ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តតូច ធំជាង១០០គ្រឿង ដែលបើកបរតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបានចាប់មកអប់រំ និងពិន័យគិតត្រឹមពាក់កណ្តាលខែកុម្ភៈនេះ

70

ព្រះវិហារ៖ រថយន្តតូចធំគ្រប់ប្រភេទចំនួន១១២គ្រឿង ដែលបានធ្វើចរាចរណ៍នៅតាមដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបានក្រុមការងារគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្ត ចាប់មកអប់រំណែនាំ និងមួយចំនួនទៀតត្រូវអនុវត្តន៍ទៅតាមច្បាប់ដោយមិនលើកលែងឡើយ។

   ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានអោយដឹងថា គិតត្រឹមរយៈពេលកន្លះខែ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្តព្រះវិហារ បានចាប់ឃាត់រថយន្តតូចធំ គ្រប់ប្រភេទ ដែលបើកបរតាមដងផ្លូវនានា ក្នុងភូមិសាស្ត្រខេត្តបានចំនួន១១២គ្រឿង។

   លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងចំណោមរថយន្តតូចធំទាំង ១១២គ្រឿង ដែលក្រុមការងារបានចាប់ឃាត់នោះ ភាគច្រើនរថយន្តទាំងនោះដឹកសំពីងសំពោង រថយន្តតរានខាងក្រោយ រថយន្តកែឆ្នៃខុស លក្ខណៈបច្ចេកទេសជាដើម ហើយរថយន្តទាំងនោះមួយចំនួនតូច ក្រុមការងារបានអប់រំណែនាំក្រៅពីនោះ គឺអនុវត្តន៍ទៅតាមច្បាប់ធ្វើការផាកពិន័យតែម្តង។

   លោក សំ លាងទ្រី បានឲ្យដឹងទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធាន អនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ តែងធ្វើសកម្មភាពចុះត្រួតពិនិត្យនៅតាមដងផ្លូវជាប់ជាប្រចាំ ក្នុងទិសដៅសំខាន់គឺការពារ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលបង្កឡើងដោយការដឹកសំពីងសំពោង ការដឹកលើសទម្ងន់និងការកែឆ្នៃយានយន្តខុសលក្ខណះបច្ចេកទេសជាដើម។

   លោកប្រធានមន្ទីរ ក៏បានអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ត្រូវចូលរួមគោរពច្បាប់ ដោយឈប់ដឹកសំពីងសំពោងឈប់ដឹកលើសទម្ងន់ និងឈប់កែឆ្នៃយានយន្តខុសលក្ខណៈបច្ចេកទេសទៀត ត្រូវបើកបរដោយការគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ បើកបរវ៉ាជែងដោយភាពប្រថុយប្រថាន បើកបរដោយផឹកគ្រឿងស្រវឹង និងការបើកបរដោយមិនពាក់ខ្សែក្រវ៉ាត់ជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង