ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ស្នើ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ឥណ្ឌា ចំនួន​៥​លាន​ដូ​ស​

24

 

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​ប្រាប់ លោក ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ថា កម្ពុជា​ត្រូវ​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៥​លាន​ដូ​ស ដោយ​ស្នើ​សុំឱ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់​វ៉ាកសាំង​នេះ​ក្នុងដំណាក់កាល​ដំបូង​ចំនួន​១​លាន​ដូ​ស​។​

​ការបញ្ជាក់​អំពី​ផែន​ការទិញ​វ៉ាក់សាំង​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​ទ្វេភាគី​តាម​ទូរស័ព្ទ រវាង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ទាំងពីរ នៅ​ម៉ោង​៥៖០០​នាទី​ល្ងាច ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ ដើម្បី​ពិភាក្សា​អំពី​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស ដែល​បណ្តាញ​ព័ត៌មានទទួលបាន​។​

​សេចក្តីប្រកាស​អំពី​លទ្ធផល នៃ​កិច្ចសន្ទនា​ខាងលើ​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​សម​ភាគី​ឥណ្ឌា​ថា កម្ពុជា​ត្រូវ​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស ដោយ​ស្នើ​សុំឱ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់​វ៉ាកសាំង​នេះ​ក្នុងដំណាក់កាល​ដំបូង​ចំនួន​១​លាន​ដូ​ស​។ ក្នុងឱកាស​នោះ ឯកឧត្តម ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ឥណ្ឌា ដោយសារ​កម្ពុជា និង​ឥណ្ឌា​មាន​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ម្យ៉ាងទៀត​ដោយសារ​ប្រជាជន​កម្ពុជា​ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​របស់​ឥណ្ឌា ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​»​។​

​នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ឥណ្ឌា ដែល​បាន​អភិវឌ្ឍ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​ប្រភេទ ប្រកបដោយ​ជោគជ័យ និង​បាន​ថ្លែង​កោតសរសើរ​កាយវិការ​មនុស្សធម៌​ជា​អន្តជាតិ​របស់​ឥណ្ឌា ចំពោះ​ការបរិច្ចាគ និង​លក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាប់លាន​ដូ​ស​ដល់​ប្រទេស​ជាច្រើន​។ លោក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ឥណ្ឌា ដែល​បានអនុម័ត​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១​សែន​ដូ​ស​ដល់​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ផ្អែកលើ​កិច្ចសន្យា​ពាណិជ្ជកម្ម ទោះបីជា​មានការ​ប្រកួត​ប្រជែង និង​សំណើ​ជាច្រើន​ពី​ប្រទេស​ដៃគូ និង​តម្រូវការ​ក្នុងស្រុក​ក៏ដោយ​។​

​ជាការ​ឆ្លើយតប លោក ចៃ​ហ្សា​ន​កា បាន​បញ្ជាក់ថា ប​ច្ច​ប្បន្ន​នេះ ប្រទេស​ឥណ្ឌា​មាន​តម្រូវការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ខ្ពស់ ទាំង​តម្រូវការ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ លោក​បានបញ្ជាក់​ច្បាស់​ថា ដោយសារ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​សំណើ​ទៅ នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី ហើយ​ប្រទេស​ឥណ្ឌា​ចាត់ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ឥស្សរជន​ដ៏​សំខាន់ និង​ជា​ថ្នាក់ដឹកនាំ​ដ៏​គួរឱ្យ​គោរព​។ លោក​នឹង​រាយការណ៍​សំណើសុំ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស​នេះ ជូន​នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ព្រមទាំង​បាន​សន្យាថា នឹង​ខិតខំ​ជួយ​កម្ពុជា​ឲ្យ​ទទួលបាន​វ៉ាក់សាំង​។​

​ឥណ្ឌា​បាន​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន​២​ប្រភេទ ដែល​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​រួចហើយ​ដែរ ក្នុងនោះ​មាន​ទី​១ គឺ​វ៉ាក់សាំង​ឈ្មោះ Covaxin របស់​មន្ទីរពិសោធន៍​ឥណ្ឌា BharatBiotech និង​ទី​២ គឺ​វ៉ាក់សាំង​ឈ្មោះ Covishield ដែលមាន​ការរួម​សហកា​រ​ពី​មន្ទីរពិសោធន៍​អង់គ្លេស AstraZeneca​។ វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ ផលិត​ដោយ​វិទ្យាស្ថាន Serum​ឥណ្ឌា ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំជាងគេ​ក្នុង​លោក​៕​

អត្ថបទដែលជាប់ទាក់ទង