ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីត តារាសម្ដែង ម៉ៅ សុខចាន់ធី ប្រកាសចែកផ្លូវប្តីវ័យក្មេង ព្រោះការបាន៣ ឆ្នាំ ចេះតែលាដៃសុំលុយមិនចេះរកស៊ី

44

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះបានឃើញអតីតតារាសម្តែង ម៉ៅ សុខចានធី បានប្រកាសចែកផ្លូវជាមួយស្វាមីវ័យ ក្មេងឈ្មោះ រ៉ាម៉ូ ក្រោយពីបានរៀបការកាលពីអំឡុងចុងឆ្នាំ ២០១៨ កន្លងមក ។ មូលហេតុនៃការប្រេះស្រាំជីវិតប្តីប្រពន្ធរបស់អតីតតារាសម្តែងរូបនេះ ដោយសារអតីតស្វាមីរបស់នាងតែងតែរំអុកសុំលុយជាបន្តបន្ទាប់រហូតអ្នកនាងលែងមានការទុកចិត្ត ។

ការបែកបាក់របស់អតីតតារាសម្ដែង ម៉ៅ សុខចាន់ធី ជាមួយលោក រ៉ាម៉ូ ជាស្វាមីបានធ្វើឱ្យមហាជនក្នុង និង ក្រៅសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកអ្នកទាំងពីរតែងបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នាទៅវិញទៅមក បើទោះពួកគេរស់នៅឆ្ងាយពីគ្នាក្តី ។ បើតាមគម្រោងអ្នកនាង ម៉ៅ សុខចាន់ធី គ្រោងនឹងចុះមកលេងស្រុកខ្មែរនៅក្នុងខែនេះ តែដោយ សារមានបញ្ហាបែបនេះ អ្នកនាងក៏អាក់ខានក្នុងការចុះមកស្រុកខ្មែរទៅវិញ ។
អតីតតារាសម្តែងសាច់សខ្ចីរូបនេះបានប្រាប់ថា អ្នកនាងបានចែកផ្លូវជាមួយលោក រ៉ាម៉ូ ប្រមាណជាពីរខែហើយ អ្នកនាងជាអ្នកសុំបែកដោយផ្ទាល់ ហើយមូលហេតុដែលឈានដល់ថ្នាក់នេះ ព្រោះមិនអាចស៊ូទ្រាំ នឹងការសុំលុយរបស់អតីតស្វាមីនេះជាបន្តបន្ទាប់ ទាំងដែលកន្លងមកអ្នកនាងតែងតែផ្តល់ប្រាក់ជាច្រើនមិនថាទិញសម្ភារ ធ្វើផ្ទះ ឬ ប្រាក់ ខែជាប្រចាំនោះទេ ។ តារាសម្ដែង ម៉ៅ សុខចាន់ធី ថែមទាំង ប្រាប់ថា បើទោះចែកផ្លូវគ្នា តែអ្នកនាងមិនចាំបាច់ចុះមកស្រុកខ្មែរអ្វីឡើយ ព្រោះថាអ្នកនាងមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅក្នុងពេលរៀបការនោះទេ ។
មិនមែនជាលើកទីមួយទេកន្លងមក ម៉ៅ សុខចាន់ធី តែងពើបប្រទះស្នេហាមិនសមប្រកបជាបន្តបន្ទាប់ យ៉ាងណាមិញកាលពីអំឡុង ឆ្នាំ ២០១៥ អ្នកនាងបានចុះមកភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលជាតួសម្តែងម្នាក់តែមិនយូរ ប៉ុន្មានអ្នកទាំងពីរក៏បានបែកគ្នាទៅវិញ ហើយនៅអំឡុង ចុងឆ្នាំ ២០១៨ អ្នកនាងក៏បានមករៀបការជាមួយលោក រ៉ាម៉ូ ដែលមានវ័យក្មេងជាងអ្នកនាងប្រមាណជា ១០ ឆ្នាំឯណោះ តែពេលនេះពួកគេក៏បានចែកផ្លូវ គ្នាទៅទៀត ។
បញ្ជាក់ថា តារាសម្ដែង ម៉ៅ សុខចាន់ធី ជាអតីតតារាសម្តែងដ៏ល្បីម្នាក់ជំនាន់អ្នកនាង អម្ពរ ទេវី និង កែវ កល្យាណ តែក្រោយមកអ្នកនាងក៏បានចាកចេញពីអាជីព នេះ ដោយទៅរស់នៅសហរដ្ឋអាមេរិកដល់សព្វថ្ងៃ ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង