ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី​កសិកម្ម ជំរុញ​ឲ្យ​ប្រធាន​រដ្ឋបាល​ជលផល​ថ្មី ត្រូវ​ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល ឱ្យបាន​ហ្មត់ចត់​

95

 

​ភ្នំពេញ​៖ នា​វេលា​រសៀល​ថ្ងៃ​សុក្រ ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មាន​រៀបចំ​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍​វិស័យ​ជលផល​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​ការងារ ឆ្នាំ​២០២១ និង​ពិធី​ប្រកាស​តែងតាំង និង​ការផ្ទេរ​សម្រួល​ភារកិច្ច​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​ផងដែរ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​។

ឯកឧត្តម ពុំ សុថា ដែល​ទើប​ទទួល​មុខតំណែង​ថ្មី​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បានធ្វើ​ការប្តេជ្ញាចិត្តថា​នឹង​ខិតខំ​យក​អស់​កំលាំងកាយ ចិត្ត ប្រាជ្ញា​ស្មារតី ចំណេះដឹង និង​បទពិសោធន៍​មក​ដឹកនាំ និង​គ្រប់គ្រង​រដ្ឋបាល​ជលផល​ឲ្យ​បានល្អ ស្របតាម​គោលនយោបាយ​នៃ​ការអភិវឌ្ឍ​វិស័យ​ជលផល​របស់​ក្រសួង ក៏ដូចជា​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ជាពិសេស​អនុសាសន៍​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​ក្រសួង​ឲ្យ​ខិតខំ​ជំរុញ និង​លើកទឹកចិត្ត​បងប្អូន​ប្រជាកសិករ​ពង្រឹង​ភាពម្ចាស់ការ​ក្នុង​ការផលិត ដើម្បី​ធានា​សន្តិសុខ​ស្បៀង ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ បង្កើត​ឱកាស​ការងារ តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​ជា​លក្ខណ​គ្រួសារ ក្នុងអំឡុង​នៃ​ការរីករាយ​ដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។

​ក្នុងពេល​តែមួយ ឯកឧត្តម​ក៏បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប ដោយ​សង្ខេប​ផងដែរ​អំពី​សមិទ្ធផល​សំខាន់ៗ ដែល​រដ្ឋបាល​ជលផល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០២១ នេះ​។

​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​យក ចិត្ត​ទុកដាក់ និង​ការលះបង់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​នៃ​រដ្ឋបាល​ជលផល​ក្នុងការ​អនុវត្ត​គោលនយោបាយ ផែនការ​អភិវឌ្ឍ ការងារ​គ្រប់​គ្រប់ ស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការងារ​ទប់ ស្កាត់ និង​ប​ង្គ្រា​ប​បទល្មើស​ជលផល ការអភិវឌ្ឍ​វិស័យ​វារីវប្បកម្ម និង​សហគមន៍​នេសាទ​។​ល​។ ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទន ហើយ​នេះ​ពិតជា​បាន​ចូលរួមចំណែក​ក្នុង​បុព្វហេតុ នៃ​ការអភិវឌ្ឍ​វិស័យ​ជលផល​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​ជា​ត្រីវិស័យ​ចង្អុលបង្ហាញ និង​បំភ្លឺ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​ជាន់ថ្នាក់​យកទៅ​ដោះស្រាយ កែលម្អ សម្របសម្រួល សហការ និង​អនុវត្ត​ភារកិច្ច​ឲ្យ​ចំ​ទិសដៅ ទាន់សភាពការណ៍ មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់​ស្រប តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បានគ្រោង​ទុក​គឺ​ការអភិវឌ្ឍ​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និរន្តរភាព បរិ​យា​ប័ន្ន និង​ការប្រែប្រួល​អាកាសធាតុ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​សំ​ដៅ​ដល់​ការដឹកនាំ និង​គ្រប់គ្រង​រដ្ឋបាល​ជលផល​សម្រាប់​ប្រតិភូ​ថ្មី និង​ផែនការ​សកម្មភាព​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២១ របស់​រដ្ឋបាល​ជលផល​មាន​ជាអាទិ៍​៖

​ទី​១. បន្ត​ជំរុញ​ការអភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ឱ្យបាន​សកម្ម​ថែមទៀត ជាពិសេស​អនុវត្ត​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ ត្រូវ​បង្កើន​សមត្ថភាព​អនុវត្ត និង​ផ្សព្វផ្សាយ​បច្ចេកទេស​វារីវប្បកម្ម​ដល់​មន្ត្រី និង​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ លើកទឹកចិត្ដដ​ល់​ផ្នែក​ឯកជន​ក្នុងការ​វិនិយោគ បង្កើត​ស្ថានីយ៍ ភ្ញាស់​កូន​ត្រី​ពូជ កសិដ្ឋាន​ចិញ្ចឹម​ត្រី រោងចក្រ​ផលិត​ចំណី​ត្រី រោងចក្រ​កែច្នៃ​ផល និង​ផលិតផល​ជលផល ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​។ សម្រប សម្រួល​ក្នុងការ​បង្កើត​បណ្តុំ​កសិករ​តាម​ប្រភេទ​ត្រី​នៅតាម​បណ្តា​ខេត្ត​នីមួយៗ និង​ត្រូវ​ជំរុញ​ការ ស្រាវជ្រាវ​វារីវប្បកម្ម​ទឹកសាប សមុទ្រ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ខ្នាតតូច មធ្យម និង​ធំ​។ ត្រូវ​ប្រមូល​ស្ថិតិ​វារីវប្បកម្ម​ក្នុងប្រទេស ដើម្បី​ងាយ​តម្រង់ទិស​ក្នុងការ​អភិវឌ្ឍ ទីផ្សារ និង​ការផ្គត់ផ្គង់​។

​ទី​២. ត្រូវ​ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ឱ្យបាន​ហ្មត់ចត់​។ ជំរុញ​ការចុះបញ្ជី ទូក​នេសាទ​សមុទ្រ និង​ត្រូវមាន​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​។ ត្រូវ​ពង្រឹងសមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត និង​ស្ថាប័ន​តុលាការ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​។ ត្រូវ​ផ្សព្វផ្សាយ​អំពី​លិខិតគតិយុត្ត​ពាក់ ព័ន្ធ​នានា និង​ត្រូវ​បន្ត​ជំរុញ​ការកែសម្រួល​ច្បាប់​ស្តីពី​ជលផល និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុង​បរិបទ​នៃ​តំបន់​ភាវូបនីយកម្ម ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ពង្រឹង​កិច្ច សហការ​ឲ្យ​បានល្អ​ជាមួយ​ដៃគូ​អភិវឌ្ឍ ជាពិសេស​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យ ពិភាក្សា រក​ដំណោះស្រាយ​ធ្វើយ៉ាងណា​ដក​កាត​ក្រហម​ចេញពី​កម្ពុជា​ឲ្យ​បាន​ឆាប់​។

​ទី​៣. សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ស្រុក​ជួយ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​រាន ការដុត ការ​ឈូសឆាយ និង​ការហ៊ុមព័ទ្ធ​ទន្ទ្រានព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​ធ្វើជា​កម្មសិទ្ធិ​ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ត្រូវ​រៀបចំ​ផែនទី បន្ត​បោះបង្គោល​ព្រំប្រទល់​ឱ្យបាន​ច្បាស់លាស់​។​

​ទី​៤. ត្រូវ​បន្ត​ខិតខំ​ពង្រឹងសមត្ថភាព​របស់​សហគមន៍​នេសាទ ឱ្យ​ក្លាយជា​សហគមន៍​នេសាទ​មាន​ភាពម្ចាស់ការ ដំណើរ​ការល្អ រឹងមាំ សកម្ម​ក្នុងការ​គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព និង​មាន​មុខរបរ​ចម្រុះ​ចិញ្ចឹមជីវិត​ដើម្បី​ប្រែក្លាយជា “​សហគមន៍​នេសាទ​គំរូ និង​គ្មាន​បទល្មើស​ជលផល​” តាមរយ​:​ការជំរុញ​កិច្ចសហការ​ក្នុងការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​គ្រប់គ្រង អភិវឌ្ឍន៍ និង​អភិរក្ស​ធនធាន​ជលផល​។

​ទី​៥. ត្រូវ​យកចិត្តទុកដាក់​ការពារ​កន្លែង​អភិរក្ស​ជលផល​ឱ្យបាន​គង់វង្ស​ល្អ ដោយ​បន្ត​បោះ បង្គោលព្រំ​ប្រទល់​កន្លែង​អភិរក្ស​ជលផល សាងសង់​ស្នាក់ការ​ល្បាត ទម្លាក់​ប្រអប់​បេតុង រៀបចំ​ក្រុម​យាម​ការពារ​កន្លែង​អភិរក្ស​។ ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ការដាំ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​។ បន្ត​ការសិក្សា​តំបន់​កោះ ឬ​តំបន់​ផ្កាថ្ម ស្មៅ​សមុទ្រ ដែលមាន​សក្តានុពល​ខ្ពស់ ដើម្បី​បង្កើតជា​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​។

​ទី​៦. ជំរុញ​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ជលផល​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ពង្រឹងសមត្ថភាព អង្គភាព​ជំនាញ​ក្នុងការ​តាមដាន ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​តាមរយៈ​ការខិតខំ​កសាង​បទដ្ឋាន​គតិ​យុ​ត្ដ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាំបាច់ ពិសេស​ការយកចិត្តទុកដាក់​លើ​ការកសាង​សមត្ថភាព​របស់​មន្ត្រី​ជំនាញ​។ យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​របស់​អ្នកពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​បច្ចេកទេស​ស្តីពី​ការអនុវត្ត​អនាម័យ​ល្អ (GHP) ការអនុវត្ត​ផលិតកម្ម​ល្អ (GMP) និង​ការអនុវត្ត​វារីវប្បកម្ម​ល្អ (GAP) ក្នុងទិសដៅ​លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក​ប្រកបដោយ​ស្តង់ដា​គុណភាព សុវត្ថិភាព រួមចំណែក​ការពារ​សុខភាព​សាធារណៈ និង​ជំរុញ​ការនាំចេញ​។

​ទី​៧. ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច ទប់ស្កាត់​រាល់​សកម្មភាព​បំបែកបំបាក់​ផ្ទៃក្នុង ក៏ដូចជា​ការគ្រប់គ្រង​លើ​មន្ត្រីរាជការ​ប្រកបដោយ​សមធម៌ និង​យុត្តិធម៌​។ ត្រូវអនុវត្ត​ឲ្យ​បានជា​ប្រចាំ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ក្រមសីលធម៌​មន្ត្រីរាជការ​លើ​ការគ្រប់គ្រង​ដឹកនាំ​ក្នុងការ​បំពេញភារកិច្ច​ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ មាត្រា​៣៣ ដល់​មាត្រា​៣៨ ក្នុង​ច្បាប់​ស្តីពី​សហ​ល​ន្តិ​កៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕


អត្ថបទដែលជាប់ទាក់ទង