ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមួយចំនួន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

68

 

​ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ ចុះហត្ថលេខា​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ​។​

​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​ជូន​ថ្នាក់ដឹកនាំ​កងទ័ព​នេះ ធ្វើឡើង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ក្រសួងការពារជាតិ និង​ធ្វើឡើង​តាម​ការស្ម័គ្រចិត្ត​។​

​ថ្នាក់ដឹកនាំ​ស្ថាប័ន​ចំណុះ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ រហូតដល់​អាយុ​លើសពី​៥៩​ឆ្នាំ នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅវេលា​ម៉ោង​២៖០០​រសៀល ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ស្អែក​នេះ នៅ​មន្ទីរពេទ្យ​កេតុមាលា​។​

​ដោយឡែក ការចាក់​វ៉ាក់សាំង SARS-Cov-2 «Sinopharm» ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន តាម​ស្ថាប័ន កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ ក្រុម​វ៉ាក់សាំង​កូ​វីដ​-១៩ ក្រសួងការពារជាតិ នឹង​ជូនដំណឹង​ពី​កាលបរិច្ឆេទ និង​ទីតាំង​ជាក់លាក់​នៅពេល​ក្រោយ​។​

​ក្នុងនាម​ក្រុម​វ៉ាក់សាំង​កូ​វីដ​១៩ ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បានប្រកាស​អញ្ជើញ​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​កងយោធពល​ខេមរភូមិន្ទ ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​នេះ ដើម្បី​គាំទ្រ​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ការពារ​សុខ​ភាព និង​លើកកម្ពស់​សុខមាលភាព​របស់​កងទ័ព​យើង​។​

​សូមបញ្ជាក់ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​ចិន ចំនួន​៦០​ម៉ឺន​ដូ​ស​នេះ ជា​ប្រភេទ​វ៉ាក់សាំង Sinopharm ដែល​ផលិត​ដោយ​រដ្ឋាភិបាល​ចិន បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា នា​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ​។ ក្រោយ​មកដល់​ប្រទេស​កម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ បាន​ត្រូវ​ប្រគល់ជូន​ក្រសួងការពារជាតិ​ចំនួន ៣០​ម៉ឺន​ដូ​ស និង​ប្រគល់ជូន​ក្រសួងសុខាភិបាល​ចាត់ចែង​ចំនួន ៣០​ម៉ឺន​ដូ​ស​៕

អត្ថបទដែលជាប់ទាក់ទង