ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម​ចុះឈ្មោះ សម្រាប់​ព្រឹត្តិការណ៍ ឲ្យ​ទាន់ពេលវេលា «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ថ្ងៃទី​១៤​កុម្ភៈ​

78

​ភ្នំពេញ​៖​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ដែល​នឹង​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ​នោះបាន​អំពាវនាវ​ឲ្យ​កីឡាករ កីឡាការិនី ដែលមាន​បំណង​ចូលរួម​ប្រកួតប្រជែង​ប្រណាំង​កង់ ឬ​ជិះ​កង់​កម្សាន្ត​នោះ សូម​ចុះឈ្មោះ​ឲ្យ​បាន​ច្រើន និង​ទាន់ពេលវេលា ខណៈពេល​វេលា​កាន់តែ​ខិតចូល​មកដល់ ទៅហើយនោះ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មានប្រសាសន៍ថា​គិត​ត្រឹម ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​អ្នក​ចុះឈ្មោះ​ចូលរួម​សម្រាប់​ព្រឹត្តិការណ៍​«​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​»​បាន​ជិត​២០០​នាក់​។​ឯកឧត្តម​ក៏បាន​អំពាវនាវ​ឲ្យ​អ្នក​ចង់​ចូលរួម​ជិះ​កង់​នេះ​សូម​ចូលរួម​ចុះឈ្មោះ​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​និង​ឲ្យ​បាន​រួសរាន់​ទាន់ពេលវេលា​ហើយ​គណៈកម្មការ​រៀបចំ​នឹង​ផ្តល់​កន្លែង​សម្រាប់​ការបោះ​តង់ នៅ​ឆ្នេរសមុទ្រ​អូ​ឈើទាល​។​
​សម្រាប់​ទីតាំង​ចុះឈ្មោះ​មាន​៣​ទីតាំង គឺ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជិត​រង្វង់​មូល​វត្ត​សំពៅ​មាស សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​, ទីតាំង​ទី​២ ក្រុមហ៊ុន Cambodia Events Organizer ផ្ទះ​លេខ​79C, ផ្លូវ 155, សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន និង​ទី​តាំងទី​៣ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។ ការទទួល​ចុះឈ្មោះ​នៅតែ​បន្ត​រហូតដល់​ជិត​ដល់​ថ្ងៃ​ប្រកួត​សូម​មក​ចុះឈ្មោះ​ឲ្យ​បាន​រួសរាន់ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​គណៈកម្មកា​រ​ក្នុងការ​ផ្តល់​ស្លាក​លេខ​ប្រកួត​ជូន​ដល់​អ្នក​ចុះឈ្មោះ​ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រៀបចំ​
​ផងដែរ​។​

​ព្រឹត្តិការណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដោយ​សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​នូវ​វិញ្ញាសា​ចំនួន​៣ គឺ​១-​វិញ្ញាសា​សម្រាប់​អ្នកជិះ​កង់​អាជីព​ចម្ងាយ​៤០​គីឡូម៉ែត្រ ដែល​ការប្រណាំង​ចាប់ផ្ដើម​ចេញដំណើរ​ពី​ឆ្នេរ​អូរ​ឈើទាល​ឆ្ពោះទៅ​ឆ្នេរ​រាម បន្ទាប់មក​ត្រឡប់មក​ឆ្នេរ​អូរ​ឈើទាល​វិញ​។ ២-​ប្រភេទ Fun Ride គឺជា​ការ​ជិះ​កង់​កម្សាន្ត​ឆ្នេរសមុទ្រ​ថ្មី ចម្ងាយ​២៥​គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ឆ្នេរ​អូរ​ឈើទាល ឆ្ពោះទៅ​អូរត្រេះ ហើយ​ត្រឡប់មក​ឆ្នេរ​អូរ​ឈើទាល​វិញ​។ ៣-Family Couple Ride គឺ​ការ​ជិះ​កង់​ជា​ក្រុមគ្រួសារ និង​គូស្នេហ៍​ចម្ងាយ​១៥​គីឡូម៉ែត្រ តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​ឆ្នេរសមុទ្រ​។​
​ចំពោះ​គោលបំណង​ចម្បងៗ​នៃ​ព្រឹត្តិការណ៍ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នេះ ត្រូវបាន​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ​បន្ត​បញ្ជ្រាប​ការផ្សព្វផ្សាយ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឥរិយាបថ ក្នុង​ស្រទាប់​យុវវ័យ នៅក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ១៤​កុម្ភៈ ដែល​កន្លងមក​យុវជន​មួយចំនួន​នៅតែ​យល់ច្រឡំ​នូវ​និយមន័យ​ពិត​នៃ​ថ្ងៃបុណ្យ​នេះ​។ ឯកឧត្តម វ៉ា​ត់ ចំរើន ដែលជា​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍​ទទួល​បន្ទុក​កីឡា​ទេសចរណ៍​ផងដែរ​នោះបាន​សង្កត់ធ្ងន់​លើ​ការចូលរួម​ស្វែងយល់​ឲ្យ​យល់ដឹង​ពី​អ​ន្ថ​ន័យ​ខ្លឹមសារ​ពិត​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដោយ​សម្តៅ​ទៅលើ​ការគោរព​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ​ក្រុមគ្រួសារ​មិត្ត​ភ័ក្ត្រ​មិនមែនជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ព្រហ្មចារី​យ៍​ដល់​គូស្នេហ៍​នោះទេ​។​

ជាមួយគ្នា​នោះ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ក៏មាន​គោលបំណង​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ទីក្រុង​គោលដៅ​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​តំបន់ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ​។ តាមរយៈ​ការ​ជិះ​កង់​នេះ​នឹង​នាំ​ឲ្យ​យុវជន និង​មហាជន​បាន​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ដើម្បី​សុខភាព​មិត្តភាព​និង​សាមគ្គីភាព​ព្រមទាំង​ទាក់ទាញ​ឲ្យ​មហាជន​ជួយ​លើកកម្ពស់​ដល់​វិ​​ស័​យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​ទៀតផង​។​គណៈកម្មការ​រៀបចំ​គ្រោង​រៀបចំ​កន្លែង​បោះតង់​តាម​ឆ្នេរសមុទ្រ​សម្រាប់​អ្នកចូលរួម​ទាំងអស់​ដោ​យ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​អនាម័យ​ខ្ពស់​។​

ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី ហើយ​ឯកឧត្តម​បណ្ឌិត​នឹង​ថ្លែង​សន្ទរកថា​ខ្លី និង​ការបាញ់​កាំភ្លើង​ចេញដំណើរ​លើ​វិញ្ញាសា​ប្រណាំង​កង់ ៤០​គីឡូម៉ែត្រ​, ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ថ្លែង​សន្ទរកថា​ខ្លី និង​ការបញ្ជា​កាំភ្លើង​ចេញដំណើរ​លើ​វិញ្ញាសា​ប្រណាំង​កង់​លើ​វិញ្ញាសា​កម្សាន្ត​លក្ខណៈ​គ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង