ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ថ្ងៃទី​១០​កុម្ភៈ ចំនួន ៤២៥​នាក់​

43

 

​ភ្នំពេញ ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ថ្លែងថា ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន​ថា សរុប​អ្នក​មកចាក់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​ចំនួន ៤២៥​នាក់ (​ស្រី ១០៤​នាក់​) ។ អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ចំនួន ៣៣៩​នាក់ (​ស្រី ៧៥​នាក់​) និង​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន ៨៦​នាក់ (​ស្រី ២៩​នាក់​)​។

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តីពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជា​បន្ត នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ថ្ងៃ​បន្តបន្ទាប់​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាប​ពី​កម្មវិធី​ចាក់​វ៉ា​ក់ សាំង​ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត សម្រាប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ថ្ងៃជា​បន្តបន្ទាប់​ទៀត​។​

​សម្រាប់​ឥស្សរជន និង​អ្នក​ដែល​មិនទាន់បាន​ចាក់​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​នៅក្នុង​ក្រុម​ដែល​ក្រសួងសុខាភិបាល បាន​ជូន​ព័ត៌មាន​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ រួចហើយនោះ ហើយ​ដែល​មិនទាន់បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សូម​អញ្ជើញ​ទៅ​ចាក់​តាម​ទីកន្លែង ដែល​ក្រសួងសុខាភិបាល​បាន​ជូន​ព័ត៌មាន កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ រួចហើយ ដូចជា មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នេះ ត្រូវ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ ធ្វើការ​ចាប់ពី​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ដល់​ម៉ោង​១៧​និង​០០​នាទី​ល្ងាច (​ដោយ​សម្រាក​ពិសារ​អាហារ​ថ្ងៃត្រង់ ពី​ម៉ោង​១២​និង​០០​នាទី​ដល់​ម៉ោង ១៤​និង​០០​នាទី​)​។​

ឥស្សរជន និង​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​រួចហើយ សូម​អញ្ជើញ​ទៅ​ចាក់​ដូ​ស​លើក​ទី​២ នៅតាម​ទីកន្លែង​ដែល​ខ្លួន​បាន​ចាក់​លើក​ទី​១ (​ចន្លោះ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ (​មិន​ឲ្យ​លើសពី​ថ្ងៃទី​២៨) គិត​បន្ទាប់​ពីថ្ងៃ​ដែល​បាន​ចាក់​លើក​ទី​១)​។​

​ក្រសួងសុខាភិបាល បន្ត​ជូនដំណឹង​ដល់​សាធារណជន អំពី​ក្រុម​អាយុ​ពី​១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ ផ្សេងៗ​ទៀត ដែល​នឹង​សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត នៅពេល​ក្រោយៗ​ទៀត​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ក្រុម​អាទិភាព​ផ្សេងៗ​ទៀត​នោះ ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មេត្តា​អធ្យាស្រ័យ ប្រសិនបើ​មិនទាន់​ដល់​វេន​របស់ខ្លួន​ទេនោះ សូមមេត្តា​រង់ចាំ​បន្តិច​សិន ដោយសារ​វ៉ាក់សាំង​មាន​ចំនួន​កំណត់​នៅពេលនេះ និង​ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​រួចហើយនោះ មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ដូ​ស​លើក​ទី​ពីរ​ទៀត​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង