ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កើត រិទ្ធ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

54

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ​និង​វាយតម្លៃ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​បន្ធូរ​បន្ថយទោស និង​ការលើកលែងទោស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី «​ការផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស និង​ការលើកលែងទោស​» និង​ពង្រឹង​ការងារ​ស្នើសុំ​អនុគ្រោះ​ទោស នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ដោយមាន​ការចូលរួម​ពី​គណៈកម្មការ​ថ្នាក់ជាតិ គណៈកម្មការ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​រាជធានី ខេត្ត ទូទាំងប្រទេស ។​

​លោក កើត រិ​ទ្ធិ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជាក់ថា​ព្រះរាជក្រឹត្យ​នេះ​មាន​ចំនួន​៦​ជំ​ពួក ចែកចេញជា​១៩​មាត្រា​ដែលជា​សមិទ្ធិផល​ថ្មី​មួយ​របស់​មន្ត្រី​យើង​បាន​ខិតខំ​បង្កើតឡើង​សម្រាប់​អនុវត្ត​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត ដើម្បី​ឲ្យ​មន្ត្រី​តុលាការ មន្ត្រី​ពន្ធនាគារ​យកទៅអនុវត្ត​។​

​លោក បាន​លើកឡើងថា​ការលើកលែងទោស​ជាការ​លើកទឹកចិត្ត​ដល់​ទណ្ឌិត​ណា​ដែល​បាន​កែប្រែ​ខ្លួន​បានល្អ​។​ការលើកលែងទោស​មិនមែនជា​សិទ្ធិ​របស់​អ្នកទោស​នោះទេ តែ​វា​ជាការ​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​កែខ្លួន​របស់​ទណ្ឌិត​ដើម្បី​ឲ្យ​គាត់​បាន​ចូលមក​រួមរស់​ក្នុងសង្គម​វិញ​។​
​ក្នុង​មាត្រា​ដដែល​បាន​បញ្ជាក់ដែរថា រយៈពេល​នៃ​ការបន្ធូរបន្ថយ​ទោស​ត្រូវ​កំណត់​ដូចតទៅ​នេះ​៖១.​ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី​១​ឆ្នាំ ដល់​ក្រោម ៥​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៣​ខែ​។​
២. ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់ ៥​ឆ្នាំ ដល់​ក្រោម ១០​ឆ្នាំ​អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៦​ខែ ឬ​៣​ខែ​។​៣.​ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី ១០​ឆ្នាំ ដល់​ក្រោម ២០​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៩​ខែ ឬ ៦​ខែ ឬ ៣​ខែ​។​៤. ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី​២០​ឆ្នាំ ដល់ ៣០​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ១២​ខែ ឬ ៩​ខែ ឬ ៦​ខែ ឬ ៣​ខែ​។​៥ ទោស​ដាក់ពន្ធនាគារ​មួយជីវិត អាច​នឹង​បន្ថយទោស​លើក​ទី​១ មក​នៅត្រឹម ៣០​ឆ្នាំ​។​
​មាត្រា​៩​នៃ​ព្រះរាជក្រឹត្យ បានចែង​ដែរ​ថា ទណ្ឌិត​អាច​ទទួល​ការបន្ធូរបន្ថយ​ទោស​បាន​តែ​ម្តងគត់ ក្នុង​រយៈពេល ១២​ខែ​។ ទណ្ឌិត​អាច​ទទួល​ការបន្ធូរបន្ថយ​ទោស​ច្រើនដង​បាន លុះត្រាតែ​ទណ្ឌិត​នោះ បានទទួល​រង​ទោស​ពាក់ កណ្តាល​នៃ​ទោស​ដាក់ពន្ធនាគារ​ដែល​តុលាការ​បានកំណត់ ប៉ុន្តែ​ត្រូវគោរព​តាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​កថា ខណ្ឌ​ទី​១​ខាងលើ​។​
​ចំពោះ​ទណ្ឌិត​ដែល​ត្រូវ​បានកំណត់​ទោស​ដាក់ពន្ធនាគារ​មួយជីវិត ក្រោយពី​បាន​បន្ថយ​មក​នៅត្រឹម ៣០​ឆ្នាំ អាច​នឹង​បានទទួល​ការបន្ធូរបន្ថយ​ទោស​ច្រើនដង​ទៀត​បាន​។ ប៉ុន្តែ​ទោះជា​ទណ្ឌិត​នោះ បានទទួល​ការបន្ធូរបន្ថយ ទោស​ច្រើនដង​ក៏ដោយ ក៏​រយៈពេល​នៃ​ការ​ទទួលរង​ទោស​ទាំងអស់​ត្រូវ​ឱ្យបាន​យ៉ាងតិច ២០​ឆ្នាំ​។​

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​មាន​ទណ្ឌិត​ចំនួន​១៧៥៣​នាក់​(​ស្រី​១៤៣​នាក់​)​ត្រូវបាន​ស្នើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​។​ជា​លទ្ធផល​មាន​ទណ្ឌិត​ចំនួន​៩៣៩​នាក់​(​ស្រី​៩១​នាក់​)​ត្រូវបាន​បន្ធូរបន្ថយ​ទោស​និង​លើកលែងទោស​។​

​សូមជម្រាបថា មុន​ចេញ​ព្រះរាជក្រឹត្យ​ថ្មី​នេះ ការស្នើសុំ​កា​រប​ន្ថួ​រ​បន្ថយទោស និង​លើកលែងទោស​ចំពោះ​ទណ្ឌិត ធ្វើឡើង​ក្នុង​ពិធីបុណ្យ​ធំៗ​របស់​ជាតិ ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ទណ្ឌិត មាន​ចំនួន ៥​ដង ក្នុង​១​ឆ្នាំៗ រួមមាន​,​ទី​១៖ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ទី​២៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​,​ទី​៣៖ ពិធីបុណ្យ​វិសាខបូជា​,​ទី​៤៖ ពិធីបុណ្យ​ឯករាជ្យ​ជាតិ​និង​ទី​៥៖ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​៕​

អត្ថបទដែលជាប់ទាក់ទង