ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពត ដាក់បញ្ជាឲ្យសមត្ថកិច្ចរឹតបន្តឹង ហាមឃាត់មិនឲ្យមានការលួចចេញចូលតាមបណ្តាច្រករបៀងនិង ព្រំដែនទឹក កម្ពុជា-វៀតណាម

38

ខេត្តកំពត ៖ ប្រភពពីរដ្ឋបាលខេត្តកំពត បានឲ្យដឹងថា អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំជាមួយសមត្ថកិច្ច និងអាជ្ញាធរឈរជើងនៅតាមបណ្តាច្រកទ្វារជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីរឹតបន្តឹង និងចាត់វិធានម៉ឺងម៉ាត់លើការទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ ចូលមកក្នុងប្រទេសកម្ពុជា ។

នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២១ លោក អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាបន្ទាន់មួយ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិព្រែកចាក ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនដើម្បីអនុវត្តឲ្យបានដាច់ខាតតាមបទបញ្ជាដ៏មុតស្រួចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលខេត្ត បានដាក់បទបញ្ជា ៖ ឲ្យសមត្ថកិច្ចមាន វិធានការម៉ឺងម៉ាត់ និងទប់ស្កាត់ប្រជាពលរដ្ឋកម្ពុជា ចេញទៅប្រទេសវៀតណាម និងចំពោះប្រជាពលរដ្ឋខ្មែរ វិលត្រលប់មកវិញ ព្រមទាំងប្រជាជនវៀតណាម ចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

លើសពីនេះទៀត ឯកឧត្តម បានដាក់បញ្ជាឲ្យ សមត្ថកិច្ចរឹតបន្តឹងហាមឃាត់ មិនឲ្យមានការលួចចេញចូល តាមបណ្តាច្រករបៀងទាំងអស់ ជាពិសេសព្រំដែនទឹក ក៏ត្រូវមានវិធានការម៉ឺងម៉ាត់ផងដែរ។ រីឯរាល់ទំនិញចេញចូល ត្រូវដំណើរការធម្មតា ប៉ុន្តែត្រូវត្រួតពិនិត្យ ឲ្យត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង