ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រៀបចំសេចក្ដី​ព្រាង​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្ដីព្រាង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​ ​ស្ដីពី “​សេចក្តីព្រាង​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥”

53

 

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំសេចក្ដី​ព្រាង​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្ដីព្រាង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​
​ស្ដីពី “​សេចក្តីព្រាង​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥” ។​

​នា​ព្រឹក​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំសេចក្តី​ព្រាង ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្តីព្រាង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​ទៅលើ​សេចក្តីព្រាង ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ។​

​ស្របតាម​ស្មារតី​នៃ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០ និង​ការចង្អុលបង្ហាញ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤, “​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥- ដែល​ត្រូវបាន​គិតគូរ​ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ និង​ប្រាកដនិយម​ខ្ពស់ នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការធ្វើបដិវត្ត​កម្ម​ឌីជីថល ។ ម្យ៉ាងទៀត ក្របខណ្ឌ គោលនយោបាយ​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​ភាពឆ្លើយតប​ខ្ពស់​ទៅនឹង​និន្នាការ​សកល​នៃ​បដិវត្តន៍ ឧស្សាហកម្ម ៤.០ ក៏ដូចជា​បរិវត្ត​កម្ម​ឌីជីថល ដែល​បាននិងកំពុង​ធ្វើឱ្យ​និម្មាបនកម្ម​សេដ្ឋកិច្ចពិភពលោក និង​តំបន់​មាន​ការវិវឌ្ឍ​ឥតឈប់ឈរ ជាពិសេស​ក្នុង​បរិការណ៍​ដែល​ចាប់តាំងពី​ឆ្នាំ ២០២០ មក​, បទពិសោធន៍ និង​មេរៀន​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានបង្ហាញ​អំពី​សក្តានុពល​កាន់តែ​សំខាន់​នៃ​បរិវត្ត​កម្ម ឌីជីថល ក្នុង​ការជំរុញ​ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច ។​

​ក្របខណ្ឌ​គោលនយោបាយ​នេះ កំណត់​នូវ​ចក្ខុវិស័យ​ក្នុងការ “​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល រស់​រវើក តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការទទួលយក និង​បរិវត្ត​កម្ម​ឌីជីថល នៅក្នុង​គ្រប់​តួអង្គ សង្គម ទាំង​រដ្ឋ ទាំង​ប្រជាជន និង ទាំង​ធុរជន ដើម្បី​ជំរុញ​សម្ទុះ​កំណើនសេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់ សុខុមាលភាព​សង្គម តាម​គន្លង​ប្រក្រតី​ថ្មី​- ដោយ​ផ្តោតលើ អាទិភាព ៥ ធំៗ ក្នុងនោះ​រួមមាន​៖

(១). ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​,

(២). ការកសាង​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​ប្រព័ន្ធ​ឌីជីថល​,

(៣). ការកសាង​ពលរដ្ឋ ឌីជីថល​,

(៤). ការកសាង​រដ្ឋាភិបាល​ឌីជីថល និង​

(៥). ការជំរុញ​ធុរកិច្ច​ឌីជីថល ។​

​ជា​លទ្ធផល អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​អន្តរក្រសួង ដែល​បាន​បំពេញការងារ ប្រកបដោយ​កិច្ចសហការ និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការរៀបចំ​ចងក្រង​សេចក្តីព្រាង​ក្របខណ្ឌ គោលនយោបាយ​នេះ​ឡើង ។ ជាមួយគ្នានេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​អង្គប្រជុំ បាន​ណែនាំ​ដល់​ក្រុមការងារ​ធ្វើ ការកែសម្រួល​ឯកសារ​នេះ​តាម​ស្មារតី និង​មតិយោបល់​របស់​អង្គប្រជុំ ដើម្បី​នីតិវិធី​អនុម័ត​ឯកសារ​នេះ​ក្នុង ពេល​ឆាប់ៗ​ខាងមុខ ៕​

អត្ថបទដែលជាប់ទាក់ទង