ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​នៅតែ​ដាក់​គោលដៅ បង្កើន​ចំណាត់ថ្នាក់​ស៊ី​ហ្គេម ឲ្យ​បានល្អ​ជាង​ការប្រកួត​៣​លើកចុងក្រោយ​

77

ភ្នំពេញ​៖​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​ហើយ​ថា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០២១​នេះ​ចំណាត់​​ស៊ី​ហ្គេម​របស់​កម្ពុជា​ត្រូវតែ​ល្អប្រសើរ​ជាង​ការប្រកួត​៣​លើកចុងក្រោយ​នេះ ។​
ការប្រកួត​ស៊ី​ហ្គេម​ចំនួន​៣​លើក​កន្លងមក​គឺ​ស៊ី​ហ្គេម​លើក​ទី​២៨​នៅ​ប្រទេស​សឹង្ហ​បូរី​ឆ្នាំ​២០១៥ ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​​ស៊ី​ឆ្នាំ​២០១៧ និង ស៊ី​ហ្គេម​លើក​ទី​៣០​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន ក្នុងចំណោម​ប្រទេស​ចំនួន​១១​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ចូលរួម​ប្រ​​ទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨​ទាំង​៣​លើក​ជាប់ៗ​គ្នា ។​

សម្រាប់​ឆ្នាំ​២០២១​នេះ​គឺជា​ឆ្នាំ​យុទ្ធសាស្ត្រ​ដែល​កម្ពុជា​ត្រូវតែ​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​របស់ខ្លួន បាន​ប្រសើរ​ជាង​ការប្រកួត​៣​លើក​កន្លង​​មក ពេលនេះ​សហព័ន្ធ​ជាតិ​នានា​ត្រូវមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ប្រជែង​យក​មេដាយ ។​
ឯកឧត្តម​បណ្ឌិត​ថោង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​រឿប​ចំ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​មានប្រសាសន៍ថា​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នេះ គឺជា​ការត្រួត​ពិនិត្យមើល​ពីស​សក្ដានុពល​នៃ​ក្រុម​កីឡាករ កីឡាការិនី ពិសេស​ការពិនិត្យ​មើល​ពីលើ​គ្រប់ផ្នែក​ទាំងអស់ ។​

ជាមួយគ្នានេះ​ឯកឧត្តម​បាន​អះអាងថា​ស៊ី​ហ្គេម​នៅ​កម្ពុជា​គឺជា​ស៊ី​ហ្គេម​ដែល​ស្អាត​គឺ​ប្រទេស​ណា​មាន​សមត្ថភាព​ត្រូវតែ​ដណ្ដើមបាន​មេដាយ​ច្រើន ។​ស៊ី​ហ្គេម​នៅ​កម្ពុជា​នឹង​លុបបំបាត់ចោល​នូវ​វប្បធម៌ ដែល​ប្រទេស​ជា​ម្ចាស់ផ្ទះ​ត្រូវតែមាន​ឧត្តមភាព​ខ្ពស់​ក្នុងការ​ប្រមូលយក​មេដាយ ឬ វប្បធម៌​ចែក​មេដាយ​គ្នា​ឲ្យ​ទាត់​តែ​បាន ។​
ការដាក់ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣​ដែល​សំខាន់​នោះ ជា​កត្តា​កំណត់​ប្រជែង​យក​មេដាយ​។ គោលដៅ​យុទ្ធសាស្ត្រ​ទាំង​៣​នោះ គឺ​ទី​១៖​សហព័ន្ធ​កីឡា​ជាតិ​មួយ​ត្រូវបង្កើត​គោលការណ៍​យន្តការ​ច្បាស់លាស់​មួយ ផ្តល់​ការគាំទ្រ​ដល់​ក្រុម​នេះ​ឲ្យ​មាន​ភាពកក់ក្តៅ​ក្នុងការ​​អភិវឌ្ឍ​ជំនាញ​របស់ខ្លួន​។ ទី​២៖​អភិវឌ្ឍ​បច្ចេកទេស​ដល់​ក្រុម​ពិសេស​នេះ​ឲ្យ​មានគុណ​ផល​កីឡា​កាន់តែ​ខ្ពស់​។ ទី​៣៖​ត្រូវ​ស្វែងរក​នូវ​មូលនិធិ​​ដើម្បី​ទ្រទ្រង់​ឧបត្ថម្ភ​គាំទ្រ​ទៅដល់​ក្រុម​ពិសេស​នេះ ដើម្បី​សម្រួច​គោលដៅ​បាញ់​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣ ។​

កម្ពុ​ជាមាន​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល ជាច្រើន​ដូចជា​ប៉េតង់ ចំបាប់ វូ​ស៊ូ វ៉ូ​វី​ណា​ម តេ​ក្វាន់​ដូ សូ​ហ្វ​តិ​ន្នី​ស វាយ​កូន​បាល់​វាយ​សី​និង​ប្រភេទ​កីឡា​ជា​ទៀត​។ មិនតែប៉ុណ្ណោះ​ប្រភេទ​កីឡា​មួយចំនួន​ដែល​កន្លងមក ពុំ​ធ្លាប់​ប្រជែង​បាន​មេដាយ​នោះ​ក៏​កំពុងតែ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស ក្នុង​តំបន់​ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ ។​
ឯកឧត្តម​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​​ឆ្នាំ​២០២៣(CAMSOC)​បាន​ប្រាប់​ឲ្យ​ដឹងថា​ពេលនេះ​មាន​ប្រទេស​ចំនួន​១២​ដែល​បានប្រកាស់​ទទួលយក​អត្ត​ព​លិ​ក​កម្ពុជា​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

បណ្ដា​ប្រទេស​ទាំងនោះ​មាន​ទាំង​នៅ​ទ្វីប​អឺ​រុ​ប និង ពិសេស​ទ្វីបអាស៊ី​ដូចជា​ប្រទេស​ចិន ជប៉ុន កូ​រេ​ជាដើម ។​ជាមួយគ្នានេះ​កម្ពុជា​ត្រៀម​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅតាម​បណ្ដា​ប្រទេស​ទាំងនោះ ។​
សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​កំពុងតែ​ជម្រុញ​ក្នុងការ​បញ្ជូន​កីឡាករ​កីឡាការិនី ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅក្រៅ​ប្រទេស​ដើម្បី​បង្កើន​សមត្ថភាព​កីឡាករ កីឡាការិនី​ឲ្យ​កាន់តែ​ឈានទៅរក​កម្រិត​ខ្ពស់​បន្ថែមទៀត ៕​

អត្ថបទដែលជាប់ទាក់ទង