន់កាប់ ស្រាប់តែឈ្មោះ អៀច អេម បានឆ្លើយសារភាពថា ខ្លួនពុំមានដីដើម្បីផ្ទេរកម្មសិទ្ធិមកដើមបណ្តឹងឡើយ ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យបណ្ដឹងចាត់ការតាមច្បាប់តែម្ដងទៅ៕

អត្ថបទដែលជាប់ទាក់ទង