ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹងធ្វើ​មហាសន្និបាត ចុងខែ​កុម្ភៈ​នេះ​

61

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ នៅ​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​របស់ខ្លួន ដើម្បី​ត្រួតពិនិត្យ​តាមដាន​សកម្មភាព​ការងារ ក៏ដូចជា​ត្រៀម​រៀបចំ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​បន្ត សម្រាប់​ឆ្នាំ​២០២១ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆាប់ៗ​នេះ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​, ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍ថា នេះ​ជា​កិច្ចប្រជុំ​ជា​ទៀងទាត់​រៀងរាល់​៣​ខែម្តង​ដែល​នេះ​ជា​យន្តការ​ត្រួតពិនិត្យ​តាមដាន​ក៏ដូចជា​ត្រៀម​រៀបចំ​មហា​ន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​លើក​ទិសដៅ​បន្ត ប្រចាំឆ្នាំ​២០២១ នា​ថ្ងៃទី​២៥ ខែកុម្ភៈ​ខាងមុខ​ឆាប់ៗ​នេះ​។​

ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ត្រួត​ពិនិត្យមើល​លើ​លទ្ធផល​ការងារ​ឆ្នាំ​២០២០ កន្លងមក ដែលជា​ឆ្នាំ​នៅក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ប៉ុន្តែ​យើង​អ្វី​ដែលជា​ស្នាដៃ​នៃ​សមិទ្ធផល​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ ក៏ត្រូវ​បា​លើក​បង្ហាញ រួមទាំង​បញ្ហា​ប្រឈម ចំណុច​ខ្វះខាត ដើម្បី​កែសម្រួល​តម្រង់ទិស​ស្វែងរក​ផែនការ​យុទ្ធសាស្ត្រ​ថ្មីៗ សម្រាប់​គោលដៅ​បន្ត ក្នុងការ​សម្រួច​គោលដៅ​ចូលរួម​រៀបចំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដោយបាន​កំណត់ថា ឆ្នាំ​២០២១​នេះ គឺជា​ពេលវេលា​ចាប់ផ្តើម​រៀបចំ​ស៊ី​ហ្គេម (Games Operation Time)​។​

​ឯកឧត្តម​អគ្គលេខាធិការ​បន្ថែមថា​នៅក្នុង​មហាសន្និបាត​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុ​ជានា​ចុងខែ​កុម្ភៈ​នេះ​នឹង​រំលេច​ចេញ​នូវ​គោលការណ៍​វិធានការ​ក៏ដូចជា​ការសម្រេចចិត្ត​នូវ​នយោបាយ​មួយចំនួន​ដើម្បី​បន្ត​ការអភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ជាពិសេស​លើ​ផ្នែក​ជំនាញ​បច្ចេកទេស​គុណ​ផល​កីឡា រួម​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​គោលដៅ​ឈានទៅ​ទៅរក​ប្រសិទ្ធភាព​ពិតប្រាកដ​ចាប់ពី​ឆ្នាំ​២០២១ រហូតដល់​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២​តែម្តង​។​
​ពេលនេះ​យើង​ត្រូវតែ​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់​ដោយ​ត្រូវបាន​វិធានការ​របៀប​ថ្មី​នៃ​របត់​ថ្មី​សម្រាប់​ផែនការ​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​សង្កត់ធ្ងន់​ហើយ​ថា អ្វីដែល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​បច្ចេកទេស ឬ​សហព័ន្ធ​កីឡា​ជាតិ​ណាខ្លះ​ដែល​មិនទាន់​រឹងមាំ​ដែលជា​ក្តីបារម្ភ​ក្នុងការ​អភិវឌ្ឍ​បច្ចេកទេស​នោះ​គឺ​យើង​ត្រូវតែ​រួមគ្នា​កែសម្រួល​លើ​កិច្ចការ​ទាំងអស់នោះ ដើម្បី​កសាង​សមត្ថភាព​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ឲ្យ​កាន់តែ​រឹងមាំ ក្នុង​រយៈពេល​២​ឆ្នាំកន្លះ​។​

​អ្វីដែល​សំខាន់​ក្នុង​កិច្ចប្រជុំ​នេះ គឺ​សមាជិក​ប្រតិបត្តិ​ទាំងអស់​មាន​មូលមតិ​គ្នា ឯកភាពគ្នា ជាមួយ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​បន្ត​កិច្ចពិភាក្សា​រួមគ្នា​ដោយ​រៀបចំ​នូវ​ចំណុច​ខ្វះខាត​ឲ្យ​ទៅជា​កម្លាំង​បង្គុំ​ពិសេស​
​មួយ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​លើ​ផ្នែក​បច្ចេកទេស​ដែល​ក្នុងនោះ​យើង​នឹង​ពិនិត្យ​ចាប់តាំងពី​ពេលវេលា​នៃ​ការហ្វឹកហាត់​បញ្ហា​ប្រឈម​របស់​អត្ត​ព​លិ​ក គ្រូបង្វឹក មន្ត្រី​កីឡា​ទាំងអស់​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​ចាត់ទុកថា កិច្ចប្រជុំ​នេះ​គឺជា​ការឆ្លុះបញ្ចាំង​អំពី​ខ្លឹមសារ​នៃ​អង្គ​មហាសន្និបាត ចុងខែ​កុម្ភៈ​នេះ​ផងដែរ ដែល​យើង​នឹង​ទទួលបាន​ធាតុ​ចូល​បន្ថែមទៀត​ពី​សហព័ន្ធ​កីឡា​ជាតិ​នានា ដើម្បី​ដាក់ចេញ​នូវ​ផែនការ​ពិសេស​មួយ ក្នុង​ដំណើរ​ឆ្ពោះទៅ​រួមគ្នា នៃ​ការទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​៕​

អត្ថបទដែលជាប់ទាក់ទង