ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៩៨​នាក់​ចូលរួម​ប្រកួត​ហែល​ទឹក ជើងឯក​ព្រឹទ្ធាចារ្យ​ហែម ថុ​ន ដើម្បី​រម្លឹក​គុ​ណូ​ប​សក្ការៈ និង​ស្នាដៃ​របស់គាត់​

84

​ភ្នំពេញ​៖​ការប្រកួត​កីឡាហែលទឹក​ដណ្ដើមពាន​រង្វាន់​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​នា​ថ្ងៃទី​១៩​កុម្ភៈ​ស្អែក​នេះ​មាន​កីឡាករ កីឡាការិនី​ចូល​​រួម​ចំនួន​៩៨​នាក់​ក្នុងនោះ​មាន​៦៣​នាក់​ជា​កីឡាករ ។​
ពួកគេ​មកពី​បណ្ដា​ក្លិប សមាគម​ចំនួន​៩​ដែល​ក្នុងនោះ​មាន​ក្លិប​ក្រសួង​សាធារណ​ការណ៍ ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ក្លិប​​ក្រសួងពត៌មាន ក្លិប​នាគរាជ​ខេត្តកំពង់ចាម ក្លិប​ហែល​ទឹក​វ៉ា​យ​វ៉​ល ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន ក្លិប​OASIS Swim Academy ក្លិប​សាលា​អន្តរជាតិ​ISPP និង ក្លិប​សាលា​អន្តរជាតិ DECART FRANCE
​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ហែល​ទឹក​ជ្រើសរើស​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម ថុ​ន ជា​គំនិត​ផ្តួចផ្តើម​របស់​ស៊ុន ចាន់ថុល ទេ ស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណ​ការណ៍ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ធ្វើឡើង​ដើម្បី​រម្លឹក​គុ​ណូ​ប​សក្ការៈ និង​ស្នាដៃ​របស់លោក​និង​បំផុស​ឲ្យ​កីឡាករ កីឡាការិនី យុវជន​​ខ្មែរ និង​បរទេស​ចូលរួម ព្រមទាំង​អាណាព្យាបាល​ពួកគេ​ចូលរួម​គាំទ្រ​កូនៗ​នៅពេល​ប្រកួត​។
​លោក​បាន​បន្តថា​ការបើកចំហរ​ដល់​យុវជន​បរទេស​ចូលរួម​នៅ​ឆ្នាំនេះ​យើង​នឹងមាន​កីឡាករ​កីឡាការិនី​ចូលរួម​ច្រើន​ផង​និង​មានការ​ប្រកួត​ខ្លាំង​ផ្នែក​បច្ចេកទេស​រវាង​កីឡាករ​តាម​ក្លិប​ធំៗ​ក្លិប​ឯកជន​និង​សាលារៀន​អន្តរជាតិ​ហើយ​ការធ្វើការ​បែបនេះ​មិនមែនជា​ទង្វើ​ដែល​ធ្វើតាម​ការនឹកឃើញ​នោះឡើយ​គឺ​ប្រទេសជិតខាង​យើង​ក៏ដូចជា​បណ្ដា​ប្រទេស​អាស៊ាន​និង​ពិភពលោក​ក៏​ការប្រកួត​យុវជន​តាម​កម្រិត​អាយុ​នេះ​គេ​អនុញ្ញាត​ឲ្យ​យុវជន​ប្រទេស​ដទៃ​ចូលរួម​ដែរ​។
​ការធ្វើ​ដូច្នេះ​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា​ឲ្យ​មាន​កម្រិត​ខ្ពស់ នៅពេល​មាន​អត្ត​ព​លិ​កប​រទេស និង​អ្នកដទៃ​ចូលរួម​នឹងមាន​សកម្មភាព​ប្រកួតប្រជែង​ខ្លាំង​ដូចជា​អត្ត​ព​លិ​ក​បរទេស​មាន​កម្រិត​ខ្ពស់​អាច​ទាញ​ឲ្យ​អត្ត​ព​លិ​ក​យើង​មានការ​ប្រឹងប្រែង​កាន់តែខ្លាំង​ឡើយ​។​
​លោក​អគ្គលេខាធិការ​បន្ថែម​ទៀតថា​ចំពោះ​ចំណាត់ថ្នាក់​កីឡាករ​កីឡាការិនី​កម្ពុជា​យើង​ទទួលបាន​ដដែល​ដោយឡែក​អត្ត​ព​លិ​ក​បរទេស​មិន​ទទួលបាន​ចំណាត់ថ្នាក់​ទេ ប៉ុន្តែ​សហព័ន្ធ​នឹង​ប្រគល់​លិខិតបញ្ជាក់​ពី​ការប្រកួត ។​ហើយ​ការធ្វើ​បែបនេះ​ដូចជា​សហរដ្ឋអាមេរិក ជប៉ុន និង​ថៃ​ជាពិសេស​ប្រទេស​ដែល​វិស័យ​កីឡាហែលទឹក​ខ្លាំង​ក៏​ធ្វើ​ដូចនេះ​ដែរ ។​
​ការធ្វើ​បែបនេះ​គឺ​ដើម្បី​លើក​កម្រិត​សមត្ថភាព​កីឡាហែលទឹក​ឲ្យ​មាន​កម្រិត​ថ្នាក់ជាតិ​ឲ្យ​កាន់តែ​ខ្ពស់​ស្មើ​កម្រិត​អន្តរជាតិ​។​នេះ​ជា​ជំហាន​ទី​១​ដែល​សហព័ន្ធ​កំពុង​កែទម្រង់​ការងារ​សមត្ថ​ភាព​របស់​អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា​។​គិត​មកដល់ពេលនេះ​យើង​មាន​កីឡាករ​យុវជន​បរទេស​មួយចំនួន​បាន​ចុះឈ្មោះ​ចូលរួម​ហើយដោយ​ឲ្យ​ពួកគាត់​ប្រកួត​តាម​កម្រិត​អាយុ​សព្វថ្ងៃនេះ​យើង​កំពុង​បំផុស​តាម​ក្លិប​ឯកជន​និង​សាលារៀន​អន្តរជាតិ​ចូលរួម សម្រាប់​ការប្រកួត​ឆ្នាំនេះ​ក៏មាន​ក្លិប​ឯកជន និង​សាលារៀន​អន្តរជាតិ​ចូលរួម​ដែរ​។
​លោក​ហែម​គី​រី​អះអាងថា​សកម្មភាព​បែប​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ជាពិសេស​អាណាព្យាបាល​ព្រោះ​យើង​ចង់​ឲ្យ​អាណាព្យាបាល​យល់ឃើញថា ការប្រកួត​កីឡាហែលទឹក និង​ការហាត់​ហែល​ទឹក​មាន​សារសំខាន់ សម្រាប់​កូន​របស់​ពួកគាត់ និង​ការតាំង​ចិត្ត​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​។ ការប្រកួត​ជា​ផ្លូវការ​ចាប់ផ្ដើម​នា​ថ្ងៃទី​១៩ និង​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នៅ​អាង​ហែក​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
​ការប្រកួត​ចែកចេញជា​៣​ប្រភេទ​គឺ​ប្រភេទ​អាយុ​សម្រាប់​កុមារា​ចាប់ពី​អាយុ​១០​ដល់​១១​ឆ្នាំ​ប្រភេទ​ទី​២​សម្រាប់​កុមារា​កុមារី​អាយុ​ចាប់ពី​១២​ទៅ​១៣​ឆ្នាំ​និង​ប្រភេទ​ទី​៣​សម្រាប់​វ័យ​យុវជន​យុវនារី​ដែលមាន​អាយុ​ចាប់ពី​១៤​ដល់​១៦​ឆ្នាំ​។​ចំណែក​កុមារា​កុមារី​អាយុ​ពី​១០​ដល់​១១​ឆ្នាំ​វិញ្ញាសា​ប្រកួត​មាន​ហែល​របៀប​សេរី​ចម្ងាយ​៥០​ម៉ែត្រ​ហែល​របៀប​កង្កែប​ចម្ងាយ​៥០​ម៉ែត្រ​ហែល​របៀប​ផ្ងារ​ចមងាយ​៥០​ម៉ែត្រ​និង​វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ​និង​វិញ្ញាសា​សម្រាប់​ប្រភេទ​អាយុ​ចាប់ពី​១២​ទៅ​១៣​ឆ្នាំ​ដែលមាន​ចំនួន​៤​និង​វិញ្ញាសា​នោះ​គឺ​ហែល​របៀប​ផ្ងារ​ចម្ងាយ​៥០​ម៉ែត្រ​។
​ចំពោះ​វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ​ហែល​របៀប​សេរី​ចម្ងាយ​១០០​ម៉ែត្រ​និង​វិញ្ញាសា​ហែល​របៀប​កង្កែប​ចម្ងាយ​១០០​ម៉ែត្រ​វិញ្ញាសា​សម្រាប់​យុវជន​យុវនារី​ដែលមាន​ចំនួន​៤​វិញ្ញាសា​ដែរនោះ​គឺ​ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ​ហែល​របៀប​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ ហែល​របៀប​សេរី​ចម្ងាយ​២០០​ម៉ែត្រ និង ហែល​របៀប​កង្កែប​ចម្ងាយ​២០០​ម៉ែត្រ ៕​

អត្ថបទដែលជាប់ទាក់ទង