ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសារព័ត៌មាន នៅក្នុងស្ថាប័ន វិទ្យុផ្សាយ សំឡេង ក៏ដូចជា បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់

62

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរបងប្អូនអ្នកសារព័ត៌មានក្នុងស្ថាប័នវិទ្យុផ្សាយសំឡេងទាំងស្ថាប័នរដ្ឋនិងឯកជន បានខិតខំពុះពាររាល់ឧបសគ្គនិងការលំបាកក្នុងការបំពេញការងារ ជាពិសេសស្ថាប័នវិទ្យុផ្សាយសំឡេងក៏ដូចជាស្ថាប័នសារព័ត៌មានទាំងអស់បានចូលរួម ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយម។

សារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស «ទិវាវិទ្យុពិភពលោក» លើកទី១០ ក្រោមប្រធានបទ «នវានុវត្តន៍ នៃវិទ្យុផ្សាយសម្លេងស្របតាមការវិវត្ត នៃពិភពលោក»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានដែលកំពុងបំពេញការងារនៅក្នុង ស្ថាប័នវិទ្យុផ្សាយសំឡេងទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោកទាំងមូលក្នុង ឆ្នាំនេះ ឱកាស “ទិវាវិទ្យុពិភពលោក” ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣ខែកុម្ភៈ ហើយ គឺជាខួបលើកទី១០ នៃការបង្កើតវិទ្យុផ្សាយសំឡេងនៅលើសកលលោក ហើយក៏ជាខួបលើកទី៧៥ នៃ ថ្ងៃកំណើតវិទ្យុអង្គការសហប្រជាជាតិដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦ ក្នុងគោលបំណងលើកកម្ពស់ សិទ្ធិយល់ដឹងរបស់សាធារណជន ការបង្កើននូវកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងអ្នកសារព័ត៌មាននៅក្នុង ស្ថាប័នវិទ្យុផ្សាយសំឡេងនៅទូទាំងសកលលោក និងបង្ហាញពីសារសំខាន់របស់ស្ថាប័នវិទ្យុផ្សាយសំឡេង ជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស ជាតិអស់រយៈពេលជាងមួយសតវត្សរ៍មកហើយដោយបានឆ្លងកាត់ការវិវត្តនៅគ្រប់សម័យកាលស្រប តាមការវិវត្តបច្ចេកវិទ្យាឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយនៅលើសកលលោក។

ខួបលើកទី១០ នៃ ទិវាវិទ្យុពិភពលោក – ឆ្នាំ២០២១ បានលើកយកប្រធានបទដ៏មានសារសំខាន់ ស្តីពី “នវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងស្របតាមការវិវត្តនៃពិភពលោក – បានឆ្លុះបញ្ចាំង ពីការអភិវឌ្ឍនៃ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤និងការបង្កើត ឡើងនូវនវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងដើម្បីផ្សារភ្ជាប់ខ្លួនទៅនឹងសង្គមស្របពេលដែលពិភពលោក ទាំងមូលកំពុងមានការវិវត្តទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការរីករាលដាលនៃការឆ្លង ជាសកលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងគំរាមកំហែង និងបង្កគ្រោះមហន្តរាយយ៉ាងធំធេងដល់ អាយុជីវិតរបស់មនុស្ស សេដ្ឋកិច្ចសកល និងការកាត់ផ្តាច់នូវចរន្តសកលភាវូបនីយកម្មលើអន្តរវិស័យ ដែលតម្រូវឱ្យស្ថាប័នវិទ្យុផ្សាយសំឡេងត្រូវចេះបត់បែន និងសម្របសម្រួលខ្លួនដើម្បីដើរទាន់ការវិវត្ត នៃសភាពការណ៍នៅលើសកលលោក ការបង្កើតឡើងនូវនវានុវត្តន៍ដើម្បីប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើបក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពក្នុងស្ថានភាពដែលសកលលោកកំពុងប្រឈមនឹងការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ -១៩។

ជាការពិតការវិវត្តនៃសភាពការណ៍នៅលើសកលលោក ការអភិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល និងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវពិតជាបានធ្វើឱ្យពិភពលោក ទាំងមូលមានការផ្លាស់ប្តូរនិងបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងនូវចរន្តសកលភាវូបនីយកម្មលើអន្តរវិស័យ ដែលជាការបន្ទុចបង្អាក់នូវការលូតលាស់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កំណើននិកម្មភាព របស់ប្រជាជននៅក្នុងសង្គម និងបានឆក់យកអាយុជីវិតរបស់មនុស្សនៅទូទាំងពិភពលោកអស់ជិតបីលាននាក់ ហើយបច្ចុប្បន្នជំងឺឆ្លងដ៏កាចសាហាវនេះនៅតែបន្តគំរាមកំហែងដល់អាយុជីវិតនិងសុខភាព សាធារណៈដ៏គួរឱ្យភ័យខ្លាចដែលតម្រូវឱ្យមនុស្សចេះបំពេញការងារនិងរស់នៅតាមគន្លងថ្មី ដើម្បី ជៀសផុតពីបញ្ហាប្រឈមទៅនឹងជំងឺឆ្លងដ៏កាចសាហាវនាពេលបច្ចុប្បន្ន បង្កើតបានជាកាលានុវត្តភាពថ្មី មួយដើម្បីត្រៀមខ្លួនប្រឆាំងទៅនឹងជំងឺឆ្លងជាសកលនៅថ្ងៃអនាគតដែលមិនអាចប៉ាន់ស្មានបាន ។

ទោះបីស្ថិតនៅក្នុងស្ថានការណ៍ប្រឈមដ៏លំបាកបែបនេះក្តី វឌ្ឍនភាពនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថលនៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ បានធ្វើឱ្យវិទ្យុផ្សាយសំឡេងដែលជាឧបករណ៍សារគមនាគមន៍ដ៏មានឥទ្ធិពលអស់រយៈពេលជាងមួយសតវត្សរ៍មកហើយនោះនៅតែអាច ឈរជើងយ៉ាងរឹងមាំក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយដទៃទៀតដោយបានបង្កើត នវានុវត្តន៍នៃការបញ្ជូនមាតិការបស់ខ្លួនទៅលើថ្នាលវិទ្យុឌីជីថលអនឡាញដែលអាចប្រើបានតាមរយៈ ឧបករណ៍ វ័យឆ្លាតដើម្បីផ្សារភ្ជាប់និងសម្របសម្រួលខ្លួនទៅនឹងជីវិតរស់នៅ និងចរិកលក្ខណៈរបស់មនុស្សជំនាន់ថ្មីផ្តល់នូវជម្រើស ជាច្រើនឆ្លើយតបតាមតម្រូវការរបស់មនុស្សក្នុងការស្តាប់មាតិកាដែលខ្លួន ពេញចិត្តដែលមានតម្លៃថោក អាចប្រើបានគ្រប់ពេលវេលា គ្រប់ទីកន្លែងបានរហ័សទាន់សភាពការណ៍ និង មានវិសាលភាពគ្របដណ្តប់ធំទូលាយដែលរហូតមកដល់ពេលនេះវិទ្យុផ្សាយសំឡេងនៅតែជាមធ្យោបាយ ក្នុងការផ្តល់ព័ត៌មាន ការអប់រំ និងការប្រឆាំងព័ត៌មានក្លែងក្លាយដ៏មានប្រសិទ្ធភាព និងទទួលបានការ គាំទ្រពេញនិយមពីសំណាក់មហាជនច្រើនជាងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតនាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ សូមវាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់និយាយជារួម និងនិយាយដោយឡែកចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបំពេញការងារនៅក្នុងស្ថាប័នវិទ្យុផ្សាយសំឡេងទាំងស្ថាប័នរដ្ឋនិងឯកជននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំពុះពាររាល់ឧបសគ្គនិងការលំបាកក្នុងការបំពេញការងាររបស់ ខ្លួនផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល វិញ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់ដំណាក់កាលក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋបានដឹងនិងស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា សភាពការណ៍ប្រែប្រួលនៅលើសកលលោក និងជាពិសេសបានផ្សព្វផ្សាយព័ត៌មានបានច្បាស់លាស់អំពីការវិវត្តនៃជំងឺកូវីដ-១៩ និងវិធានការបន្ទាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលបាន ទទួលជោគជ័យយ៉ាងធំធេងដែលរហូតមកដល់ពេលនេះគ្មានប្រជាពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ -១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយ ហើយបើប្រៀបធៀបទៅ និងប្រទេសមួយចំនួននៅក្នុងតំបន់ អ្នកឆ្លងមេរោគកូវីដ -១៩ នៅកម្ពុជា មានចំនួនតិចហើយការឆ្លង ចូលសហគមន៍ត្រូវបានចាត់វិធានការទប់ស្កាត់បានទាន់សភាពការណ៍និងមានប្រសិទ្ធភាព ។

មួយវិញទៀត ស្ថាប័នវិទ្យុផ្សាយសំឡេងក៏ដូចជាស្ថាប័នសារព័ត៌មានទាំងអស់បានចូលរួម ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមប៉ុនប៉ងបង្កភាពចលាចល នៅក្នុងសង្គមដើម្បីរំខានដល់ការរស់ឡើងវិញ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ដោយបាន ធ្វើការបកស្រាយពន្យល់ប្រជាពលរដ្ឋ និងអន្តរជាតិបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា បានទាន់ពេលវេលា និងមានប្រសិទ្ធភាពដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល។ បេសកកម្មរបស់បងប្អូនពិតជាមានសារសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ការពារសេចក្តីសុខសាន្ត និងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ព្រមទាំង ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើងឱ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវនាពេលបច្ចុប្បន្ន។

សម្តេចនាយករដ្ឋមន្រ្តី សូមយកឱកាសនេះផ្តល់យោបល់ឱ្យបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅទូទាំងសកលលោក ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចផ្សព្វផ្សាយវិធានការសុវត្ថិភាពប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀតដើម្បីការពារអាយុជីវិត និងសេចក្តីសុខសាន្តរបស់ប្រជាជននៅទូទាំងសកល លោករហូតដល់ជំងឺដ៏កាចសាហាវនេះត្រូវបានរលាយបាត់ពីផែនដីរបស់យើង។ ជាមួយគ្នានេះដែរ សូមឱ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់បង្កើននូវកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹង ក៏ និងផ្លាស់ប្តូរបទពិសោធន៍ការងារដើម្បីបង្កើនសមត្ថភាពយល់ដឹងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយទំនើបនាពេលបច្ចុប្បន្ន និងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាសសង្គម បង្កអសន្តិសុខ និងធ្វើឱ្យកើតមានអរិភាពដែលអាចធ្វើឱ្យមានការប៉ះពាល់ ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅលើសកលលោក។

មុននឹងបញ្ចប់ សម្តេច សូមអំពាវនាវសាជាថ្មីម្តងទៀតដល់ អ្នកសារព័ត៌មាននៅក្នុងស្ថាប័នវិទ្យុផ្សាយ សំឡេង ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ដោយពុំបានគិតអំពីក្បួនខ្នាតវិជ្ជាជីវៈ និងខ្វះការទទួលខុសត្រូវ ដែលអាចបង្កឱ្យមានការច្របូកច្របល់នៅក្នុងសង្គម និងប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយគ្នា និងសូមឱ្យ អ្នកសារព័ត៌មានទាំងអស់បន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងព័ត៌មានក្លែងក្លាយឱ្យបានសកម្ម ថែមទៀតដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលជាបំណងប្រាថ្នា របស់មនុស្សជាតិនៅទូទាំងពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង