ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាស​ចូលកាន់​តំណែង ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ព្រះសីហនុ​

37

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ គណៈប្រតិភូ​ក្រសួងផែនការ អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ក្នុង​ខេត្ត​ព្រះសីហនុ ។

​តាម​ប្រកា​សលេខ ០៤៣៦ ផ​ក​.​ប្រ​.​ក របស់​ក្រសួង​ផែន ការ​ស្ដីពី​ការតែងតាំង​មន្ត្រីរាជការ សម្រេច​តែងតាំង​លោក តោ មុនី​សាក់ ជា​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ព្រះសីហនុ​នៃ​ក្រសួងផែនការ ជំនួស​លោក ហុង ម៉េង​ហួរ ដែល​បានទទួល​ភារកិច្ច​ថ្មី ។

​លោក តោ មុនី​សាក់ ប្រធាន​មន្ទីរ​ផែនការ បានធ្វើការ​បេ្ត​ជ្ញា​ចិត្ត​ដូចជា ÷
-​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ប្រកាន់ខ្ជាប់​នូវ​ស្មារតី​មនសិការ​ទទួលខុសត្រូវ​សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​តាម​បន្ទាត់នយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​។
-​ខិតខំ​ពង្រឹងសមត្ថភាព​ដកស្រង់​នូវ​បទពិសោធន៍​ល្អ​ពី​រៀមច្បង សិក្សា​ស្រាវជ្រាវ​លើ​លិខិតបទដ្ឋាន​គតិយុត្ត គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង និង​ខេត្ត​ផ្សារភ្ជាប់​ជាមួយ​ចំណេះដឹង​ផ្នែក​ទ្រឹស្ដី​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ក្នុងការ​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​។
-​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ធានា​នូវ​ការអនុវត្ត​ភារកិច្ច​ប្រកាន់​ឥរិយាបថ​ជា​មន្ត្រីរាជការ​បំរើសេវា​សាធារណៈ ប្រកាន់​ភ្ជាប់​គុណសម្បត្តិ និង​ឥរិយាបថ​លើ​លក្ខណៈសម្បត្តិ​ស្នូល​ទាំង​បួន ១.​ឆន្ទៈ​ម្ចាស់ការ គឺ​ការខិតខំ​កាត់​បំពេញការងារ​ដែល​ត្រូវធ្វើ​ឱ្យអស់​លទ្ធភាព ២.​ភក្តីភាព​ចំពោះ​ប្រជាពលរដ្ឋ និង​ស្ថាប័នរដ្ឋ ៣.​មាន​សិ​កា​វិជ្ជាជីវៈ​សមត្ថភាព​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​គណនេយ្យភាព ៤.​វប្បធម៌ សេវាសាធារណៈ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​រប​ស់​ប្រជាពលរដ្ឋ​។​
-​ខិតខំ​រក្សា​ប្រពៃណី​សាមគ្គីភាព​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ផែនការ​ល្អប្រសើរ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សាមគ្គីភាព​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មាន ប្រសាសន៍​អបអរ​សារ​ទរ​ប្រធាន​មន្ទីរ​ផែនការ​ថ្មី ដែល​ថ្នាក់ ដឹកនាំ​ក្រសួង​បានផ្ដល់​សេចក្តីទុកចិត្ត​តែងតាំង​ជា​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត ដើម្បី​បន្ត​និរន្ត​ភាព​ដឹកនាំ​មន្ត្រី​ផែនការ​ខេត្ត​ឱ្យទទួល​បាន​ជោគជ័យ​សម្រេច​សមិទ្ធផល​ថ្មី​បន្ថែមទៀត ស្របតាម​គោលការណ៍​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត ជាពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ “​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​” និង​បាវច្ចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ​” ដោយ​ស្មារតី​ឯករាជ្យ ។

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បានផ្ដល់​អនុសាសន៍​មួយចំនួន​ដូចជា ១.​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​ជំរឿន ជា​ទិន្នន័យ​មានគុណ​ភាពល្អ​ជឿទុកចិត្ត​បានឱ្យ​បាន​ទូលំទូលាយ​ក្នុងការ​រៀបចំ​គោលនយោបាយ ការសម្រេច​នានា​ដើម្បី​គាំទ្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការវាស់វែង​ការអនុវត្ត​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ និង​កម្មវិធី​ផ្សេងៗ​ទៀត​។ ២.​ត្រូវខិតខំ​យកចិត្តទុកដាក់​វិភាគ​ទិន្នន័យ​ជំរឿន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​សម្បូរបែប​ធានា​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ប្រើប្រាស់​ទិន្នន័យ​គ្រប់​ប្រភេទ​ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​តម្រូវការ និង​ញែក​ទិន្នន័យ​សម្រាប់​រដ្ឋបាល​ក្រុង​ស្រុក ឃុំ សង្កាត់​តាម​ដែល​អាច​ធ្វើបាន​។ ៣.​ត្រូវខិតខំ​បន្ត​ប្រមែប្រមូល​ធនធាន​ពី​ដៃគូរ​អភិវឌ្ឍន៍​សម្រាប់ធ្វើ​ជំរឿន​ឱ្យបាន​ក្នុងពេល​ខាងមុខ មាន​ជំរឿន​សេដ្ឋកិច្ច ជំរឿន​កសិកម្ម​ដែល​សុទ្ធសឹង​ជា​អត្ថប្រយោជន៍​សម្រាប់​ការអភិវឌ្ឍន៍​។ ៤.​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បណ្ដុះបណ្ដាល​កសាង​សមត្ថភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ពីព្រោះ​ការងារ​ស្ថិតិ​ជាការ​ងារ​លំបាក​ស្មុគស្មាញ​ពាក់ព័ន្ធ និង​គ្រប់​វិស័យ​ទាមទារ​ការបណ្ដុះបណ្ដាល និង​បទពិសោធន៍​អនុវត្ត​ជាក់ស្តែង​ក្នុង​ការធ្វើជំរឿន​អង្កេត​ដែលជា​ការបណ្ដុះបណ្ដាល​ក្នុង​ការងារ ។ ការផ្សព្វផ្សាយ​ទិន្នន័យ​ជំរឿន​ឱ្យបាន​ទូលំទូលាយ​ដល់​អ្នកប្រើប្រាស់​ទិន្នន័យ​ទាំងឡាយ​ទាំង​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ក៏​ជា​ភារកិច្ច​សំខាន់​ដើម្បី​បង្កើន​ការយល់ដឹង​ពី​សារៈសំខាន់​ស្ថិតិ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍ ក៏ដូចជា​ការចេះ​ប្រើប្រាស់​ស្ថិតិ​ឱ្យបាន​ត្រឹមត្រូវ ។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋ មន្ត្រី​ក្រសួងផែនការ ធ្វើការ​ផ្តាំផ្ញើ​ប្រធាន​មន្ទីរ​ផែនការ​ត្រូវបាន​ប្រកាស​តែងតាំង​នាពេលនេះ ត្រូវ​បន្ត​ខិតខំ​បំពេញការងារ​ឱ្យបាន​ល្អប្រសើរ​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ក្នុង​មន្ទីរ ក៏ដូចជា​បណ្ដា​អង្គភាព​ដែល​ស្ថិតនៅក្រោម​ឱវាទ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ឱ្យបាន​ទូលំទូលាយ និង​ទទួលបាន​ជោគជ័យ​រាល់​ភារកិច្ច និង​កាតព្វកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​ជាពិសេស​លើ​វិស័យ​ផែនការ​និង​ស្ថិតិ ។​

អត្ថបទដែលជាប់ទាក់ទង