ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហុក​គី​ប្រើ​លុយ​ខ្លួនឯង ដើម្បី​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើកដំបូង​

76

ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ខ្លួនឯង​ដោយ​រក​ថវិកា​ខ្លួនឯង​ដើម្បី​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ជា​លើក​​ដំបូង​ដែលជា​ជើងឯក​ឆ្នាំ​២០២០ ។​
​តាម​ការគ្រោងទុក​ការប្រកួត​នឹងធ្វើ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​
លោក​កាំ​ង សុធា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​បាន​អះអាងថា​ថា​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​ទើបតែ​បានរៀបចំ​​ជា​លើកដំបូង​ទេ ទោះបីជា​ប្រភេទ​កីឡា​ហុក​គី​នេះ​ធ្លាប់​បានរៀបចំ​ការប្រកួត​ក្នុងស្រុក និង​ធ្លាប់បាន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នានា នាពេល​កន្លងមក​ក្តី​ហើយ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើក​ទី​១​នេះ​សហព័ន្ធ​ប្រើប្រាស់​ថវិកា​ខ្លួនឯង​ផ្ទាល់​ព្រោះ​សហព័ន្ធ​មិន​ធ្លាប់​ទទួលបាន​​កញ្ចប់​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន និង កីឡា​ដូច​សហព័ន្ធ​នានា​នោះទេ​។​
ការប្រកួត​នេះ​មាន​៥​ក្រុម​ចូលរួម​ដែល​មកពី​៣​រាជធានី​-​ខេត្ត ដោយ​៣​ក្លិប​ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​២​ក្លិប​ទៀត​មកពី​ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម​។​សហព័ន្ធ​ជំនាញ​មួយ​នេះ​មិនបាន​រៀបចំ​វិញ្ញាសា​ច្រើន​ឲ្យ​បាន​ទូលំទូលាយ​ពេក​ទេ​ដោយសារតែ​លទ្ធភាព​របស់ខ្លួន​នៅមានកម្រិត ដោយ​រៀបចំ​តែ​លើ​វិញ្ញាសា​ហុក​គី​ក្នុង​សាល​បុរស ៥​នាក់​ទល់​៥​នាក់ ហើយ​ក្រុម​ទាំង​៥​នឹងត្រូវ​ប្រកួត​លក្ខណៈ​វិលជុំ​។​
​លោក​សុធា​បន្ថែមថា ទោះ​យ៉ាងនេះ​ក្តី នៅ​ឆ្នាំក្រោយៗ សហព័ន្ធ​នឹង​ខិតខំ​រៀបចំ​ឲ្យ​បាន​ច្រើន​វិញ្ញាសា​ទាំង​បុរស​-​នារី ប្រភេទ​អាយុ និង​បង្កើន​ក្រុម​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើនជាង​នេះ​ប្រ​ជែ​កាលណា​ការប្រកួត​កាន់តែច្រើន​នោះ​សិទ្ធ​ផល​កីឡាករ​កីឡាការិនី​កាន់តែ​ល្អប្រសើរ​ទៅតាម​នោះដែរ​។​
​ជាមួយគ្នានេះដែរ​សហព័ន្ធ​បានដាក់​ចេញ​នូវ​គោលការណ៍​រៀបចំ​ការប្រកួត​ជើងឯក​ការប្រកួត​ពានរង្វាន់​ផ្សេងៗ​ទៀត​នាពេល​ខាង​​មុខ​ដើម្បី​បង្កើតបាន​នូវ​ធនធាន​បន្ថែម​និង​ពង្រឹងគុណភាព​កាន់តែ​ប្រសើរ​ដែល​តាមរយៈ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ដែលជា​ការប្រកួតប្រជែង​ក្នុង​កម្រិត​ជំនាញ​ខ្ពស់​ជាងគេ​នឹង​អាច​ស្វែងរក​ធនធាន​ប្រកបដោយ​សមត្ថភាព​ផងដែរ ដើម្បី​ជ្រើសរើស​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ​។
ជាមួយគ្នា​នោះ​តាមរយៈ​ការប្រកួត​នេះ​ក៏​ជាការ​បង្កើន​សិទ្ធ​ផល​របស់​កីឡាករ​កីឡាការិនី​រប​ស់​ខ្លួន​ត្រៀម​ឆ្ពោះទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា នាពេលខាងមុខ ជាពិសេស​គឺ​ការត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​
​ឯកឧត្តម​វ៉ា​ត់ ចំរើន​ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​បាន​ឲ្យ​ដឹងថា​ការប្រកួត​កីឡា​ហុក​គី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​នេះ​ត្រូវបាន​ធ្វើឡើង​ស្របតាម​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២០​របស់​សហព័ន្ធ​ដោយ​ការទទួល​ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រ​ជែង​មេដាយ​របស់​ក្លិប​សមាគម​ក្រសួង​ស្ថាប័ន​រាជធានី​ខេត្ត​នៅតែ​បន្ត​ទទួល​រហូតដល់​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១​នៅ​ទីស្នាក់ការ​សហព័ន្ធ​នៃ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​ចំពោះ​ការចំណាយ​លើ​ការ​ស្នាក់នៅ​ហូបចុក​និង​ការធ្វើដំណើរ​ជា​បន្ទុក​របស់​សា​ម៉ី​ក្លិប​-​សមាគម ៕​

អត្ថបទដែលជាប់ទាក់ទង