ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូត​កម្ពុ​ជា ស្នើ​នាយទាហានជាន់ខ្ពស់​ថៃ ជួយ​បណ្តុះបណ្តាល​កសិកម្ម​ដល់​ប្រជាកសិករ​ខ្មែរ​នៅក្នុង​ខេត្ត​បី​ជាប់​ព្រំដែន​

30

 

​បាងកក ៖ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បានស្នើ​នាយ​ឧ​ត្ត​ម​សេនីយ៍​ថៃ លោក Suparat Ngernbumroong អគ្គនាយក​មជ្ឈមណ្ឌល​ទំនាក់ទំនង​គម្រោង​ព្រះរាជតម្រិះ និង​សន្តិសុខ​ជាតិ ជួយ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម​ដល់​ប្រជាកសិករ​ខ្មែរ​នៅក្នុង​ខេត្ត​ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​លើកសំណើ​នេះ​ឡើង នាឱកាស​ដឹកនាំ​មន្ត្រីការទូត​ធ្វើ​ទស្សនកិច្ច​សិក្សា​មជ្ឈមណ្ឌល​គម្រោង​ព្រះរាជតម្រិះ និង​សន្តិសុខ​ជាតិ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​ទស្សនៈវិជ្ជា​សេដ្ឋកិច្ច​ស្វ័យ​ទ្រទ្រង់ (Economic Sufficiency) ផ្តួចផ្តើម ដោយ​អតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាជន​ថៃ​រាប់លាន​នាក់ តាមរយៈ​វិស័យ​កសិកម្ម​។​

​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍ Suparat បាន​សម្តែង​ការស្វាគមន៍ និង​សន្យា​បន្ត​ធ្វើការ​ជាមួយ​ការិយាល័យ​អនុព័ន្ធយោធា និង​អនុព័ន្ធពាណិជ្ជកម្ម អម​ស្ថានទូត​កម្ពុជា ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដាំ​បន្លែ​សរីរាង្គ និង​ចិញ្ចឹមសត្វ ជូន​ប្រជាកសិករ​ខ្មែរ​មកពី​ខេត្ត​ទាំងបី​ខាងលើ នៅពេលដែល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ មាន​សភាព​ធូរស្រាល​។​

​សូមជម្រាបថា គម្រោង​ព្រះរាជតម្រិះ និង​សន្តិសុខ​ជាតិ ត្រូវបាន​ដឹកនាំ​អនុវត្ត​ដោយ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ថៃ អស់​រយៈពេល​ជាង ៦០​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះមហា​ករុណា​ទិ​គុណ​អតីតព្រះមហាក្សត្រ​ថៃ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះរាជ​កាយពល​ចុះ​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រជាជន នៅតាម​តំបន់​ដាច់ស្រយាល​ទូទាំងប្រទេស​ថៃ​។ ចាប់តាំងពី​ឆ្នាំ​២០១៧ មាន​កងទ័ព​កម្ពុជា ចំនួន ៥៦​នាក់ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅក្រោម​គម្រោង​ដ៏​ថ្លៃថ្លា​នេះ​៕

អត្ថបទដែលជាប់ទាក់ទង