ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីសំណូមពរឱ្យ សមត្ថកិច្ចមានវិធានការទប់ស្កាត់ក្មេងទំនើងការជួញដូរផ្លូវភេទ ការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងសណ្តាប់ធ្នាប់សាធារណៈ

53

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានសំណូមពរឱ្យសមត្ថកិច្ចមានវិធានការទប់ស្កាត់សកម្មភាពក្មេងទំនើងការជួញដូរផ្លូវភេទ ការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមចិញ្ចើមផ្លូវថ្នល់ឱ្យបានខ្លាំងក្លាជាងមុន ខណៈដែលក្នុងខែមករា ឆ្នាំ២០២១ បទល្មើស ទាំងនេះនៅតែបន្តកើតមាននៅក្នុងរាជធានីភ្នំពេញ។

   ការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ កុម្ភៈឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកកើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ

   ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកឡើងថា ក្នុងខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ១០៥នាក់ ហើយពាក់ព័ន្ធនឹងបទល្មើស មានចំនួន ១០២នាក់។ ដូច្នេះលោកសំណូមពរឱ្យសមត្ថកិច្ចមានវិធានការទប់ស្កាត់សកម្មភាពក្មេងទំនើងឱ្យបានខ្លាំងក្លាជាងមុន។ជាងនេះទៅទៀត សំណូមពរឱ្យបង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលទើបនឹង កែសម្រួលថ្មីៗនេះមាន ០៧ចំណុច ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងមានការយកចិត្តទុកដាក់អនុវត្ត ឱ្យបានល្អប្រសើរ ព្រោះពិនិត្យតាមរបាយការណ៍ឃើញថាបញ្ហាគ្រោះអគ្គិភ័យមានការកើនឡើង។

   លោកបន្តថា ការជួញដូរផ្លូវភេទក្នុងស្រទាប់យុវវ័យ និងកុមារតែងកើតឡើងបន្តបន្ទាប់ គួរឱ្យចាប់អារម្មណ៍ ដូចនេះសំណូមពរពង្រឹងពង្រីកយន្តការអប់រំមុខសញ្ញានេះ និងក្រុមគ្រួសារ តាមរយៈពង្រឹងពង្រីកយន្តការអប់រំ ដោយប្រគល់ជូននារី និងយុវជនជាកម្លាំងស្នូលក្នុងការអប់រំ ព្រមទាំងមានការលើកទឹកចិត្តចំពោះ សកម្មភាពអប់រំដោយមានការត្រួតពិនិត្យជាប្រចាំ។

  ចំពោះការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមចិញ្ចើមផ្លូវថ្នល់ សំណូមពរឱ្យអាជ្ញាធររាជធានីភ្នំពេញសិក្សាផ្នែកច្បាប់ ដើម្បីដាក់ចេញនូវវិធានការផាកពិន័យឱ្យបានម៉ឺងម៉ាត់ ដើរទន្ទឹម នឹងវិធានការអប់រំ។

  លោកបន្តទៀតថា ការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឥន្ធនៈឃើញថា អាជ្ញាធរបានខិតខំធ្វើបានច្រើន ហើយនៅសល់តែ ៦៩ទីតាំងទៀតប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់ ដូច្នេះស្នើជំរុញការងារនេះបន្ថែមទៀត។ មូលដ្ឋានអាជីវកម្មឧស្ម័នឥន្ធនៈខ្នាតតូចមានច្បាប់ ១០៨មូលដ្ឋាន អត់ច្បាប់ ៦៩មូលដ្ឋានដែលការងារគ្រប់គ្រងអាជីវកម្មនេះក្រសួងបានធ្វើប្រតិភូកម្មមកការិយាល័យច្រកចេញចូលតែមួយរបស់ រដ្ឋបាលខណ្ឌរួចហើយ ដូចនេះស្នើឱ្យរដ្ឋបាលខណ្ឌជំរុញការធ្វើច្បាប់ឱ្យបាន ១០០%

 

 

អត្ថបទដែលជាប់ទាក់ទង