អាហារដ្ឋាន ជប៉ុននៅក្រុងព្រះសីហនុ ដែលរងគ្រោះ ដោយការបាក់រលំអគាសង្កត់ បានសម្ភោធ បើកដំណើរការវិញហើយ
ព្រះសីហនុ៖ រសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAI មានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុផងដែរ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAI នៅខេត្តព្រះសីហនុ និងសូមចូលរួមគាំទ្រដើម្បីឱ្យភោជនីយដ្ឋានជប៉ុនដំណើរការរលូន និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រ សាសន៍ថា ឯកឧត្តមមានអារម្មណ៍ថា មានអាហារដ្ឋានជប៉ុននៅទីនេះ គឺនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុន។ អាហារដ្ឋានជប៉ុននេះ ផ្តល់ការងារជូនយុវជនកម្ពុជា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត សូមស្វាគមន៍អាហាដ្ឋានជប៉ុន និងចង់ឃើញអ្នកវិនិយោគជប៉ុនមកកាន់ទីនេះ កាន់តែច្រើន។ ឯកឧត្តមអភិបាលខេត្តបានរំលកផងដែរថាកាលពីឆ្នាំ២០០០ កន្លងទៅ ឯកឧត្តមបានអញ្ជើញទៅសិក្សាផ្នែកកិច្ចការរដ្ឋបាលនៅប្រទេសជប៉ុន ហើយឯកឧត្តមបានភ្លក់សាច់អាំងនៅប្រទេសជប៉ុន គឺមានរសជាតិឆ្ងាញ់ពិសារ ហើយឯកឧត្តមចង់ឃើញនៅខេត្តព្រះសីហនុ មានភោជនីយដ្ឋានជប៉ុន កាន់តែច្រើនបន្ថែមទៀត៕