រថយន្តព្រូស បើកទៅបុករថយន្តកាមរីបាឡែនពីក្រោយ រងការខូចខាត ហើយសងលុយបញ្ចប់រឿងនៅកន្លែងកើតហេតុ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿង ជ្រុលចង្កូតទៅបុកពីក្រោយគូទរថយន្តបាឡែនពេញទំហឹង បណ្តាលឲ្យរថយន្តបាឡែន ខ្ទាតទៅមុខជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ទី១១ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ សម្ដេចសុរាម្រឹត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តបាឡែនមួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2-AU 03 56 ចតចោលនៅលើចិញ្ចើមផ្លូវស្រាប់តែភ្លាមនោះដែរ គាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2-BG 3411 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចសុរាម្រឹត ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកពីក្រោយរថយន្តបានឡែន ពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ។ សំណាងល្អមិនគ្រោះថ្នាក់ទៅដល់មនុស្ស។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់ដោយរួចឲ្យភាគីទាំងពីរ សម្រាប់សម្រួលគ្នាសិនដោយឃើញថាភាគីបង្ក មិនចង់វែងឆ្ងាយក៏ព្រមសងជាសំណង ក្នុងការជួសជុលទៅលើរថយន្តរងគ្រោះបញ្ចប់រឿង នៅកន្លែងកើតហេតុ៕