ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបថ្មីប្រចាំកម្ពុជា ពិភាក្សាលើ វិស័យសេដ្ឋកិច្ចនិងវិស័យអភិវឌ្ឍន៍នានា
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម រវាង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបទើបតែងតាំងថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ ដៃគូសន្ទនា បានលើកឡើងពីទំនាក់ ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃភាគីទាំងពីរទាំងលើវិស័យសេដ្ឋកិច្ច និងវិស័យ អភិវឌ្ឍន៍នានា ក៏ដូចជា គម្រោងការផ្សេងៗ ដែលភាគីទាំងពីរ កំពុងរួមគ្នាអនុវត្ត និងលទ្ធផលអនុវត្តកន្លងមក មានដូចជា៖ ការអភិវឌ្ឍ វិស័យបច្ចេកវិទ្យា ការអភិវឌ្ឍ និងជម្រុញសហគ្រាសធុនតូច និងមធ្យម បច្ចេកវិទ្យា បៃតង បញ្ហាការប្រែប្រួល អាកាសធាតុ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ។
ដោយឡែក ក្នុងជំនួបថ្ងៃនេះ ភាគីទាំងពីរ បានផ្តោតការយក ចិត្តទុកដាក់ មួយចំនួន រួម មាន៖ការងារអាទិភាពដែលសភាសហគមន៍អឺរ៉ុប និងក្រសួង ត្រូវអនុវត្តរួមគ្នា-សេចក្ដី ព្រាង ច្បាប់ ស្តី ពី ការវិនិយោគ -ការដោះស្រាយភាពជាន់ភារកិច្ចគ្នារវាងការចុះបញ្ជីផលិតផល របស់វិទ្យាស្ថានស្តង់ដាកម្ពុជា និងក្រសួង សុខាភិបាល -បច្ចេកវិទ្យា បៃតង -និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ពីបច្ចុប្បន្ន និងអនាគត -សហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ផ្នែកប្រកាសនីយបត្រតក្កកម្ម-វិស័យស្តង់ដារ-និងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាដើម ។ ល ។
ជាចុងបញ្ជប់ នៃកិច្ចពិភាក្សា ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងគណ:ប្រតិភូ សភាពាណិជ្ជកម្ម សហគមន៍អឺរ៉ុប ដឹកនាំដោយឯឧត្តម Tassilo Brinzer បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យយមានល្បឿនសន្ទុះទៅមុខ និងជោគជ័យ នូវបញ្ហាដែលបានលើកឡើងខាងលើ ជាពិសេស គឺការអភិវឌ្ឍ និងជម្រុញវិស័យ SME , វិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្មបៃតង ជាដេីម ។
ក្នុងនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានគាំទ្រ និងសង្ឃឹម ទុកជាមុននូវជោគជ័យ នៃកិច្ចប្រជុំនាសប្តាហ៍ក្រោយ ជាមួយក្រសួង ពាណិជ្ចកម្ម និងស្ថាប័នពាក់ព័ន្ធស្តីពី តំបន់ពាណិជ្ជកម្មសេរី និងកម្មវិធីដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ( RCEP ) ដែលជាកិច្ចព្រមព្រៀងសម្រាប់ជម្រុញល្បឿនសេដ្ឋកិច្ច ពាណិជ្ចកម្ម និងការវិនិយោគដ៏ទូលំទូលាយក្នុងតំបន់ ៕