ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​បណ្ឌិត ជា ប៊ុនហេង​ប្រគល់​ប្រាក់រង្វាន់ ​លើកទឹកចិត្ត​ដល់​ប្រភេទ​កីឡា​៥​របស់​ក្រសួងមហាផ្ទៃ​

75

 

​ភ្នំពេញ​៖​លោក​បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​នា​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​តំណាង​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ប្រភេទ​កីឡា​៥​របស់​ក្រសួងមហាផ្ទៃ​ដែល​ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​នៅ​សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

​លោក បណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ជោគជ័យ​ដែល​អត្ត​ព​លិ​ក​ទទួលបាន​ពេលនេះ​ពិតជា​ពុំ​អាច​ខ្វះ​បានឡើយ​នូវ​ការយកចិត្ត​ទុក ដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់ និង​ជ្រោមជ្រែង​ជានិច្ច ចំពោះ​កីឡាករ កីឡាការិនី ដែល​ទាំងនេះ គឺជា​ចំណែក ដ៏​ធំធេង​មួយ​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​។​

​លោក​ក៏បាន​ក្រើនរំលឹក​ដល់​កីឡាករ​-​កីឡាការិនី​ទាំង​៥​ប្រភេទ​ក៏ដូចជា​អត្ត​ព​លិ​ក​ផ្សេងទៀត ត្រូវ​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់ គោរព​វិន័យ ដើម្បី​ត្រៀមខ្លួន​ប្រជែង​យក​មេដាយ​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នា​ពាក់កណ្តាល​ឆ្នាំ​២០២១​ខាងមុខនេះ​។ ជាពិសេស​ត្រូវ​តៀម​ខ្លួន​ប្រជែង​យក​កៅអី​ជម្រើសជាតិ ដើម្បី​ត្រៀម​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ ដូចជា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម ចុងឆ្នាំ​២០២១​នេះ​ជាដើម​។​

​ចំពោះ​មេដាយ​ដែល​ប្រភេទ​កីឡា​នីមួយៗ​ប្រជែង​បាន​ដូចជា​៖ សីដក់ មេដាយមាស​៣​គ្រឿង ទទួលបាន​ប្រាក់រង្វាន់ សរុប​១​លាន​៥​សែន​រៀល តេ​ក្វាន់​ដូ ITF មេដាយ​សរុប​១២​គ្រឿង មាស​៨ ប្រាក់​២ និង​សំរឹទ្ធ​២ ទទួលបាន​ប្រាករង្វាន់ សរុប​៤​លាន​៤​សែន​រៀល វាយ​សី មេដាយ​សរុប​០៦​គ្រឿង មាស​៥ ប្រាក់​១ ទទួលបាន​ប្រាក់រង្វាន់ សរុប​២​លាន​៤​សែន​រៀល តេ​ក្វាន់​ដូ WTF មេដាយមាស​០៤​គ្រឿង ទទួលបាន​ប្រាក់រង្វាន់ សរុប​១​លាន​៥​សែន​រៀល និង -​ប៉េតង់ មេដាយ​សរុប​១២​គ្រឿង ប្រាក់​៤ និង​សំរឹទ្ធ​៨ ទទួលបាន​ប្រាក់រង្វាន់ សរុប​២​លាន​៩​សែន​រៀល​៦​ម៉ឺន​រៀល​៕​

អត្ថបទដែលជាប់ទាក់ទង