ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងត្បូង-ខាងជើង នឹងបើកកិច្ចប្រជុំកំពូល ក្រុងព្យុងយ៉ាង នាខែកញ្ញា តាមការគ្រោងទុក

115

SEOUL៖ ប្រទេសកូរ៉េខាងត្បូង-ខាងជើង បានយល់ស្របគ្នា នៅថ្ងៃចន្ទ ដោយសម្រេច បើកកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្យុងយ៉ាង នៅខែកញ្ញា ខាងមុខនេះ បន្ទាប់ពីកិច្ចចរចាថ្នាក់ខ្ពស់ នៅតំបន់គ្មានយោធា ដែលបែងចែកឧបទ្វីបនេះ ។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា “ភាគីទាំងពីរ បានសម្រេចបើកកិច្ចប្រជុំកំពូល នាទីក្រុងព្យុងយ៉ាង នៅខែកញ្ញា តាមគម្រោង ដែលបានគ្រោងទុក” ខណៈសេចក្តីថ្លែងការណ៍ ដដែលនេះ មិនបានបញ្ជាក់ ពីពេលវេលាជាក់លាក់នោះឡើយ ។

គួរឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Moon Jae-in នៃកូរ៉េខាងត្បូង ទៅកាន់ រដ្ឋធានី របស់កូរ៉េខាងជើង​ នឹងក្លាយជាទស្សនកិច្ច លើកដំបូង សម្រាប់រយៈពេល ជាងមួយទសវត្សរ៍ បន្ទាប់ពីទំនាក់ទំនងការទូត នៃឧបទ្វីបទាំងពីរនេះ បានដួលរលំ និងកំពុងកសាងឡើងវិញ ។

យោងតានការលើកឡើង របស់អ្នកវិភាគ នៃវិទ្យាស្ថានសិក្សា គោលនយោបាយ Asan លោក Go Myong-hyun បាននិយាយថា “កិច្ចប្រជុំកំពូល នៅខែកញ្ញា អាចត្រូវបានមើលឃើញថា ជាយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ដើម្បីស្វែងរករបកគំឃើញមួយ នៅក្នុងកិច្ចចរចាជាប់គាំង ជាមួយអាម៉េរិក”៕

អត្ថបទដែលជាប់ទាក់ទង